ពិព័រណ៍ប្រធានបទ "កម្មសិទ្ធិបញ្ញាក្នុងប្រទេសចិន" ត្រូវបានរៀបចំឡើងនៅទីក្រុងហ្សឺណែវ
ថ្មីៗនេះ ពិព័រណ៍ប្រធានបទ "ការការពារការធ្វើបរិវត្តកម្ម និងការកសាងអនាគតរួមគ្នា -កម្មសិទ្ធិបញ្ញាក្នុងប្រទេសចិន" បានបើកសម្ពោធនៅទីស្នាក់ការកណ្តាលរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ពិព័រណ៍នេះចែកចេញជាបួនផ្នែកគឺ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រព័ន្ធច្បាប់ ការការពារកម្មសិទ្ធិបញ្ញា និងការពង្រឹងឧស្សាហកម្ម តាមរយៈរូបភាព វីដេអូ ការបង្ហាញវត្ថុពិត ការទទួលយកបទពិសោធន៍អន្តរកម្ម ករណី និងការសម្តែងជាដើម ដើម្បីបង្ហាញយ៉ាងទូលំទូលាយអំពីប្រវត្តិនៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃឧស្សាហកម្មកម្មសិទ្ធិបញ្ញារបស់ប្រទេសចិន និងបង្ហាញពីតួនាទីសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការលើកទឹកចិត្តឱ្យមានការធ្វើបរិវត្តកម្ម និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ថែមទាំងឆ្លុះបញ្ចាំងពីគំនិតជាក់ស្តែង និងការអនុវត្តយ៉ាងរស់រវើករបស់ប្រទេសចិន នៃការចូលរួមយ៉ាងស៊ីជម្រៅក្នុងអភិបាលកម្មសិទ្ធិបញ្ញាជាសាកល និងការលើកកម្ពស់ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃឧស្សាហកម្មកម្មសិទ្ធិបញ្ញា។
នៅក្នុងពិធីបើក របាយការណ៍គម្រោងស្រាវជ្រាវអំពីគំរូករណីដ៏ល្អប្រសើរឈ្មោះ"IPនិងឧស្សាហកម្មច្នៃប្រឌិត - រឿងរ៉ាវជីងឌឺជិន"ដែលធ្វើឡើងរួមគ្នាដោយរដ្ឋបាលជាតិកម្មសិទ្ធិបញ្ញានៃប្រទេសចិន និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកត្រូវបានចេញផ្សាយជាផ្លូវការ។ ពិធីបើកដំណើរនេះ ក៏មានការសំដែងវប្បធម៌ ភ្លក់ម្ហូបចិន និងសកម្មភាពផ្សេងៗទៀត។ ពិព័រណ៍ប្រធានបទនឹងមានរយៈពេលរហូតដល់ការបិទសន្និបាតរដ្ឋសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកនៅថ្ងៃទី១៧ ខែកក្កដា៕