បច្ចេកវិទ្យាប្រទេសចិន ការពារពន្លឺភ្លើងផ្ទះរាប់ម៉ឺនគ្រួសារក្នុងប្រទេសកម្ពុជា
នៅខេត្តកោះកុង ភាគនិរតីនៃប្រទេសកម្ពុជា ស្ថានីយ៍វារីអគ្គិសនីស្ទឹងប្ញស្សីជ្រុំក្រោមប្រៀបបាននឹងត្បូងហ្គិចមួយដុំ ដែលបង្កប់ជ្រៅនៅក្នុងជួរភ្នំក្រវាញ។ នៅលើទំនប់នៃស្ថានីយ៍ថាមពលនេះ ពាក្យ "បង្កើត និងអភិវឌ្ឍន៍វារីអគ្គិសនី ផ្តល់សុភមង្គលជូនប្រជាជន" ដែលសរសេរជាភាសាចិន និងខ្មែរ ទទួលបានការចាប់អារម្មណ៍ជាពិសេស។ ស្ថានីយ៍វារីអគ្គិសនីដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន China Huadian Corporation Ltd. នេះ បានដំណើរការផលិតដោយសុវត្ថិភាពជាង ៤៣០០ ថ្ងៃជាប់ៗគ្នាមកហើយ ជាមួយនឹងថាមពលអគ្គិសនីប្រចាំឆ្នាំជាមធ្យមប្រហែល ១ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលរួមចំណែកផ្តល់ថាមពលអគ្គិសនីដែលមានសុវត្ថិភាព ស្ថិរភាព និងអាចទុកចិត្តបានដល់ប្រទេសកម្ពុជាច្រើនជាង ១០% ជារៀងរាល់ឆ្នាំ។
ធានាស្ថិរភាពថាមពល កាត់បន្ថយថ្លៃដើមអគ្គិសនី
មុនពេលស្ថានីយ៍វារីអគ្គិសនីស្ទឹងប្ញស្សីជ្រុំក្រោមដាក់ឱ្យដំណើរការ ការប្រើប្រាស់អគ្គិសនីជាតិរបស់ប្រទេសកម្ពុជាចំនួន ២០% ពឹងផ្អែកលើការផលិតប្រេងឥន្ធនៈនិងការនាំចូល មិនត្រឹមតែថ្លៃដើមខ្ពស់ប៉ុណ្ណោះទេ ការផលិតថាមពលប្រេងឥន្ធនៈក៏នៅមានការបំពុលផងដែរ ដោយដាក់កម្រិតយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់។ ស្ថានីយ៍វារីអគ្គិសនីស្ទឹងប្ញស្សីជ្រុំក្រោមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់អគ្គិសនី និងកាត់បន្ថយថ្លៃដើមអគ្គិសនីក្នុងតំបន់ ។
“កាលពីជាងដប់ឆ្នាំមុន ការប្រើប្រាស់អគ្គិសនីក្នុងខេត្តកោះកុងត្រូវពឹងផ្អែកលើការនាំចូល។” លោក Wu Xitian អ្នកបកប្រែគម្រោងដែលរស់នៅក្នុងខេត្តកោះកុងបាននិយាយ ក្រុមហ៊ុនស្ទឹងប្ញស្សីបានសាងសង់ខ្សែបញ្ជូនថាមពល ៣២ គីឡូម៉ែត្រពីស្ថានីយ៍វារីអគ្គីសនីទៅកាន់ក្រុងកោះកុង។ “ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ចំនួនរោងចក្រនៅក្នុងខេត្តកោះកុងបានកើនឡើងជាលំដាប់។ ឥឡូវនេះ កម្រដាច់ចរន្តអគ្គិសនីណាស់ ហើយតម្លៃអគ្គិសនីបានធ្លាក់ចុះយ៉ាងច្រើនបើប្រៀបធៀបនឹងកាលពីមុន។ ជាមួយនឹងការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ពួកយើងជាច្រើននាក់បានទិញម៉ាស៊ីនត្រជាក់ និងឧបករណ៍អគ្គិសនីផ្សេងទៀតដាក់នៅក្នុងផ្ទះ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគ្រាសចិន ។”
យោងតាមលោក ស្រេង ហុង អភិបាលរងខេត្តកោះកុងមានប្រសាសន៍ថា ខេត្តកោះកុងជាខេត្តនេសាទដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់និងតម្លៃថោក អ្នកនេសាទក្នុងតំបន់អាចបង្កក និងកែច្នៃគ្រឿងសមុទ្រដែលពួកគេចាប់បាន ហើយលក់ទៅកន្លែងកាន់តែឆ្ងាយ ហើយបង្កើនប្រាក់ចំណូល “អត្ថប្រយោជន៍នៃស្ថានីយវារីអគ្គិសនីមានរយៈពេលវែង” ។
