កិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-យូណាន បង្ហាញអនាគតដ៏ភ្លឺស្វាង
កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញផ្សាយលិខិតផ្លូវការមួយដែលបញ្ជាក់ថានឹងសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិនក្នុងអំឡុងថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦។ ក្នុងរយៈពេលសាកល្បង ៤ ខែនេះ ប្រជាពលរដ្ឋចិនមិនចាំបាច់ស្នើសុំទិដ្ឋាការ ឬបង់ថ្លៃសេវាណាមួយសម្រាប់ចូលប្រទេសកម្ពុជាទេ ដោយគ្រាន់តែត្រូវបំពេញតារាងចូលព្រំដែនអេឡិចត្រូនិក ហើយក៏អាចចូលស្នាក់នៅកម្ពុជារយៈពេល ១៤ ថ្ងៃសម្រាប់រាល់ពេលចូលព្រំដែន និងអាចចូលព្រំដែនកម្ពុជាជាច្រើនដង។
ឆ្នាំ ២០២៥ ជា "ឆ្នាំទេសចរណ៍ ចិន-កម្ពុជា"។ ភាគីទាំងពីរខិតខំពង្រឹងកិច្ចសហប្រតិបត្តិការបែបច្នៃប្រឌិត និងបង្កើនការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកអំពីអរិយធម៌ ដោយផ្តល់អាទិភាពដស់វិស័យទេសចរណ៍។ តាមស្ថិតិពីក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ កម្ពុជាបានទទួលភ្ញៀវទេសចរចិនប្រមាណ ១ លាននាក់។

ក្នុងនាមជាខេត្តរបស់ប្រទេសចិនដែលស្ថិតនៅជិតនឹងកម្ពុជាបំផុតតាមដីគោក ខេត្តយូណានបាន និងកំពុងបង្ហាញសមិទ្ធផលថ្មី លក្ខណៈថ្មី និងកាលានុវត្តភាពថ្មីក្នុងការធ្វើកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយប្រទេសកម្ពុជា ដោយផ្អែកលើឧត្តមភាពរបស់ខ្លួនទាំងលើវិស័យទីតាំងភូមិសាស្ត្រ និងភាពស្រដៀងគ្នាខាងវប្បធម៌។ ចាប់តាំងពីសកម្មភាពទីតាំងសំឡេងបេតិកភណ្ឌ "ដើរលេងនៅខេត្តយូណាន ទៅទស្សនានៅអង្គរ" រហូតដល់ការផ្សព្វផ្សាយអន្តរជាតិពី "ផែនការទេសចរណ៍បេតិកភណ្ឌពិភពលោក" ចាប់តាំងពីការបើកសម្ពោធច្រករបៀងវប្បធម៌ ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រហូតដល់ការរៀបចំដោយជោគជ័យនូវរាត្រីសមោសរអបអរសាទរបុណ្យសែនព្រះខែ ចិន-កម្ពុជា ឆ្នាំ ២០២៥ ចាប់តាំងពីការច្នៃប្រឌិតផលិតផលទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែន រហូតដល់ការអនុវត្តវិធានការជាក់ស្តែងដូចជា ការបង្កើនជើងហោះហើរ និងការវិនិយោគលើគម្រោងសណ្ឋាគារជាដើម កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្តយូណាន និងប្រទេសកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងទទួលបាននូវសមិទ្ធផលកាន់តែច្រើនទាំងលើវិស័យគោលនយោបាយ បេតិកភណ្ឌ និងឧស្សាហកម្មពាក់ព័ន្ធ ដោយបើកជំពូកថ្មីនៃការសម្រេចបាននូវផលប្រយោជន៍រួម និងចាក់បញ្ចូលនូវកម្លាំងចលករផ្នែកវប្បធម៌ និងទេសចរណ៍ទៅក្នុងការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។

