ស្វែងយល់អំពីប្រទេសចិន៖ កម្មវិធីប្រគំតន្ត្រីនិទានរឿង ស៊ីមហ្វូនិក អំពីមិត្តភាពរវាងប្រជាជន និងប្រជាជន ចិន-អាមេរិក ប្រារព្ធដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំទីក្រុងញូវយ៉ក

ប្រភព: YUNNAN GATEWAY   |    2025-09-12 17:19:17

នៅថ្ងៃទី ២៩ ខែសីហា កម្មវិធីនិប្រគំតន្ត្រីនិទានរឿង ស៊ីមហ្វូនិក អំពីមិត្តភាពរវាងប្រជាជន និងប្រជាជន ចិន-អាមេរិក ដែលរៀបចំដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ស្ថានទូតប្រទេសចិនប្រចាំសហរដ្ឋអាមេរិក និងស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំទីក្រុងញូវយ៉ក និងទទួលបន្ទុកអនុវត្តដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរទ្វីបប្រទេសចិន និងមូលនិធិបេតិកភណ្ឌអាកាសចរណ៍អាមេរិក-ចិន បានប្រារព្ធឡើងដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំទីក្រុងញូវយ៉ក។ ក្នុងនាមជាព្រឹត្តិការណ៍ដែលបានធ្វើឡើងបន្ទាប់ពីកម្មវិធីថ្ងៃទី ២៧ ខែសីហា នៅស្ថានទូតប្រទេសចិនប្រចាំសហរដ្ឋអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយចាត់ទុកការរំលឹកខួបលើកទី ៨០ នៃការទទួលជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងពួកហ្វាស៊ីសពិភពលោក"ជាស្នូល និងតាមរយៈទម្រង់បែបច្នៃប្រឌិត "តន្ត្រីស៊ីមហ្វូនិក+ការនិទានរឿង+ការបង្ហាញរូបភាពនិងអត្ថបទ" ហើយបានទាក់ទាញភ្ញៀវជិត ២០០ រូបដែលមកពីមជ្ឈដ្ឋានផ្សេងៗក្នុងតំបន់ស្ថានកុងស៊ុលឱ្យចូលរួមទស្សនា  ដើម្បីរំលឹកឡើងវិញនូវអតីតកាលដ៏រុងរឿងដែលកងទ័ព និងប្រជាជនចិន និងអាមេរិកពួតដៃគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងពួកហ្វាស៊ីសនិយមជប៉ុន ដោយបានកសាងស្ពាននៃមនោសញ្ចេតនាឆ្លងកាត់ពេលវេលា និងលំហ សម្រាប់បង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

លោក ឆឹន លី អគ្គកុងស៊ុលប្រទេសចិនប្រចាំទីក្រុងញូវយ៉ក បានមានប្រសាសន៍ថា កាលពី ៨០ ឆ្នាំមុន ក្នុងនាមជាសមរភូមិសំខាន់នៅបូព៌ាប្រទេសនៃសង្គ្រាមប្រឆាំងពួកហ្វាស៊ីសពិភពលោក សមរភូមិចិនបានរួមចំណែកយ៉ាងសំខាន់ដែលមិនអាចជំនួសបានសម្រាប់ការទទួលជ័យជម្នះចុងក្រោយក្នុងសង្គ្រាមនេះ។ ប្រទេសចិន ​និង​អាមេរិក​រួបរួម​គ្នា និងប្រកៀកស្មាគ្នាក្នុងការ​ប្រឆាំង​នឹង​សត្រូវ ដោយ​បង្កើត​ឡើងនូវទិដ្ឋភាពដ៏អស្ចារ្យដែលប្រកបដោយភាព​ក្លាហាន ​និង​យុត្តិធម៌។ ប្រវត្តិសាស្រ្តរួមគ្នាដែលបង្កើតដោយការបង្ហូរឈាម និងស្រក់ទឹកភ្នែកនេះ គឺជានិមិត្តសញ្ញាជានិរន្តរ៍ និងជាទ្រព្យសម្បត្តិដ៏មានតម្លៃនៃចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដែលយើងទាំងអស់គ្នាគួរតែថ្នាក់ថ្នម ថែរក្សា និងទទួលបន្តដោយយកចិត្តទុកដាក់។ លោក ឆឹន លី បានបញ្ជាក់ថា ប្រវត្តិសាស្រ្តនៃសង្គ្រាមលោកលើកទី ២ មិនអាចត្រូវបានកែប្រែឡើយ ហើយយើងចាំបាច់ត្រូវតែគាំពារលទ្ធផលជាផ្លែផ្កានៃជ័យជំនះ។ ការរំលឹកឡើងវិញនូវប្រវត្តិសាស្រ្ត គឺដើម្បីដើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ។ ការពិចារណាឡើងវិញពីសង្គ្រាម គឺដើម្បីការពារយុត្តិធម៌ និងសន្តិភាពឱ្យកាន់តែមានភាពរឹងមាំ។ ៨០ឆ្នាំកន្លងផុតទៅហើយ ផ្សែងនៃសង្រ្គាមនៅមិនទាន់រសាយនោះទេ ចំណែកសន្តិភាព និងសន្តិសុខនៅតែជាផលិតផលសាធារណៈដ៏មានតម្លៃបំផុត។ ប្រទេសចិន និងអាមេរិកគួរតែស្រូបយកប្រាជ្ញា និងកម្លាំងពីប្រវត្តិសាស្ត្រ ដើម្បីកសាងពិភពលោកមួយដែលកាន់តែមានសន្តិភាព បរិយាបន្ន និងសន្តិសុខសម្រាប់កូនចៅជំនាន់ក្រោយ។

