ស្រុកឆាវជា ខេត្តយូណាន កើតមានគ្រោះរញ្ជួយដីកម្រិត ៥,១ រិចទ័រ ហើយបានរៀបចំទីលំនៅសមរម្យសម្រាប់ប្រជាពលរដ្ឋចំនួន ២៩៧ នាក់
នៅថ្ងៃទី ១៩ ខែមករា វេលាម៉ោង ១៩:៣២ស្រុកឆាវជា ទីក្រុងចាវទុង ខេត្តយូណាន កើតមានគ្រោះរញ្ជួយដីកម្រិត ៥,១ រិចទ័រ និងមានជម្រៅ ១០ គីឡូម៉ែត្រ។ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីកម្រិត ៥,១ រិចទ័រ នៅស្រុកឆាវជា ការងារត្រួតពិនិត្យគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់នានាត្រូវបានអនុវត្តយ៉ាងមានរបៀបរៀបរយ។ គិតត្រឹមម៉ោង ១១:០០ ថ្ងៃទី ២០ ខែមករាមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬអ្នករងរបួសឡើយ ហើយប្រជាពលរដ្ឋចំនួន ២៩៧ នាក់ត្រូវបានរៀបចំទីលំនៅយ៉ាងសមរម្យ។

ខេត្តយូណានបានចាត់ចែងជាបន្ទាន់នូវមូលនិធិសង្គ្រោះគ្រោះមហន្តរាយថ្នាក់ខេត្តចំនួន ៥ លានយាន់ដើម្បីគាំទ្រទីក្រុងចាវទុងក្នុងការអនុវត្តការងារជួយសង្គ្រោះរញ្ជួយដី ធានាការការពារសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ។ តម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋដូចជា ការទទួលទានអាហារ ទឹកបរិភោគ គ្រឿងរក្សាកម្តៅ និងទីជម្រកត្រូវបានធានាយ៉ាងមានប្រសិទ្ធភាព។ អាជ្ញាធរមូលដ្ឋានបានដាក់ពង្រាយក្រុមការងារជាច្រើន ដើម្បីអនុវត្តការងារដូចជា ការបោសសម្អាតផ្លូវ ការផ្គត់ផ្គង់ទឹក ការធានាផ្នែកទូរគមនាគមន៍ និងការផ្គត់ផ្គង់អគ្គិសនីជាដើម។ ទន្ទឹមនឹងនេះ បានរៀបចំក្រុមសង្គ្រោះបន្ទាន់ចំនួន ៥៩២២ នាក់ និងស្តុកទុកសម្ភារៈនានាសរុបជាង ៥៨៥០០ដូចជា តង់ កន្សែងក្រាស់ និងភួយកប្បាសជាដើម ព្រមទាំងរៀបចំ ឡានអេស្ការ៉ាទ័រ និងសាស័រ ជាង ៨០០ គ្រឿង ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះយ៉ាងពេញលេញ៕
អ្នកបកប្រែ៖លីហ្សា Li Zha