ចាប់ពី "កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ" ដល់កិច្ចសហប្រតិបត្តិការគ្រប់រដូវកាល
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា គោលនយោបាយលើកលែងទិដ្ឋាការនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា។ វានឹងលើកកម្ពស់ដោយផ្ទាល់នូវវិស័យទេសចរណ៍ ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ វានឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់របស់ប្រទេសកម្ពុជា។ លោកបណ្ឌិតបានបញ្ជាក់ថា គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទេសចរចិន ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាដោយផ្អែកលើការគិតគូរពិចារណាសំខាន់ៗចំនួន ៣ គឺ ទី១ លើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពីព្រោះប្រទេសចិនជាប្រភពទេសចរដ៏សំខាន់សម្រាប់កម្ពុជា។ ទី២ សម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់វិនិយោគិន និងអ្នកស្រាវជ្រាវទីផ្សាររបស់ប្រទេសចិន។ ទី៣ ពន្លឿនបន្ថែមទៀតនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា នេះមិនត្រឹមតែជាវិធានការសម្របសម្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជម្រើសយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីសម្របខ្លួនយ៉ាងសកម្មជាមួយនឹងការអភិវឌ្ឍក្នុងតំបន់ ដែលនឹងអាចបង្កើតស្ថានភាពឈ្នះ-ឈ្នះសម្រាប់អ្នកទេសចរចិន វិនិយោគិនចិន និងសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ លោកបានបន្ថែមទៀតថា ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគីដូចជា RCEP គោលនយោបាយលើកលែងទិដ្ឋាការក៏នឹងពន្លឿនការអភិវឌ្ឍ "ច្រករបៀងមច្ឆា និងអង្ករ កម្ពុជា-ចិន" និងគម្រោងសហប្រតិបត្តិការផ្សេងៗទៀត ដែលអាចជំរុញឱ្យកម្ពុជាចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់សេដ្ឋកិច្ចក្នុងតំបន់។

កាលពីខែសីហា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តយូណាន។ ឯកឧត្តមមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-យូណាន ពោរពេញដោយសក្តានុពល ភាពរស់រវើក និងក្តីសង្ឃឹម។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៥ នៅក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ យូណាន-កម្ពុជា ដែលបានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ឯកឧត្តម ហួត ហាក់ មានអារម្មណ៍ជិតស្និទ្ធនឹងខេត្តយូណានយ៉ាងខ្លាំង ដោយសារតែឯកឧត្តមបានអញ្ជើញមកដល់ខេត្តយូណានម្តងទៀត។ កាលពីមិនដល់មួយឆ្នាំមុន ឯកឧត្តមបានអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ៧ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអនុតំបន់ទន្លេមេគង្គនៅខេត្តយូណាន។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា នៅខែមេសា ឆ្នាំ ២០២៥ អ្នកដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ដោយប្រកាសឱ្យកំណត់យកឆ្នាំ ២០២៥ ជា "ឆ្នាំទេសចរណ៍ កម្ពុជា-ចិន" ដែលនាំមកនូវកាលានុវត្តភាពថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្លាស់ប្តូរបុគ្គលិក និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា និងចិន។


ឯកឧត្តមបានមានប្រសាសន៍ថា ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់កម្ពុជាមិនអាចបំបែកចេញពីការគាំទ្ររបស់អ្នកទេសចរចិន និងការចូលរួមពីវិនិយោគិនចិនបានទេ។ កម្ពុជានឹងដាក់ចេញនូវវិធានការពាក់ព័ន្ធជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់បទពិសោធន៍ទេសចរណ៍ និងគុណភាពសេវាកម្ម។ ឯកឧត្តមបានបន្ថែមទៀតថា ប្រទេសចិនគឺជាប្រភពទេសចរអន្តរជាតិសំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។ ក្នុងគោលបំណងកែលម្អគុណភាពសេវាកម្មបន្ថែមទៀត កម្ពុជាកំពុងពន្លឿនការកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងមានគម្រោងដាក់ឱ្យដំណើរការនូវសេវាកម្មពិសេសតាមតម្រូវការរបស់ភ្ញៀវទេសចរចិន។ ទន្ទឹមនឹងនេះដែរ កម្ពុជានឹងបន្ថែម និងកែលម្អស្លាកសញ្ញាភាសាចិននៅតាមអាកាសយានដ្ឋាន ស្ថានីយ៍រថយន្ត និងតំបន់ទេសភាពសំខាន់ផ្សេងៗទៀត ព្រមទាំងផ្តល់សេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរចិន ដើម្បីផ្តល់នូវបទពិសោធន៍ធ្វើដំណើរដូចក្នុងផ្ទះរបស់ខ្លួនសម្រាប់មិត្តចិនគ្រប់រូបដែលមកទស្សនាប្រទេសកម្ពុជា។