លោក គូដរិក សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាមូលនិធិបេតិកភណ្ឌអាកាសចរណ៍អាមេរិក-ចិន បានរៀបរាប់ពីរឿងដ៏អស្ចារ្យដែលឪពុករបស់លោកបើកយន្តហោះចម្បាំងប្រភេទខ្លាហោះ ឆ្លងកាត់ផ្លូវ Hump ចំនួន ៨៨ ដង។ លោកបានបញ្ជាក់ថា ឥឡូវនេះ ឪពុករបស់ខ្ញុំមានអាយុ ១០១ ឆ្នាំហើយ។ យើងបានសង្ឃឹមថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃគ្រប់មជ្ឈដ្ឋាននៃប្រទេសអាមេរិក និងប្រទេសចិន ស្មារតីនៃខ្លាហោះ នឹងត្រូវបានបញ្ជូនបន្តពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីជំរុញមិត្តភាពរវាងប្រជាជនអាមេរិក និងចិនឱ្យបន្តរីកចម្រើនទៅមុខឥតឈប់ឈរ។

នៅក្នុងព្រឹត្តិការណ៍នេះ វង់តន្រ្តីស៊ីមហ្វូនិកក្រុងនីងប៉បានសម្តែងភ្លេងដ៏ល្បីឈ្មោះដូចជា "Yellow River Cantata" និង "Auld Lang Syne" ហើយភ្ញៀវកិត្តិយស និងអ្នកនិទានរឿងចិន និងអាមេរិក បានរួមគ្នារៀបរាប់ពីរឿងដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៥ អំពីការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសចិន និងសហរដ្ឋអាមេរិកនៅលើសមរភូមិ។ រឿងទី១ គឺ រឿងរ៉ាវដែលទាក់ទិននឹង "ការកាប់សម្លាប់ដ៏ឃោរឃៅនៅក្រុងណានជីង" ដោយបានរៀបរាប់ឡើងវិញពីការខិតខំប្រឹងប្រែងរបស់ជនជាតិចិន និងបរទេសដែលបានព្យាយាមកត់ត្រាការពិត និងថែរក្សាយុត្តិធម៌ក្នុងអំឡុងសោកនាដកម្មនេះ ដើម្បីបង្ហាញពីអារម្មណ៍នៃការស្រឡាញ់សុខសន្តិភាព។ រឿងទី២ គឺ រឿងរ៉ាវអំពី "ជំរំឃុំឃាំងស្រុកវៃសៀន" ដែលបង្ហាញពីការគាំទ្រគ្នាទៅវិញទៅមក និងការរួមគ្នាយកឈ្នះរាល់ការលំបាករបស់ជនជាតិចិន និងអាមេរិកនៅក្នុងជំរំឃុំឃាំង។ រឿងទី ៣ គឺ រឿងរ៉ាវអំពី "ប្រតិបត្តិការ Doolittle" ដែលបានបង្ហាញពីវីរភាពរបស់ទាហាន និងប្រជាជនស៊ីវិលចិន និងអាមេរិក ដែលបានខិតខំសង្គ្រោះជីវិត និងការពារសមមិត្តបន្ទាប់ពីប្រតិបត្តិការនេះ។ រឿងទី ៤ គឺ រឿងរ៉ាវអំពី "កងកម្លាំងខ្លាហោះ" ដែលបានរៀបរាប់ពីសកម្មភាពវីរភាពរបស់សមាជិកនៃកងកម្លាំងខ្លាហោះ នៅពេលពួកគេចូលសមរភូមិយ៉ាងក្លាហាន ហើយរួមសហការគ្នាជាមួយទាហាន និងប្រជាជនស៊ីវិលចិន ដើម្បីការពារដែនអាកាស។ រឿងទី ៥ គឺ រឿងរ៉ាវអំពី "ផ្លូវ Hump" ដែលបានរៀបរាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកចិន និងអាមេរិក ដែលយកឈ្នះរាល់ការលំបាកដើម្បីបង្កើតផ្លូវអាកាសចណ៍ដ៏សំខាន់មួយនេះ ហើយបានផ្តល់កិច្ចធានាដល់ការដឹកជញ្ជូនសម្ភារៈដើម្បីផ្តល់ការគាំទ្រដល់សមរភូមិ។ រឿងរ៉ាវទាំងនេះបានជួយអ្នកទស្សនាឱ្យមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីមិត្តភាពរវាងប្រជាជនចិន និងអាមេរិក ដោយឆ្លងកាត់ពេលវេលា និងលំហ។

