ផ្លូវរថភ្លើងចិន-ឡាវបានដឹកជញ្ជូនទំនិញជាង ៧០ លានតោន ដែលសម្រេចបានការកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ
យោងតាមដំណឹងពីក្រុមហ៊ុន China Railway Kunming Group Co., Ltd. ចាប់តាំងពីការបើកដំណើរការផ្លូវរថភ្លើងចិន-ឡាវកន្លងមក គិតត្រឹមដល់ថ្ងៃទី២៨ ខែតុលា រថភ្លើងដឹកទំនិញសរុបចំនួន ៦.៣ ម៉ឺនគ្រឿង ត្រូវបានដំណើរការតាមបណ្តោយផ្លូវរថភ្លើងទាំងមូល ដោយដឹកជញ្ជូនទំនិញជាង ៧០ លានតោន រួមទាំងទំនិញឆ្លងដែនចំនួន ១៦ លានតោន ដែលភ្ជាប់ទៅនឹងប្រទេស និងតំបន់ចំនួន ១៩ ។ ជាពិសេស បរិមាណដឹកជញ្ជូនទំនិញ និងបរិមាណទំនិញឆ្លងដែនបានរក្សាកំណើនពីរខ្ទង់យ៉ាងរឹងមាំនៅឆ្នាំនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក ផ្លូវរថភ្លើងចិន-ឡាវ បានដឹកជញ្ជូនទំនិញសរុបចំនួន ១៩,៨៨ លានតោន កើនឡើង ២៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងនោះ ៤,៤៧ លានតោន ជាទំនិញឆ្លងកាត់ព្រំដែន កើនឡើង ១២,៧% បើប្រៀបធៀបនឹងឆ្នាំមុន។ ក្នុងចំណោមនោះ ការនាំចេញទំនិញបានកើនឡើង ៤ សែនតោន ដោយមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចេញរួមមាន បន្លែ ជី និងរថភ្លើងថែប ក្នុងអត្រា ៤៥% ៧១% និង ២៦,៦% រៀងគ្នា។ ទំនិញនាំចូលបានកើនឡើងជាចម្បងគឺ ផ្លែឈើ និងផលិតផលអាហារ ដោយមានផ្លែឈើចំនួន ៥ ម៉ឺនតោន និងអាហារចំនួន ១០ ម៉ឺនតោន ដែលបានកើនឡើង ៣៥% និង ៦៧% រៀងគ្នា។

នៅដើមឆ្នាំ២០២២ ក្រុមហ៊ុន China Railway Kunming Group Co., Ltd. បានបើករថភ្លើងដឹកទំនិញអន្តរជាតិឡានឆាង-មេគង្គអ៊ិចស្ព្រេស ឱ្យដំណើរការលើផ្លូវរថភ្លើងចិន-ឡាវ ដោយបើកច្រកដឹកជញ្ជូនពីឡាវ ទៅកាន់អឺរ៉ុប និងលើកកម្ពស់ការធ្វើសមាហរណកម្មខ្សែសង្វាក់ឧស្សាហកម្មឆ្លងតំបន់។ រហូតមកដល់បច្ចុប្បន្ន ផ្លូវរថភ្លើងចិន-ឡាវ បានដំណើរការរថភ្លើងដឹកទំនិញអន្តរជាតិឡានឆាង-មេគង្គអ៊ិចស្ព្រេសចំនួន ២៥៦០ គ្រឿង ដោយដឹកជញ្ជូនទំនិញនាំចេញ និងនាំចូល ជាង ១ លានតោន។ ច្រកចេញចូលផ្លូវរថភ្លើងម៉ូហានបានអនុម័តគំរូថ្មីៗដូចជា "ការឆ្លងកាត់ផ្លូវរថភ្លើងរហ័ស" និង "ការស្នើសុំជាមុន" ដែលបានលើកកម្ពស់យ៉ាងខ្លាំងចំពោះប្រសិទ្ធភាពនៃការបំពេញបែបបទគយឆ្លងដែន ដោយកាត់បន្ថយពេលវេលាការបំពេញបែបបទគយឆ្លងដែន ពីដំបូង ៤០ ម៉ោងមកត្រឹម ២-៥ ម៉ោង។ ចំនួនរថភ្លើងដឹកទំនិញឆ្លងកាត់ព្រំដែនប្រចាំថ្ងៃបានកើនឡើងពីដំបូងចំនួន ២ ខ្សែដល់ ១៨ ខ្សែ នាពេលបច្ចុប្បន្ន ហើយឈានដល់ចំនួនខ្ពស់បំផុត ២៣ ខ្សែ ។
ក្នុងរយៈពេលជិត ៤ ឆ្នាំចាប់តាំងពីការបើកដំណើរការ ផ្លូវរថភ្លើងនេះបានក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់មួយតាមបណ្តោយផ្លូវរថភ្លើងចិន-ឡាវ។ ការផ្លាស់ប្តូរនេះបាននាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន ដោយតម្លៃដឹកជញ្ជូនតាមផ្លូវគោករវាងទីក្រុងវៀងចន្ទន៍ និងទីក្រុងគុនមីងបានថយចុះពី ៤០% ទៅ ៥០%។ ទន្ទឹមនឹងនេះ ថ្លៃដឹកជញ្ជូនក្នុងស្រុកនៅក្នុងប្រទេសឡាវក៏បានថយចុះពី ២០% ទៅ ៤០% ផងដែរ។
ចាប់តាំងពីផ្លូវរថភ្លើងចិន-ឡាវបើកដំណើរការមក បានឃើញការកើនឡើងនៃបរិមាណដឹកជញ្ជូនទំនិញជារៀងរាល់ឆ្នាំ និងបណ្តាញដឹកជញ្ជូនដែលកំពុងពង្រីកឥតឈប់ឈរ។ ឥឡូវនេះ វាបានគ្របដណ្តប់លើប្រទេស និងតំបន់ចំនួន ១៩ រួមមាន ឡាវ មីយ៉ាន់ម៉ា កម្ពុជា វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងបង់ក្លាដែសជាដើម ថែមទាំងខេត្ត តំបន់ស្វយ័ត និងក្រុងចំនួន ៣១ នៅក្នុងប្រទេសចិន។ ប្រភេទទំនិញឆ្លងដែនបានពង្រីកដល់ជាង ៣៧០០ ប្រភេទ រួមទាំងសារធាតុគីមីឧស្សាហកម្ម ផលិតផលស្រស់ វាយនភណ្ឌ ឧបករណ៍អគ្គិសនី រ៉ែ និងអនុកសិផលជាដើម៕
អ្នកបកប្រែ៖ លីហ្សា