លោក គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB)បានបញ្ជាក់ថា ឆ្នាំទេសចរណ៍ កម្ពុជា-ចិន បានបើកជំពូកថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៥ ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា បានកើនឡើងប្រហែល ៥០% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានណែនាំថា សមាគមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសមាគមទេសចរណ៍ខេត្តយូណាន ហើយភាគីទាំងពីរកំពុងរួមគ្នាពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់។ សម្រាប់ខេត្តផ្សេងៗទៀតនៅក្នុងប្រទេសចិន ជាទូទៅ យើងផ្តល់តែសេវាកម្មធ្វើដំណើរតាមផ្លូវអាកាស ប៉ុន្តែសម្រាប់ខេត្តយូណាន យើងបានដាក់ឱ្យដំណើរការនូវសេវាកម្មដំណើរកម្សាន្តបើកបរឆ្លងកាត់ព្រំដែនដោយខ្លួនឯង។ ផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិតទាំងនេះធ្វើឱ្យអ្នកទេសចរអាចបើកបរពីខេត្តយូណានមកកាន់ប្រទេសកម្ពុជា ដើម្បីទទួលយកបទពិសោធន៍យ៉ាងស៊ីជម្រៅអំពីទំនៀមទម្លាប់ ប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងតំបន់នានាតាមផ្លូវធ្វើដំណើរ។

ពី "ការធ្វើដំណើរទៅមក" ដល់ "កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក"
លោក អាន ហ៊ុយ នាយកមជ្ឈមណ្ឌលទេសចរណ៍អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុនទេសចរណ៍អន្តរជាតិ ហ្វឺងឈីង ក្រុងគុនមីង ដែលកំពុងរវល់ក្នុងការសម្របសម្រួលការរៀបចំចុងក្រោយសម្រាប់ក្រុមទេសចរចិនទៅកាន់ប្រទេសកម្ពុជាដែលមានមនុស្សជិត ២០ នាក់។ លោកបាននិយាយថា ចាប់តាំងពីដើមឆ្នាំនេះមក អត្រាពេញចិត្តរបស់ភ្ញៀវទេសចរចិនដែលទៅទស្សនាប្រទេសកម្ពុជាមានកម្រិតខ្ពស់ណាស់។ ការវាយតម្លៃជាវិជ្ជមានទាំងនេះអាចឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវកិច្ចសហប្រតិបត្តិការទេសចរណ៍កាន់តែស៊ីជម្រៅរវាងប្រទេសចិន និងកម្ពុជា។ នៅក្នុងការិយាល័យរបស់លោក ទូរស័ព្ទរោទ៍ឥតឈប់ឈរ ហើយរាល់ដំណាក់កាលរួមទាំងការស្នើសុំទិដ្ឋាការ ការទិញសំបុត្រយន្តហោះ និងការកក់បន្ទប់សណ្ឋាគារជាដើម សុទ្ធតែតម្រូវឱ្យមានការរៀបចំផែនការយ៉ាងល្អិតល្អន់។


