ភាគីចិននឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងប្រទេសថៃម្តងទៀតនៅថ្ងៃនេះ ដើម្បីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃទី១៧ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងការធ្វើដំណើររបស់បេសកជនពិសេសរបស់ក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ី មកកាន់ប្រទេសកម្ពុជា និងប្រទេសថៃម្តងទៀត ដើម្បីសម្របសម្រួលបញ្ចប់សង្គ្រាម។
សំណួរ៖ តាមព័ត៌មានពាក់ព័ន្ធឱ្យដឹងថា បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងប្រទេសថៃម្តងទៀតនៅថ្ងៃទី ១៨ ខែធ្នូ ដើម្បីសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ។ តើភាគីចិនអាចផ្តល់ព័ត៌មានពាក់ព័ន្ធបានទេ?
ចម្លើយ៖ ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តល្អរបស់កម្ពុជា និងថៃ ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជម្លោះព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ន ហើយបានជំរុញ និងបញ្ចុះបញ្ចូលជាបន្តបន្ទាប់ ដោយដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹងតាមរបៀបរបស់ខ្លួន។ បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងប្រទេសថៃម្តងទៀតនៅថ្ងៃទី១៨ ខែធ្នូ ដើម្បីសម្របសម្រួល ហើយជំរុញភាគីទាំងពីរឱ្យជួបគ្នាទៅវិញទៅមក និងកសាងសន្តិភាពឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
អ្នកយកព័ត៌មាន៖ Shen Yang
អ្នកបកប្រែ៖Shen Yan(កល្យាណ)