គម្រោង "ដំណើរនៃក្តីស្រឡាញ់" ចិន-កម្ពុជា ក្រៅពី "ការព្យាបាលបេះដូង" នៅមានខ្លឹមសារកាន់តែច្រើន

ប្រភព: កាសែតយូណានដេលី   |    2025-12-10 11:54:50

នៅក្នុងខែតុលា ដំណើរទស្សនកិច្ចទៅកាន់ខេត្តយូណានសម្រាប់កុមារដែលមានជំងឺបេះដូងពីកំណើតដែលបានជាសះស្បើយដោយសារគម្រោង "ដំណើរនៃក្តីស្រឡាញ់" ចិន-កម្ពុជា  ឆ្នាំ ២០២៥ ត្រូវបានចាប់ផ្តើមនៅមន្ទីរពេទ្យជំងឺបេះដូង និងសរសៃឈាម ហ្វូវ៉ៃ ខេត្តយូណាន។ ក្រុមកុមារកម្ពុជាមួយក្រុម ដែលធ្លាប់ត្រូវបានគ្របដណ្ដប់ដោយស្រមោលនៃជំងឺបេះដូងពីកំណើត បានវិលត្រឡប់មកខេត្តយូណានវិញដោយមានសុខភាពល្អ និងភាពរស់រវើក។ ស្នាមញញឹមរបស់ពួកគេគឺជាមេដាយដ៏ភ្លឺស្វាងបំផុតនៃគម្រោង "ដំណើរនៃក្តីស្រឡាញ់"។ ដំណើរនេះ ដែលបានចាប់ផ្តើមជាមួយនឹង "ការព្យាបាលបេះដូង" បានសាបព្រោះគ្រាប់ពូជដ៏ធំទូលាយជាងការព្យាបាលជីវិតនរណាម្នាក់ទៅទៀត ដោយលូតលាស់ទៅជាព្រៃខៀវស្រងាត់នៃមិត្តភាព ក្តីសង្ឃឹម និងសម្រស់នៅក្នុងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។

 

ពីបន្ទប់ជំងឺទៅកាន់ដងផ្លូវ៖ ដំណើរនៃការដឹងគុណ និងការផ្លាស់ប្តូរចំណាប់អារម្មណ៍ឆ្លងព្រំដែន

កន្លែងឈប់ដំបូងនៃសកម្មភាពនេះ កុមារវិលត្រឡប់ទៅកាន់មន្ទីរពេទ្យជំងឺបេះដូង និងសរសៃឈាម ហ្វូវ៉ៃ ខេត្តយូណាន។ នេះគឺជាចំណុចចាប់ផ្តើមសម្រាប់ជីវិតថ្មីរបស់ពួកគេ។ ឌូ តុង អាយុ ១៩ ឆ្នាំ បានឈរនៅចំពោះមុខបុគ្គលិកពេទ្យម្តងទៀត។ ក្មេងប្រុសតូចស្គមស្គាំងដែលមានបបូរមាត់ពណ៌ស្វាយ ដែលនឹងដង្ហក់បន្ទាប់ពីដើរបានតែប៉ុន្មានជំហានប៉ុណ្ណោះ ឥឡូវនេះបានធំឡើងក្លាយជានិស្សិតមហាវិទ្យាល័យដ៏ស្វាហាប់ម្នាក់។ រហូតដល់គាត់បង្ហាញរូបថតចាស់ៗដល់ពួកគេ ទើបបុគ្គលិកពេទ្យបានស្គាល់បុរសវ័យក្មេងសង្ហានៅពីមុខពួកគេ ដោយស្រែកដោយភ្ញាក់ផ្អើល។ ឌូ តុង បាននិយាយថា "ខ្ញុំសង្ឃឹមថា រាល់ថ្ងៃ នឹងពោរពេញដោយក្តីសង្ឃឹមនាពេល" ពាក្យរបស់គាត់ពោរពេញដោយការក្តីរំពឹងទុកសម្រាប់អនាគត។ មិនដូចអារម្មណ៍ស្មុគស្មាញដែលគាត់មានអារម្មណ៍នៅពេលដែលគាត់មកវះកាត់បើកទ្រូងកាលពីប៉ុន្មានឆ្នាំមុន អារម្មណ៍របស់គាត់លើកនេះគឺជាការដឹងគុណយ៉ាងជ្រាលជ្រៅ ស្មារតីភ្លឺស្វាង និងក្តីរីករាយ។