នៅខេត្តសៀមរាប ប្រទេសកម្ពុជា លោកស្រី លីន សៀវយ៉ាន អគ្គនាយកក្រុមហ៊ុនទេសចរណ៍ ឆាងយ៉ុង ទើបតែបញ្ចប់ការហៅទូរស័ព្ទជាមួយលោក អាន ហ៊ុយ។ បន្ទាប់ពីនោះ លោកស្រីក៏ចាប់ផ្តើមធ្វើការងារប្រចាំថ្ងៃភ្លាមៗ រួមមានការសម្របសម្រួលមគ្គុទ្ទេសក៍ទេសចរណ៍ ការកក់បន្ទប់សណ្ឋាគារ ការរៀបចំរថយន្ត។ល។ ពីព្រោះក្រុមហ៊ុនរបស់លោកស្រីត្រូវទទួលភ្ញៀវទេសចរចិនជាង ៣០០០ នាក់ជារៀងរាល់ខែ។ លោកស្រីបានបញ្ជាក់ថា ចាប់តាំងពីការបង្កើតក្រុមហ៊ុនក្នុងឆ្នាំ ២០០២ មក យើងបានធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយទទួលបានភ្ញៀវទេសចរជាអតិបរមាជាង ៣ សែននាក់ក្នុងមួយឆ្នាំ និងសម្របសម្រួលមគ្គុទ្ទេសក៍ទេសចរណ៍ជាង ៥០០ នាក់។

ឥឡូវនេះ ផ្លូវទេសចរណ៍ទៅកាន់ប្រទេសចិនដែលត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍដោយលោកស្រី លីន សៀវយ៉ាន និងក្រុមការងាររបស់លោកស្រី បានឈានចូលក្នុងដំណាក់កាលអនុវត្តហើយ។ ជាមួយនឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតរវាងប្រទេសចិន និងកម្ពុជា ព្រមទាំងការជំរុញការអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសចិន ប្រជាជនកម្ពុជាកាន់តែច្រើនកំពុងទន្ទឹងរង់ចាំការធ្វើដំណើរទៅកាន់ប្រទេសចិន។ លោកស្រីបាននិយាយថា យើងសង្ឃឹមថាប្រជាជននៃប្រទេសទាំងពីរអាចសម្រេចបាននូវ "ការធ្វើដំណើរទៅមក" ដើម្បីបង្កើនការស្វែងយល់គ្នាទៅវិញទៅមក។

មិនតែប៉ុណ្ណោះទេ កិច្ចសហប្រតិបត្តិការរវាងសហគ្រាស និងសហគ្រាសក៏កំពុងរីកចម្រើនកាន់តែស៊ីជម្រៅផងដែរ។ លោក លី យាន់ហាវ អ្នកទទួលខុសត្រូវលើកិច្ចការតំបន់យូណាន-ទីបេត៍នៃផ្នែកសហប្រតិបត្តិការជាមួយរដ្ឋាភិបាលរបស់ក្រុមហ៊ុនទេសចរណ៍ ធុងឆឹង បានណែនាំថា ក្រុមហ៊ុនទេសចរណ៍ ធុងឆឹង មានគម្រោងវិនិយោគលើសណ្ឋាគារចំនួន ១០ នៅកម្ពុជាក្នុងដំណាក់កាលដំបូង ហើយឥឡូវនេះមានសណ្ឋាគារចំនួន ៤ បានបើកទ្វារធ្វើអាជីវកម្មរួចហើយ។
ពី "ដើរលេងនៅខេត្តយូណាន ទៅទស្សនានៅអង្គរ" ដល់ការតភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន
នៅខែមិថុនា ឆ្នាំ ២០២៤ លោក លី ស៊ុនឡេងដែលជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនរបស់ប្រទេសកម្ពុជា បានធ្វើដំណើរមកដល់ខេត្តយូណាន ដើម្បីចូលរួមក្នុងសកម្មភាពសំឡេងទីតាំងបេតិកភណ្ឌ "ដើរលេងនៅខេត្តយូណាន ទៅទស្សនានៅអង្គរ" រវាងប្រទេសចិន (ខេត្តយូណាន) និងប្រទេសកម្ពុជា។ មួយឆ្នាំក្រោយមក លោកនៅតែចងចាំយ៉ាងច្បាស់អំពីផ្ការីកស្គុះស្គាយនៅទីក្រុងគុនមីង និងភ្នំព្រិលនៅទីក្រុងលីជាំងដែលមានទេសភាពដ៏ស្អាតអស្ចារ្យ។ លោកបាននិយាយដោយរំជើបរំជួលថា លើកក្រោយ ខ្ញុំនឹងនាំក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំមកដើរលេងខេត្តយូណានម្តងទៀត។