  

ក្នុងឱកាសព្រឹត្តិការណ៍នោះ លោក ឆឹន លី និងភ្ញៀវនានាក៏បានទៅទស្សនា "ការប្រយុទ្ធដោយប្រកៀកស្មាគ្នា៖ ពិព័រណ៍រូបថតអំពីការរួមគ្នាប្រឆាំងនឹងពួកហ្វាស៊ីសរបស់ប្រជាជនចិន និងអាមេរិក"។ ការតាំងពិព័រណ៍នេះបានជ្រើសរើសរូបថតប្រវត្តិសាស្ត្រដ៏មានតម្លៃចំនួនជាង ៣០០ ដែលបង្ហាញពីទិដ្ឋភាពប្រវត្តិសាស្ត្រសំខាន់ៗដូចជា "ការជួយសង្គ្រោះអន្តរជាតិក្នុងអំឡុងពេលកាប់សម្លាប់ដ៏ឃោរឃៅនៅក្រុងណានជីង" "កងកម្លាំងខ្លាហោះចូលរួមការប្រយុទ្ធដើម្បីគាំទ្រប្រទេសចិន" "ការដឹកជញ្ជូនតាមផ្លូវ Hump" និង "ការសង្គ្រោះនៃប្រតិបត្តិការ Doolittle" ជាដើម ដែលបានពិពណ៌នាយ៉ាងរស់រវើកអំពីទិដ្ឋភាពដ៏រុងរឿងដែលប្រទេសចិន និងអាមេរិករួមគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវ។ បន្ទាប់ពីបានទស្សនាពិព័រណ៍នេះ ភ្ញៀវជាច្រើនបានថ្លែងចំណាប់អារម្មណ៍ថា ទោះបីជារយៈពេល ៨០ ឆ្នាំបានកន្លងផុតទៅហើយ ក៏ប៉ុន្តែយើងមិនអាចបំភ្លេចនូវការរងទុក្ខវេទនា និងការលះបង់នៅសម័យនោះឡើយ ហើយកូនចៅជំនាន់ក្រោយរបស់យើងគួរតែទទួលបន្តទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រជាជនចិន និងអាមេរិក និងបន្តសរសេរជំពូកថ្មីនៃចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីស្ថាប័នខេត្ត និងក្រុងផ្សេងៗក្នុងប្រទេសចិន រួមមានខេត្តជាំងស៊ូ ជឺជាំង សានតុង យូណាន និងក្វាងស៊ីជាដើម ដែលមិនត្រឹមតែជាការរំលឹកយ៉ាងជ្រាលជ្រៅដល់ខួបលើកទី ៨០ នៃការទទួលជ័យជម្នះក្នុងសង្គ្រាមប្រឆាំងពួកហ្វាស៊ីសពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏បានចាក់បញ្ចូលនូវភាពកក់ក្តៅនៃប្រវត្តិសាស្រ្ត និងចំណងមិត្តភាពរវាងប្រជាជនចិន និងអាមេរិកក្នុងយុគសម័យថ្មី ព្រមទាំងបានប្រមូលកម្លាំងស៊ីវិលដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយភាពប្រសើរនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈ "ការប្រគំតន្ត្រី និងការនិទានរឿង" ផងដែរ៕

អ្នកបកប្រែ៖ Shen Yan(កល្យាណ), Li Xuanzhi

ស្វែងយល់អំពីប្រទេសចិន៖ កម្មវិធីប្រគំតន្ត្រីនិទានរឿង ស៊ីមហ្វូនិក អំពីមិត្តភាពរវាងប្រជាជន និងប្រជាជន ចិន-អាមេរិក ប្រារព្ធដោយជោគជ័យនៅស្ថានអគ្គកុងស៊ុលប្រទេសចិនប្រចាំទីក្រុងញូវយ៉ក