សម្រាប់កុមារទាំងនេះ ដែលភាគច្រើនមកពីតំបន់ជនបទនៃប្រទេសកម្ពុជា ដំណើរកម្សាន្តលើកដំបូងរបស់ពួកគេទៅកាន់ខេត្តយូណានគឺសម្រាប់ការវះកាត់។ ដោយសារតែភាពមិនស៊ាំនិងមិនស្គាល់ ពួកគេបានចូលទៅក្នុងមន្ទីរពេទ្យដោយការភ័យខ្លាច និងការព្រួយបារម្ភ។ លោកស្រី យ៉ាង លីហួរ នាយកមជ្ឈមណ្ឌលស្រាវជ្រាវសុខភាព និងអាកប្បកិរិយាយួនឌី(YUNDI)គុនមីង និងជាអ្នកចូលរួមសំខាន់ម្នាក់នៅក្នុងគម្រោងនេះ យល់យ៉ាងច្បាស់អំពីរឿងនេះថា យើងបានរៀបចំ "ដំណើរនៃការដឹងគុណ"នេះ ដើម្បីនាំកុមារត្រឡប់មកខេត្តយូណានវិញ ទៅកាន់វួដដែលពួកគេធ្លាប់ស្នាក់នៅ ដើម្បីជួបគ្រូពេទ្យដែលបានព្យាបាលពួកគេ ហើយបន្ទាប់មកនាំពួកគេទៅទស្សនាទេសភាពក្នុងដងផ្លូវ និងទីផ្សារ ដើម្បីទស្សនាមើលខេត្តយូណានពិតប្រាកដ ហើយទទួលបានបទពិសោធន៍បរិយាកាសរស់រវើក និងភាពកក់ក្តៅរបស់ប្រជាជនស្នាក់នៅក្នុងតំបន់។

  

ដំណើរនេះបានលាតសន្ធឹងពីមន្ទីរពេទ្យរហូតដល់ដងផ្លូវ និងទីផ្សារតូចធំនៃទីក្រុងគុនមីង  ព្រមទាំងសាលរំលឹកខួបនៃជ័យជម្នះសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ក្លោងទ្វារជីនម៉ាពីជី ផ្សារបន្លែតាក្វានជ័នស៊ីនដ៏រស់រវើក និងផ្សារផ្កាទូវណានដ៏មមាញឹក... កុមារបានជួបប្រទះនឹងភាពកក់ក្តៅនៃទីក្រុងដោយស្មោះអស់ពីចិត្ត។ កុមារម្នាក់ឈ្មោះ ប៉េង សេឡា បានប្រាប់លោកស្រី យ៉ាង លីហួរ ថា ខ្ញុំពិតជានឹងខិតខំសិក្សានៅថ្ងៃអនាគត ហើយខិតខំមកបន្តការសិក្សានៅប្រទេសចិន។ ដំណើរកម្សាន្តនេះបានធ្វើឱ្យការយល់ដឹងរបស់កុមារ និងក្រុមគ្រួសាររបស់ពួកគេអំពីប្រទេសចិនមានភាពស្រស់ថ្លាឡើងវិញ ហើយថែមទាំងអាចផ្លាស់ប្តូរជីវិតរបស់ពួកគេទៀតផង។ ដូចដែល លោកស្រី យ៉ាង លីហួរ បាននិយាយ កុមារនឹងចែករំលែករឿងរ៉ាវដ៏កក់ក្តៅដែលបានកើតឡើងនៅទីនេះជាមួយមិត្តភក្តិកម្ពុជាជាច្រើនទៀត។

  

