ដំណើរទេសចរណ៍ឆ្លងដែនតាមផ្លូវដែកចិន-ឡាវ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង

យោងតាមទិន្នន័យពីក្រុមហ៊ុនសាជីវកម្មផ្លូវដែកគុនមីងចិន បានបង្ហាញថា ក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចំនួន ៩ ថ្ងៃ នាឆ្នាំនេះ ទេសចរណ៍ឆ្លងដែនតាមផ្លូវដែកចិន-ឡាវ បន្តមានសន្ទុះយ៉ាងខ្លាំង ដោយបានដឹកជញ្ជូនអ្នកដំណើរឆ្លងដែនសរុបចំនួន ១២៩០០ នាក់ ដែលកើនឡើង ៤១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមនោះ អ្នកដំណើរចូលមកក្នុងប្រទេសមានជាង ៦៣០០ នាក់ ដែលកើនឡើង ៥២,៧% បើធៀបនឹងឆ្នាំមុន និងអ្នកដំណើរចេញទៅក្រៅប្រទេសមានជាង ៦៥០០ នាក់ ដែលកើនឡើង ៣២,៥% បើធៀបនឹងឆ្នាំមុន ។
គិតចាប់តាំងពីផ្លូវដែកចិន-ឡាវត្រូវបានបើកដាក់ឱ្យដំណើរការមក ដោយពឹងផ្អែកលើអត្ថប្រយោជន៍នៃទីតាំងភូមិសាស្ត្រដ៏ពិសេស វាបានក្លាយជា “ខ្សែផ្លូវមាស” សម្រាប់វិស័យទេសចរណ៍ឆ្លងដែន ដែលតភ្ជាប់រវាងប្រទេសចិន និងប្រទេសឡាវ។ ផ្លូវដែកនេះបានផ្សារភ្ជាប់បណ្តាទីក្រុងទេសចរណ៍ដ៏ពេញនិយមដូចជា ទីក្រុងគុនមីង ស៊ីស័ងប៉ាន់ណា ហ្លួងព្រះបាង និងរដ្ឋធានីវៀងចន្ទន៍ ដោយមានតំបន់ទេសចរណ៍ជាង ៥៦០ កន្លែង ស្ថិតនៅតាមបណ្តោយខ្សែផ្លូវនេះ។ គិតចាប់ពីថ្ងៃបើកដំណើរការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្សែផ្លូវដែកចិន-ឡាវទាំងមូល បានដឹកជញ្ជូនអ្នកដំណើរទូទៅសរុបជាង ៦៦ លាននាក់ និងបានទាក់ទាញភ្ញៀវទេសចរមកពីជាង ១២០ ប្រទេស និងតំបន់ជុំវិញពិភពលោក ឱ្យមកជិះរថភ្លើងដឹកអ្នកដំណើរអន្តរជាតិ ដើម្បីធ្វើដំណើរកម្សាន្តឆ្លងដែន។
បច្ចុប្បន្ននេះ តំបន់នៅតាមបណ្តោយខ្សែផ្លូវដែកចិន-ឡាវ បានឈានចូលដល់រដូវកាលទេសចរណ៍ដ៏មមាញឹក។ អាជ្ញាធរផ្លូវដែកបានបង្កើនសមត្ថភាពដឹកជញ្ជូន និងធ្វើការកែសម្រួលឱ្យកាន់តែប្រសើរឡើងនូវផែនការប្រតិបត្តិការរថភ្លើង ដោយបានដាក់ឱ្យដំណើរការរថភ្លើងដឹកអ្នកដំណើរជាង ៧០ ខ្សែជារៀងរាល់ថ្ងៃ និងបន្តរក្សាបាននូវទំហំនៃការដឹកជញ្ជូនអ្នកដំណើរលើសពី ៦០០០០ នាក់ជាប់ជាប្រចាំ។ ក្នុងចំណោមនោះ មានរថភ្លើងដឹកអ្នកដំណើរឆ្លងដែនចំនួន ៤ ខ្សែត្រូវបានដាក់ឱ្យដំណើរការ ដែលបម្រើដល់អ្នកដំណើរជាង ១ ០០០ នាក់ ក្នុងការធ្វើដំណើរកម្សាន្តឆ្លងដែនជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុនសាជីវកម្មផ្លូវដែកគុនមីងចិន និងអាជ្ញាធរផ្លូវដែកឡាវ បានបង្កើតយន្តការសម្របសម្រួលរួមគ្នា តាមរយៈវិធានការនានាដូចជា ការព្យាករណ៍យ៉ាងច្បាស់លាស់នូវលំហូរអ្នកដំណើរ ការកែសម្រួលសមត្ថភាពដឹកជញ្ជូនជាក់ស្តែង និងការបន្ថែមបញ្ជរផ្តល់សេវាកម្មជាដើម ដើម្បីធានាឱ្យបានយ៉ាងពេញទំហឹងនូវភាពរលូននៃការធ្វើដំណើររបស់ភ្ញៀវទេសចរ។ អាជ្ញាធរផ្លូវដែកចិនបានសហការជាមួយស្ថាប័នគយ នគរបាលអន្តោប្រវេសន៍ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដាក់ចេញនូវវិធានការសម្រួលសេវាកម្មជាង ១០ ចំណុច ដូចជា ការបើកដំណើរការច្រកពិសេសសម្រាប់អ្នកដំណើរដែលត្រូវបានលើកលែងទិដ្ឋាការ ការអនុវត្តការចុះឈ្មោះឆ្លងកាត់ព្រំដែនតាមប្រព័ន្ធអនឡាញសម្រាប់ក្រុមទេសចរណ៍ ការរៀបចំប៉ុស្តិ៍ផ្តល់ព័ត៌មានចល័តនៅតាមច្រកទ្វារព្រំដែន ព្រមទាំងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបំពេញប័ណ្ណចូលស្រុកតាមអនឡាញសម្រាប់ជនបរទេស ដែលបានជួយជំរុញប្រសិទ្ធភាពនៃការឆ្លងកាត់ព្រំដែនកម្រិតខ្ពស់បំផុតប្រចាំថ្ងៃ ឱ្យកើនឡើងប្រមាណ ៣០%៕
អ្នកយកព័ត៌មានLi Chenghan
អ្នកបកប្រែ៖លីហ្សា Li Zha