បទពិសោធន៍របស់លោកអាចតំណាងឱ្យទិដ្ឋភាពគំរូនៃការផ្លាស់ប្តូរវប្បធម៌រវាងខេត្តយូណាន និងប្រទេសកម្ពុជា។ ក្នុងនាមជាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនម្នាក់របស់ប្រទេសកម្ពុជា លោកបានឃើញដោយផ្ទាល់ភ្នែកនូវការរីកលូតលាស់នៃក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោក អនហេង សុភ័ក្រ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅកម្ពុជា បានមានប្រសាសន៍ថា យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ដល់អ្នកទេសចរមកពីប្រទេសចិននៅពេលណាៗទាំងអស់។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនជាង ១២០០នាក់។
លោកបានបន្ថែមទៀតថា វិស័យទេសចរណ៍គឺជាស្ពានតភ្ជាប់ប្រជាជន និងវប្បធម៌។ តាមទស្សនៈរបស់លោក គោលនយោបាយលើកលែងទិដ្ឋាការនេះនឹងអាចផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន និងលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតកាន់តែស៊ីជម្រៅ។ នេះមិនត្រឹមតែអាចជួយទីផ្សារទេសចរណ៍ឱ្យងើបឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចលើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរតាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ព្រមទាំងផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ការផ្លាស់ប្ដូរវប្បធម៌ជាទំនាក់ទំនងទ្វេទិស ។ លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានសរសើរខេត្តយូណានដោយមិនដាច់ពីមាត់ថា ខេត្តយូណានមានរចនាបថស្ថាបត្យកម្មពិសេស មានអាកាសធាតុសមលម្ម និងមានទេសភាពដ៏ស្រស់ស្អាត។ ផ្លូវថ្មើរជើងពោរពេញដោយជីវិតដ៏រស់រវើក ហើយខ្ញុំពិតជាចង់នាំក្រុមគ្រួសាររបស់ខ្ញុំមកដើរលេងនៅទីនេះនាពេលក្រោយ។ លោកបានបន្ថែមទៀតថា ការហោះហើរពីភ្នំពេញទៅគុនមីងចំណាយពេលត្រឹមតែ ២ ម៉ោងកន្លះ។ ខ្ញុំសង្ឃឹមថា នាពេលអនាគត កម្ពុជាយើងអាចរក្សាការផ្លាស់ប្ដូរញឹកញាប់ជាមួយមិត្តចិននៅខេត្តយូណាន ដូចជាសាកសួរសុខទុក្ខជាមួយញាតិមិត្តអ៊ីចឹង។
ពីការបំពេញបន្ថែមគ្នាខាងធនធាន ដល់ការរួមជោគវាសនាជាមួយគ្នា
ឯកឧត្តម យុគ សេងពន្លឿ អនុព័ន្ធទេសចរណ៍អមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថា ខេត្តយូណាន និងកម្ពុជាមានទីតាំងភូមិសាស្ត្រនៅជិតគ្នា ហើយមានវប្បធម៌ស្រដៀងគ្នា ដែលអាចបំពេញបន្ថែមគ្នាលើវិស័យធនធានទេសចរណ៍។ លោកបានលើកជាឧទាហរណ៍ថា កម្ពុជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ចំណែកឯយូណានមានភ្នំព្រិលលើខ្ពង់រាប ហើយភាពខុសគ្នាបែបគ្នានេះបង្កើតជាលក្ខខណ្ឌដ៏អំណោយផលសម្រាប់ការផ្លាស់ប្តូរទេសចរណ៍រវាងតំបន់ទាំងពីរ។

