លោក​ Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​ជួប​ពិភាក្សា​ការងារជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃប្រទេស​កម្ពុជា​

ប្រភព: CRI   |    2025-10-16 16:30:38

ថ្ងៃទី ១៤ ខែតុលា ​លោក​ Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបាន​​ជួប​ពិភាក្សា​ការងារជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី​ ប្រធានរដ្ឋសភានៃប្រទេស​កម្ពុជា​ដែល​អញ្ជើញចូលរួម​កិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីនៅក្រុងប៉េកាំង។

លោក​​ Zhao Leji បានថ្លែងថា​ ​ភាគីចិនមានឆន្ទៈធ្វើការជាមួយ​ភាគីកម្ពុជា​ដើម្បីអនុវត្តឱ្យបាន​ល្អនូវ​គំនិតឯកភាពរួមដ៏សំខាន់​របស់ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ។ ​សភា​​តំណាងប្រជាជនទូទាំងប្រទេសចិន​រីករាយ​ធ្វើឱ្យស៊ីជម្រៅនូវ​ការផ្លាស់ប្តូរ​បទពិសោធជាមួយ​រដ្ឋសភាកម្ពុជា ដើម្បីផ្តល់ការធានាខាងផ្លូវ​ច្បាប់​សម្រាប់កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង។ ចិន​ក៏នឹង​បង្កើនការផ្លាស់ប្តូរ​និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា​ក្នុងវិស័យកាត់បន្ថយភាពក្រីក្ររបស់ស្ត្រី និងការបង្ការនិងព្យាបាលជំងឺជាដើម ​ដើម្បីរួមចំណែកដល់កិច្ចការស្ត្រីជាសកល។

ជាការឆ្លើយតប សម្តេចរដ្ឋសភាធិបតី​ ឃួន សុដារី បានថ្លែងថា​ ​សុន្ទរកថាគន្លឹះរបស់ប្រធានរដ្ឋចិន​លោក​ ​Xi Jinping​ ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសកលស្តីពីស្ត្រីបាន​តម្រង់ទិសដៅសម្រាប់ការជំរុញកិច្ចការស្ត្រីជាសកល ​ភាគីកម្ពុជាសូមសម្តែងការកោតសរសើរខ្ពស់​ចំពោះរឿងនេះ។ ​រដ្ឋសភាកម្ពុជា​មានឆន្ទៈដើរតួនាទីយ៉ាងសកម្ម​ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេស​ទាំងពីរ៕

លោក​ Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន​ជួប​ពិភាក្សា​ការងារជាមួយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃប្រទេស​កម្ពុជា​