សម្ដីរបស់ម្ដាយកុមារី ម៉ូ ចាន់តា បានបញ្ជាក់ពីការផ្លាស់ប្តូរអារម្មណ៍នេះ។ លោកស្រីបានរំលឹកឡើងវិញនូវការបារម្ភ និងភាពអស់សង្ឃឹមដែលលោកស្រីមានកាលពីប្រាំមួយឆ្នាំមុន នៅពេលដែលគាត់បាននាំកូនស្រី វិលរ៉ូន កាឆាយវិគី មកកាន់ទីក្រុងគុនមីង ដើម្បីវះកាត់។​ លោកស្រីបានប្រាប់អ្នកកាសែតថា "អារម្មណ៍ដែលធ្វើអ្វើមិនកើតនោះ គឺជាការឈឺចាប់សម្រាប់ខ្ញុំ។ បន្ទាប់ពីគ្រូពេទ្យចិនបានពន្យល់ខ្ញុំដោយអត់ធ្មត់ និងហ្មត់ចត់អំពីរឿងរ៉ាវនានាដល់ខ្ញុំ ទើបខ្ញុំមានអារម្មណ៍ស្រួលក្នុងការប្រគល់កូនរបស់ខ្ញុំទៅឱ្យពួកគេ"។ លើកនេះយើងមកក្រុងគុនមីងម្តងទៀត កូនរបស់លោកស្រីបានរួចផុតពីស្រមោលនៃជំងឺ ហើយលែងព្រួយបារម្ភអំពីការវះកាត់ទៀតហើយ គឺពោរពេញដោយសេចក្ដីរីករាយ... គាត់បានបន្ថែមថា ខ្ញុំនឹងប្រាប់មិត្តជុំវិញខ្លួនខ្ញុំអំពីបទពិសោធន៍របស់ខ្ញុំ និងកូនរបស់ខ្ញុំនៅខេត្តយូណាន។ ពីម្ដាយដែលអស់សង្ឃឹម ទៅជាអ្នកនាំសារនៃការដឹងគុណ បទពិសោធន៍របស់លោកស្រីគឺជាសក្ខីភាពនៃការព្យាបាលអារម្មណ៍យ៉ាងជ្រាលជ្រៅ ដែលនាំមកដោយគម្រោង "ដំណើរនៃក្តីស្រឡាញ់"។

 

ពីអ្នកទទួលជំនួយទៅអ្នកជួយ៖ ការបញ្ជូនបន្តឥតឈប់ឈរនៃជីវិត និងសេចក្តីស្រឡាញ់

គម្រោង "ដំណើរនៃក្តីស្រឡាញ់" មិនត្រឹមតែព្យាបាលបេះដូងរបស់កុមារប៉ុណ្ណោះទេ ថែមទាំងបានដាំគ្រាប់ពូជនៃសេចក្តីស្រឡាញ់នៅក្នុងចិត្តរបស់ពួកគេ ដែលជំរុញឱ្យសេចក្តីស្រឡាញ់ត្រូវបានបន្តតាមរយៈការបញ្ជូនបន្ត។

នៅក្នុងភូមិបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រទេសកម្ពុជា ចម្ប៉ា​​ ហារ៉ា អាយុ ១៧ ឆ្នាំ ជិះកង់របស់នាងឆ្លងកាត់សួនច្បារ សក់វែងរបស់នាងបក់បោកតាមខ្យល់ ស្នាមញញឹមរបស់នាងភ្លឺចែងចាំង។ តើអ្នកណានឹងគិតថាកាលពីប៉ុន្មានឆ្នាំមុន នាងជាកុមារដែលមានជំងឺបេះដូងពីកំណើត ពិបាកដកដង្ហើមសូម្បីតែពេលដើរក៏ដោយ  នៅអាយុប្រាំបួនឆ្នាំ គម្រោង "ដំណើរនៃក្តីស្រឡាញ់"  ចិន-កម្ពុជា បាននាំមកឱ្យនាងនូវចំណុចរបត់មួយ។ នាងនៅតែចងចាំពីភាពកក់ក្តៅនៃដៃរបស់វេជ្ជបណ្ឌិតចិន នៅពេលដែលគាត់ដាក់ឧបករណ៍ស្តាប់សំឡេងបេះដូងនៅលើទ្រូងរបស់នាងយ៉ាងទន់ភ្លន់។ បន្ទាប់ពីការវះកាត់ដោយជោគជ័យ នាងបាននិយាយថា "វេជ្ជបណ្ឌិតចិនបានជួយសង្គ្រោះខ្ញុំ ហើយខ្ញុំចង់បន្តសេចក្តីស្រឡាញ់នេះដល់មនុស្សផ្សេងទៀត"។ ឥឡូវនេះ នាងធ្វើការស្ម័គ្រចិត្តរៀងរាល់ចុងសប្តាហ៍នៅមណ្ឌលសុខភាពស្រុកបន្ទាយស្រី ដោយណែនាំផ្លូវសម្រាប់អ្នកជំងឺមកព្យាបាល ហើយនាងក៏បានផ្លាស់ប្តូរពីអ្នកទទួលជំនួយទៅជាអ្នកបញ្ជូនសេចក្តីស្រឡាញ់។

  