អនុវត្តស្តង់ដារប្រទេសចិន ផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យា
ដើរចូលទៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងនៃស្ថានីយ៍វារីអគ្គិសនីស្ទឹងប្ញស្សីជ្រុំក្រោម អេក្រង់ដែលតភ្ជាប់មេអគ្គិសនីដ៏ធំលេចឡើងនៅចំពោះមុខរបស់អ្នក ហើយស្ថានភាពប្រតិបត្តិការរបស់អង្គភាព កម្រិតទឹកនៃអាងស្តុកទឹក បន្ទុកផលិតថាមពល និងលក្ខខណ្ឌផ្សេងទៀតអាចមើលឃើញយ៉ាងច្បាស់។
ការត្រួតពិនិត្យជាប្រចាំនូវឧបករណ៍ពិសេស គឺទាក់ទងទៅនឹងឧបករណ៍សុវត្ថិភាពផ្ទាល់ខ្លួននៃស្ថានីយ៍វារីអគ្គីសនី ប៉ុន្តែប្រទេសកម្ពុជានៅខ្វះខាតស្តង់ដារ និងតម្រូវការបច្ចេកទេសពាក់ព័ន្ធ។ នៅឆ្នាំ២០១៦ គម្រោងនេះបានសាងសង់មជ្ឈមណ្ឌលសាកល្បងស្ថានីយ៍វារីអគ្គិសនីដំបូងបំផុតនៅក្នុងប្រទេសកម្ពុជាស្របតាមស្តង់ដារកម្រិតខ្ពស់របស់ប្រទេសចិន។ នាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលសាកល្បងស្ថានីយ៍វារីអគ្គិសនីបានគ្របដណ្តប់លើគម្រោងសាកល្បងជាង ៩០ រួមមាន ការការពារការបញ្ជូនត ម៉ាស៊ីនភ្លើង ត្រង់ស្វូរ និងឧបករណ៍បំលែងសៀគ្វីជាដើម ហើយថែមទាំងផ្តល់សេវាកម្មដល់សហគ្រាសថាមពលដែលផ្តល់មូលនិធិដោយប្រទេសចិននៅក្នុងប្រទេសកម្ពុជាផ្សេងទៀតផងដែរ។
ជួយបណ្តុះទេពកោសល្យ បង្កើនសមត្ថភាពអភិវឌ្ឍន៍
ដើម្បីបណ្ដុះបណ្ដាលជំនាញប្រតិបត្តិការនិងថែទាំនៅស្ថានីយ៍វារីអគ្គីសនី ក្រុមហ៊ុនស្ទឹងប្ញស្សី និងវិទ្យាស្ថាន Guangxi College of Water Resources and Electric Power បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាល "ជំនាញវិជ្ជាជីវៈភាសាចិន + វារីអគ្គិសនី" មួយចំនួន។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេលមួយឆ្នាំ ហើយផ្តល់នូវការបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ីនធឺណេតជាចម្បង ដែលខ្លឹមសារគ្របដណ្តប់វគ្គសិក្សាជាច្រើន រួមទាំងជំនាញវិជ្ជាជីវៈភាសាចិន និងវារីអគ្គិសនី។ តាមរយៈការរៀនសូត្រ បុគ្គលិកកម្ពុជាក្នុងតំបន់បានយល់ដឹងពីចំណេះដឹងវិជ្ជាជីវៈដូចជា វ៉ុល ប្រេកង់ និងសមត្ថភាពផលិតថាមពល ហើយការនិយាយភាសាចិនរបស់ពួកគេកាន់តែស្ទាត់ជំនាញជាងមុន ។
ស្ថានីយ៍វារីអគ្គិសនីស្ទឹងប្ញស្សីជ្រុំក្រោមមិនត្រឹមតែបង្កើតការងារដល់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យពួកគេរៀនពីបច្ចេកវិទ្យាថាមពលវារីអគ្គិសនីដែលឈានមុខគេលើពិភពលោក ដែលរំពឹងថានឹងពង្រឹងសមត្ថភាពក្នុងការសាងសង់ ដំណើរការ និងថែទាំស្ថានីយ៍វារីអគ្គិសនីដោយឯករាជ្យក្នុងប្រទេសកម្ពុជា៕
អ្នកបកប្រែ៖ លីហ្សា Li Zha