ជាមួយនឹងការងើបឡើងវិញ និងការកើនឡើងនៃជើងហោះហើររវាងខេត្តយូណាន និងកម្ពុជា កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងតំបន់ទាំងពីរកំពុងទទួលបាននូវកាលានុវត្តថ្មីៗ។ លោក គឹម មិនា បាននិយាយដោយស្មោះត្រង់ថា ខេត្តយូណានគួរតែបង្កើនទំនាក់ទំនង និងការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនចំនួនជើងហោះហើររវាងកម្ពុជា និងយូណាន សម្រាប់ជំរុញកំណើនចំនួនភ្ញៀវទេសចរដែលធ្វើដំណើរទៅមករវាងតំបន់ទាំងពីរ។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍របស់កម្ពុជាក៏កំពុងរីកចម្រើនជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គររបស់ប្រទេសកម្ពុជា បានទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដោយផ្តល់សេវាកម្មហោះហើរដ៏មានភាពងាយស្រួល និងតភ្ជាប់ប្រទេសកម្ពុជាជាមួយតំបន់នានាលើពិភពលោក ដែលអាចបំពេញយ៉ាងពេញលេញនូវតម្រូវការនៃការធ្វើដំណើររបស់អ្នកទេសចរអន្តរជាតិ។ ឯកឧត្តមបានថ្លែងថា ក្រៅពីប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ កម្ពុជានៅមានប្រាសាទបុរាណជាង ១០០០ កន្លែង ហើយមានបឹងទន្លេសាប កោះសមុទ្រ និងទឹកជ្រោះព្រៃត្រូពិចដែលមានទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងជាជាធនធានទេសចរណ៍ដ៏សម្បូរបែប ជាពិសេស ធនធានទាំងនេះប្រៀបដូចជាត្បូងដ៏ភ្លឺចិញ្ចាចដែលរង់ចាំទេសចរទៅធ្វើការរុករក។


"ស្តាប់ឮមួយរយដង មិនស្មើការមើលឃើញម្តង! សូមស្វាគមន៍មកលេងប្រទេសកម្ពុជា។" ឯកឧត្តម ហួត ហាក់ បានសម្តែងនូវការអញ្ជើញដ៏ស្មោះស្ម័គ្រចំពោះមិត្តចិនឱ្យទៅទស្សនាប្រទេសកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំធានាសុវត្ថិភាពរបស់អ្នកទេសចរនៅកម្ពុជា ហើយសូមឱ្យទេសចរចិនកុំជឿព័ត៌មានមិនពិត។
សម្លឹងមើលទៅអនាគត កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្តយូណាន និងកម្ពុជាអាចមានអនាគតកាន់តែភ្លឺស្វាង។ ចាប់ពីការសម្របសម្រួលគោលនយោបាយរហូតដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ចាប់ពីការផ្លាស់ប្តូរទេសចរណ៍រហូតដល់ការតភ្ជាប់បេះដូងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកំពុងត្រូវបានពង្រីកឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយបន្ថែមទៀត។ ក្នុងដំណើរការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី គ្រប់រដូវកាល កិច្ចសហប្រតិបត្តិការទេសចរណ៍កំពុងជួយបង្កើតស្ពានសម្រាប់ជំរុញការរៀនសូត្រគ្នាទៅវិញទៅមកអំពីអរិយធម៌ តាមរយៈវិធីពិសេសរបស់ខ្លួន។


ដូចដែលឯកឧត្តម យុគ សេងពន្លឿ បាននិយាយថា កម្ពុជា និងចិនបានរក្សាទំនាក់ទំនងយ៉ាងល្អប្រពៃតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ ហើយមានទំនាក់ទំនងកាន់តែជិតស្និទ្ធពីមួយឆ្នាំទៅមួយឆ្នាំ។ យើងអាចនិយាយបានថា ក្រោមការជំរុញពី "ឆ្នាំទេសចរណ៍ ចិន-កម្ពុជា" កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្តយូណាន និងកម្ពុជាប្រាកដជានឹងអាចបង្ហាញអនាគតកាន់តែភ្លឺស្វាង។
អ្នកយកព័ត៌មាន៖ Shen Yan(កល្យាណ)
អ្នកបកប្រែ៖ Shen Yan(កល្យាណ), Li Xuanzhi