ការផ្លាស់ប្ដូរនេះមិនមែនជាករណីដាច់ដោយឡែកនោះទេ។ លោក លូ ជាំង ជំនួយការប្រធាន និងជានាយកការិយាល័យកិច្ចការបក្ស និងរដ្ឋបាលទូទៅនៃមន្ទីរពេទ្យជំងឺបេះដូង និងសរសៃឈាម ហ្វូវ៉ៃ ខេត្តយូណាន  បានចែករំលែករឿងមួយថា មានអ្នកជំងឺក្មេងស្រីតូចជនជាតិខ្មែរម្នាក់។ ពេលយើងសួរនាងថា នាងចង់ចូលធ្វើការអ្វីនៅពេលនាងធំឡើង នាងបានឆ្លើយភ្លាមៗថានាងចង់ក្លាយជាគ្រូពេទ្យ ដើម្បីអាចជួយមនុស្សបានកាន់តែច្រើន។

សេចក្តីស្រឡាញ់ក៏កំពុងត្រូវបានបន្តក្នុងចំណោមអ្នកស្ម័គ្រចិត្តពិសេសមួយក្រុមផងដែរ។ អ្នកស្រី ឆៃ ធីដា អាយុ ៣២ ឆ្នាំ ជាបុគ្គលិកនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានបម្រើគម្រោង "ដំណើរនៃក្តីស្រឡាញ់" ដោយឥតគិតថ្លៃអស់រយៈពេលប្រាំបីឆ្នាំមកហើយចាប់តាំងពីការចាប់ផ្តើមនៃគម្រោង។ អ្នកស្រីបាននិយាយថា "រាល់ពេលដែលខ្ញុំឃើញកុមារត្រឡប់មកផ្ទះវិញបន្ទាប់ពីការវះកាត់ដោយជោគជ័យ ខ្ញុំមានអារម្មណ៍រីករាយជាខ្លាំង"។ ទោះបីជាមិនមានប្រាក់ចំណូលក៏ដោយ អ្នកស្ម័គ្រចិត្តគ្រប់គ្នាមានអារម្មណ៍ថាវាមានអត្ថន័យមិនគួរឱ្យជឿ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា មានអ្នកស្ម័គ្រចិត្តជាង ៣០ នាក់ដូចអ្នកស្រី ហើយគ្មាននរណាម្នាក់បានបោះបង់ចោលចាប់តាំងពីគម្រោងនេះបានចាប់ផ្តើមមក។ អ្នកស្រីបានប្រាប់អ្នកកាសែតថា "ទោះបីជាអ្នកមិនធ្លាប់ត្រូវទឹកភ្លៀងក៏ដោយ ប៉ុន្តែការមានចិត្តកាន់ឆ័ត្រសម្រាប់អ្នកដទៃគឺមានតម្លៃមិនអាចកាត់ថ្លៃបាន។" ពាក្យរបស់អ្នកស្រី ឆៃ ធីដា បង្ហាញពីការលើកទឹកចិត្តដំបូងរបស់នាងសម្រាប់ការធ្វើជាអ្នកស្ម័គ្រចិត្ត។

  

ចំពោះលោក ណម សត្យារស្មីវេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៅមន្ទីរពេទ្យព្រះកេតុមាលា ការបញ្ជូនតនេះត្រូវបានបង្ហាញឱ្យឃើញពីការប្រកាន់ខ្ជាប់ខាងវិជ្ជាជីវៈ។ លោកតែងតែបើករថយន្តរាប់រយគីឡូម៉ែត្រទៅកាន់ភូមិដាច់ស្រយាល ដើម្បីពិនិត្យសុខភាពឡើងវិញឱ្យកុមារដែលបានទទួលការវះកាត់ព្រមទាំងទាក់ទងជាមួយអ្នកជំនាញនៅមន្ទីរពេទ្យជំងឺបេះដូង និងសរសៃឈាម ហ្វូវ៉ៃ ខេត្តយូណាន ឱ្យទាន់ពេលវេល ដែលបានក្លាយជា "ស្ពាន" តភ្ជាប់ក្រុមគ្រូពេទ្យរវាងប្រទេសទាំងពីរ។ ដោយបានបន្តការសិក្សានៅប្រទេសចិនអស់រយៈពេលបួនឆ្នាំ ភាសាចិនដ៏ស្ទាត់ជំនាញរបស់លោកធ្វើឱ្យលោកមិនត្រឹមតែជាអ្នកទំនាក់ទំនងប៉ុណ្ណោះទេ ថែមទាំងជាដៃគូដែលអាចទុកចិត្តបាននៅក្នុងក្រសែភ្នែករបស់គ្រូពេទ្យចិនផងដែរ។

