តើប្រទេសចិនជួយភាគីម្ខាងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃឬ? ក្រសួងការបរទេសចិនឆ្លើយតប

កាលពីថ្ងៃទី១០ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក កូ ចាឃួនបានរៀបចំសន្និសីទសារព័ត៌មានជាប្រចាំ។
អ្នកយកព័ត៌មានបានសួរថា៖ ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនបានផ្សព្វផ្សាយថា ចិនបានផ្តល់ជំនួយសព្វាវុធយ៉ាងច្រើនដល់កម្ពុជា ដោយចោទជាសំណួរថា តើចិនកំពុងចូលភាគីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងបកស្រាយខុសអំពីកិច្ចសហប្រតិបត្តិការការពារជាតិរបស់ចិនជាមួយប្រទេសពាក់ព័ន្ធ ដែលបង្កឱ្យមានការព្រួយបារម្ភ។ តើចិនមានយោបល់យ៉ាងណា?
កូ ចាឃួន៖ ចាប់តាំងពីជម្លោះព្រំដែនកម្ពុជា-ថៃបានផ្ទុះឡើង ក្នុងនាមជាប្រទេសជិតខាងរបស់ប្រទេសកម្ពុជា និងថៃ ប្រទេសចិនបានប្រកាន់ជំហរមិនលំអៀង និងយុត្តិធម៌ ហើយបានតស៊ូមតិយ៉ាងសកម្មដើម្បីសន្តិភាព និងជំរុញការចរចា ហើយរដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន កម្ពុជា និងថៃបានឈានដល់ "កុងសង់ស៊ីសអាននីង" ហើយកិច្ចប្រជុំត្រីភាគីក្រៅផ្លូវការត្រូវបានធ្វើឡើង។ មិនតែប៉ុណ្ណោះទេ បេសកជនពិសេសរបស់ក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើទស្សនកិច្ចជាច្រើនលើកមកកម្ពុជា និងថៃ ដើម្បីធ្វើការសម្របសម្រួល។ ជាមួយនឹងការជំរុញយ៉ាងសកម្មរបស់ប្រទេសចិន ម៉ាឡេស៊ី និងភាគីពាក់ព័ន្ធផ្សេងទៀត កម្ពុជា និងថៃបានឈានដល់ការព្រមព្រៀងបទឈប់បាញ់ ហើយកំពុងរក្សាទំនាក់ទំនងតាមរយៈយន្តការទ្វេភាគី។ ភាគីពាក់ព័ន្ធបានសម្តែងការវាយតម្លៃខ្ពស់ចំពោះតួនាទីដែលមិនអាចជំនួសបានរបស់ប្រទេសចិន។
ប្រទេសចិនគាំទ្រកម្ពុជា និងថៃក្នុងការដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើយគាំទ្រម៉ាឡេស៊ីក្នុងការបំពេញតួនាទីរបស់ខ្លួនជាប្រធានបង្វិលអាស៊ាន និងជំរុញដំណោះស្រាយនយោបាយតាមរយៈ "វិធីសាស្ត្រអាស៊ាន"។ ប្រទេសចិនមានឆន្ទៈបន្តសម្របសម្រួល និងជំរុញកិច្ចចរចារវាងកម្ពុជា និងថៃ តាមមធ្យោបាយរបស់ខ្លួន ស្របតាមការចង់បានរបស់ភាគីទាំងពីរ និងដើរតួនាទីស្ថាបនាក្នុងការបង្រួបបង្រួមការព្រមព្រៀងបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
ប្រទេសចិនបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារជាតិធម្មតាជាមួយប្រទេសអាស៊ានរួមមានកម្ពុជា និងថៃ។ ការប៉ុនប៉ងរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនដើម្បីសាបព្រួសជម្លោះរវាងប្រទេសចិន និងប្រទេសពាក់ព័ន្ធនឹងត្រូវបរាជ័យ៕
អ្នកបកប្រែ៖Shen Yan(កល្យាណ)