ក្រសួងការបរទេសចិន៖ ភាគីចិនកំពុងខិតខំយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលឱ្យមានការចរចាដើម្បីសន្តិភាព ព្រមទាំងដើរតួនាទីតាមរបៀបខ្លួនដើម្បីជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ

ថ្ងៃទី ១៥ ខែធ្នូ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការប៉ះទង្គិចនៅតំបន់ព្រំដែនរវាងកម្ពុជានិងថៃថា កិច្ចការបន្ទាន់នាពេលបច្ចុប្បន្ន គឺការឈប់បាញ់ និងការពារជនស៊ីវិល។ រំពឹងថា ភាគីទាំងពីរអាចគិតគូរពីការរក្សាសន្តិភាពនិងស្ថិរភាពតាមព្រំដែន និងគាំពារផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រក្សាការអត់ធ្មត់ជាអតិបរមា ព្រមនិងចាត់នូវរាល់វិធានការដែលមានអំណោយផលដល់ការសម្រេចបាននូវការឈប់បាញ់ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងពេលឆាប់ៗ។
លោក Guo Jiakun បានលើកឡើងថា ចាប់ពីផ្ទុះការប៉ះទង្គិចនៅតំបន់ព្រំដែនកម្ពុជា-ថៃមកភាគីចិនបានអនុលោមតាមឆន្ទៈនៃប្រទេសទាំងពីរកម្ពុជានិងថៃ រក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរតាមរយៈគ្រប់មធ្យោបាយ និងគ្រប់ជាន់ថ្នាក់ ព្រមនិងសម្របសម្រួលយ៉ាងសកម្មក្នុងការជំរុញឱ្យមានការចរចាដើម្បីសន្តិភាព ដែលបានបង្កើតជាលក្ខខណ្ឌ និងវេទិកាសម្រាប់កិច្ចសន្ទនារវាងកម្ពុជានិងថៃ។ ភាគីចិនគាំទ្រចំពោះភាគីទាំងពីរកម្ពុជានិងថៃក្នុងការសន្ទនានិងពិគ្រោះពិភាក្សាដោយផ្ទាល់ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការសម្របសម្រួលឱ្យមានការចរចា ជាពិសេសប្រទេសម៉ាឡេស៊ី ក៏ដូចជាគាំទ្រចំពោះការស្វែងរកដំណោះស្រាយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបានក្នុងក្របខ័ណ្ឌនៃអាស៊ាន។ ភាគីចិនបាននិងកំពុងធ្វើកិច្ចខិតខំយ៉ាងពេញទំហឹងក្នុងការសម្របសម្រួលឱ្យមានការចរចាដើម្បីសន្តិភាព ព្រមទាំងដើរតួនាទីមានលក្ខណៈស្ថាបនាតាមរបៀបរបស់ខ្លួនដើម្បីការជំរុញការសម្រេចបាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ និងស្តារសន្តិភាពឡើងវិញ៕