 

ពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រ រហូតដល់ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន៖ ផ្លូវនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពដែលរីកចម្រើនកាន់តែទូលំទូលាយ

គម្រោង "ដំណើរនៃក្តីស្រឡាញ់" ចិន-កម្ពុជា បានចាប់ផ្តើមពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រ  ប៉ុន្តែផលប៉ះពាល់របស់វាបានលើសពីវេជ្ជសាស្ត្រខ្លួនឯងជាយូរមកហើយ។ វាបានក្លាយជាការបង្ហាញយ៉ាងរស់រវើកនៃការចែករំលែកសុខ និងទុក្ខ និងការគាំទ្រគ្នាទៅវិញទៅមកនៃមិត្តភាពដែកថែបរវាងប្រទេសចិន និងកម្ពុជា។

 

 

លោកបណ្ឌិតជាមុនីឫទ្ធិសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានអារម្មណ៍ជ្រាលជ្រៅអំពីរឿងនេះ។ ក្នុងនាមជាអ្នកទទួលខុសត្រូវភាគីកម្ពុជាសម្រាប់គម្រោងនេះ លោកបានឃើញផ្ទាល់ភ្នែកពីរបៀបដែលឪពុកម្តាយរបស់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតបានផ្លាស់ប្តូរពីការសង្ស័យ និងការព្រួយបារម្ភទៅជាទំនុកចិត្តដ៏រឹងមាំ៖ "ដរាបណាយើងប្រគល់កូនៗរបស់យើងទៅឱ្យគ្រូពេទ្យចិន ពួកគេនឹងរស់បាន!" លោកបណ្ឌិតបានប្រាប់អ្នកកាសែតថា "យើងបានដើរលើផ្លូវនៃទំនុកចិត្តនេះជាយូរមកហើយ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងញើសឈាមរបស់មិត្តភក្តិជាច្រើនមកពីប្រទេសកម្ពុជា និងចិន"។ លោកយល់ឃើញថា "ដំណើរនៃការដឹងគុណ"នេះបានផ្តល់ឱ្យកុមារនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីតម្លៃរបស់ក្រុមគ្រូពេទ្យចិននៃ "អ្នកជំនាញវេជ្ជសាស្ត្រគ្មានព្រំដែន ជីវិតគ្មានព្រំដែន" ហើយតាមរយៈការផ្សព្វផ្សាយកាន់តែទូលំទូលាយ បានលើកកម្ពស់ការយល់ដឹងនេះទៅជាមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។

ចាប់តាំងពីការចាប់ផ្តើមគម្រោងនេះមក មន្ទីរពេទ្យជំងឺបេះដូង និងសរសៃឈាម ហ្វូវ៉ៃ ខេត្តយូណាន បានសាងសង់ផ្លូវ "សង្គ្រោះបេះដូង"ឆ្លងដែន។ គិតមកដល់បច្ចុប្បន្ន មន្ទីរពេទ្យនេះបានរួមគ្នាពិនិត្យកុមារកម្ពុជាជាង ៨ ម៉ឺននាក់ និងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារជាង ១២០ នាក់ដែលមានជំងឺបេះដូងពីកំណើត។ តាមទស្សនៈរបស់លោក លូ ជាំង ភាពជោគជ័យនៃការវះកាត់នីមួយៗគឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្ររវាងចិន-កម្ពុជា។ រាល់ការបន្តនៃចង្វាក់បេះដូងគឺជាការបង្ហាញពីការថែទាំមនុស្សធម៌ឆ្លងដែន។

  

ឥឡូវនេះ ផ្លូវ "បេះដូង" នេះកំពុងពង្រីកដល់តំបន់កាន់តែទូលំទូលាយ។ បច្ចុប្បន្ន មន្ទីរពេទ្យជំងឺបេះដូង និងសរសៃឈាម ហ្វូវ៉ៃ ខេត្តយូណាន បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើននៅអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអាហ្វ្រិកខាងកើត រួមទាំងប្រទេសឡាវ អ៊ូសបេគីស្ថាន និងតង់ហ្សានីជាដើម។ គេបានបញ្ជូនក្រុមគ្រូពេទ្យសរុបចំនួន ៣២ ក្រុមទៅក្រៅប្រទេស ដោយសហការគ្នាក្នុងការត្រួតពិនិត្យកុមារជាង ១១ ម៉ឺននាក់ និងផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារចំនួន ១៩៥ នាក់ដែលមានជំងឺបេះដូងពីកំណើត។ មិនតែប៉ុណ្ណោះទេ មន្ទីរពេទ្យបានទទួលបុគ្គលិកពេទ្យចំនួន ៣២ នាក់មកពី ១០ ប្រទេសសម្រាប់ការបណ្តុះបណ្តាលបន្ថែម ដែលជួយកែលម្អកម្រិតនៃការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺសរសៃឈាមបេះដូងនៅក្នុងប្រទេសជិតខាង។ គំរូ "បង្រៀនបុរសម្នាក់ឱ្យនេសាទ" នេះជំរុញកិច្ចសហប្រតិបត្តិការដំណើរការទៅមុខកាន់តែស្ថិរភាព និងកាន់តែយូអង្វែង។

    

យោងតាមទស្សនាវិស័យរបស់លោក ងន​ ប៊ុន​ធី​ អភិបាល​រងស្រុកបន្ទាយស្រី  ខេត្តសៀមរាប ប្រទេសកម្ពុជា ជំនាញវេជ្ជសាស្ត្រដ៏ល្អរបស់គ្រូពេទ្យចិនបានផ្តល់ឱ្យកុមារនូវជីវិតថ្មី និងស្តារសុខភាពរបស់ពួកគេឡើងវិញ ដែលនាំមកនូវក្តីសង្ឃឹមដល់ក្រុមគ្រួសាររបស់ពួកគេ។ លោកសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះអាចបន្តទៅមុខទៀត ហើយទន្ទឹងរង់ចាំគម្រោងសហប្រតិបត្តិការកម្ពុជា-ចិនជាច្រើនទៀត ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនដែលកំពុងត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា។ លោកបាននិយាយថា​ "មនុស្សជាច្រើនស្គាល់ស្រុកបន្ទាយស្រី ដោយសារតែប្រាសាទបន្ទាយស្រីនៅអង្គរវត្ត ប៉ុន្តែតាមពិតទៅ រឿងរ៉ាវនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិននៅទីនេះក៏គួរឱ្យចាប់អារម្មណ៍ផងដែរ"។

  

ចាប់ពីជំនួយផ្នែកវេជ្ជសាស្រ្តដែលមានទិដ្ឋភាពតែមួយ រហូតដល់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងពហុវិស័យ ក្នុងជីវភាពរស់នៅរបស់ប្រជាជន និងការផ្លាស់ប្តូរវប្បធម៌គម្រោង "ដំណើរនៃក្តីស្រឡាញ់" ចិន-កម្ពុជា ក្នុងរយៈពេលជាងប្រាំបីឆ្នាំមកនេះ បានបង្ហាញយ៉ាងស៊ីជម្រៅអំពីអត្ថន័យដ៏សម្បូរបែបនៃ ក្រៅពី "ការព្យាបាលបេះដូង" នៅមានខ្លឹមសារកាន់តែច្រើនសម្បូរបែប។ វាគឺជាខ្សែជីវិតដែលភ្ជាប់ក្តីសង្ឃឹមរបស់គ្រួសាររាប់មិនអស់។ វាគឺជាស្ពានមិត្តភាពដែលនាំមកនូវសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។ ហើយវាគឺជាកាំរស្មីនៃពន្លឺដែលបំភ្លឺផ្លូវសម្រាប់ប្រទេសចិន និងកម្ពុជា ដើម្បីធ្វើការរួមគ្នាក្នុងការកសាងអនាគតកាន់តែប្រសើរ។ ជាមួយនឹងចង្វាក់បេះដូងនីមួយៗ និងរឿងរ៉ាវនីមួយៗត្រូវបានរៀបរាប់ ផ្លូវនេះ កាន់តែដើរកាន់តែទូលំទូលាយ និងកាន់តែប្រកបដោយភាពកក់ក្តៅថែមទៀត៕

អ្នកយកព័ត៌មាន៖ Shen Yan(កល្យាណ), Wang Jingzhong

អ្នកបកប្រែ៖ Shen Yan(កល្យាណ)

គម្រោង "ដំណើរនៃក្តីស្រឡាញ់" ចិន-កម្ពុជា ក្រៅពី "ការព្យាបាលបេះដូង" នៅមានខ្លឹមសារកាន់តែច្រើន