"ពិព័រណ៍ចិន-អាស៊ីខាងត្បូងនាំមកនូវដៃគូថ្មី"
ក្នុងអំឡុងពេលពិព័រណ៍ចិន-អាស៊ីខាងត្បូង ស្តង់ខ្មែរមួយនៅសាលលេខ ៦ មានប្រជាពលរដ្ឋជាច្រើនមកទិញទំនិញ។ លោក ចាំង មីង នាយករងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ចិន គុនមីង ដែលទទួលបន្ទុកលើស្តង់ពិព័រណ៍នេះ បានប្រាប់អ្នកយកព័ត៌មានថា ទោះបីជាមិនសូវមានអ្នកតាំងពិព័រណ៍ និងស្តង់កម្ពុជាមិនមានច្រើនក៏ដោយ ប៉ុន្តែការតាំងពិព័រណ៍នេះសម្បូរទៅដោយភាពចម្រុះ ដែលភាគច្រើនរួមមានកសិផលពិសេស និងកសិផលកែច្នៃ និងផលិតផលថែរក្សាស្បែកមកពីកម្ពុជា។ ក្នុងចំណោមនោះ អង្ករផ្កាម្លិះ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ម្រេច កាហ្វេ ជាដើមរបស់កម្ពុជា ទទួលបានការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់។ លោកបានបន្ថែមថា "ចាប់ពីថ្ងៃបើកលក់រហូតដល់ថ្ងៃទី ២៣ យើងលក់គ្រាប់ស្វាយចន្ទីបានជាង ៣៥០០ ប្រអប់ និងអង្ករក្រអូបខ្មែរជិត ២ តោន"។
លោក ចាំង មីងបានណែនាំថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា-ចិន គុនមីងគឺជាក្រុមហ៊ុនវិនិយោគដោយឯកជន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ ដែលអាជីវកម្មគ្របដណ្តប់លើវិស័យទេសចរណ៍ចិន-កម្ពុជា ការប្រឹក្សាការតាំងពិព័រណ៍ និងពាណិជ្ជកម្មនាំចេញ និងនាំចូលផលិតផលកសិកម្ម សិប្បកម្មរបស់កម្ពុជា។ល។ គិតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោក ចាំង មីងបានពង្រីកទីតាំងចែកចាយចំនួន ៤៥ នៅទូទាំងប្រទេសចិនតាមរយៈពិព័រណ៍ចិន-អាស៊ីខាងត្បូង។ លោកបាននិយាយថា "តាមរយៈពិព័រណ៍ចិន-អាស៊ីខាងត្បូងយើងមិនត្រឹមតែនាំមកនូវទំនិញគុណភាពខ្ពស់ដែលនាំចូលពីកម្ពុជាទៅកាន់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ទំនាក់ទំនងជាមួយអ្នកចែកចាយទូទាំងប្រទេសចិន និងបានស្គាល់មិត្តថ្មីមកពីទូទាំងពិភពលោកផងដែរ"។
លោក ចាំង មីងបានចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូទាំងប្រាំបួនលើកចាប់តាំងពីការលើកដំបូងក្នុងឆ្នាំ ២០១៣។ សម្រាប់គាត់ ពិព័រណ៍ចិន-អាស៊ីខាងត្បូគឺជា "មិត្តចាស់" ដែលគាត់ចង់ជួបជារៀងរាល់ឆ្នាំ ហើយពិព័រណ៍ចិន-អាស៊ីខាងត្បូងនីមួយៗនាំមកនូវបទពិសោធន៍ថ្មី ឱកាសអាជីវកម្មថ្មី និងដៃគូថ្មីដល់គាត់។ លោកបានប្រាប់អ្នកកាសែតថា "គិតដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួនជាងដប់បានមកពិគ្រោះអាជីវកម្ម ហើយក្រុមហ៊ុនចំនួនប្រាំមួយបានទិញគំរូអង្ករក្រអូប ម្រេច កាហ្វេ និងគ្រាប់ស្វាយចន្ទី"។ ជាការពិត បើប្រៀបធៀបនឹងបរិមាណលក់នៅលើពិព័រណ៍ លោក ចាំង មីង កាន់តែទន្ទឹងរង់ចាំក្នុងការពង្រីកបណ្តាញលក់ថ្មីសម្រាប់ក្រុមហ៊ុន។
និយាយអំពីបទពិសោធន៍នៃការតាំងពិព័រណ៍ និងអាថ៌កំបាំងដើម្បីជោគជ័យ លោក ចាំង មីងបានញញឹម ហើយនិយាយថា "ផលិតផលមានគុណភាពល្អ និងតម្លៃសមរម្យ ទើបមានអតិថិជនដដែលត្រឡប់មកវិញកាន់តែច្រើន"។ លោក លាវពលរដ្ឋម្នាក់ដែលកំពុងទិញអង្ករក្រអូបខ្មែរនៅស្តង់នោះបាននិយាយថា "ថ្ងៃនេះ ខ្ញុំមកទីនេះជាពិសេសដើម្បីទិញអង្ករក្រអូបផ្កាម្លិះកម្ពុជា នឹងរៀបចំស្តុកទុកសម្រាប់គ្រួសាររបស់ខ្ញុំនៅឆ្នាំនេះ"។ អ្នកស្រី លីដែលជាអ្នកទិញមកពីខេត្តហឺណានបានផ្លាស់ប្តូរព័ត៌មានទំនាក់ទំនងជាមួយលោក ចាំង មីង ហើយសូមគាត់ជួយផ្ញើផលិតផលមួយចំនួនទៅកាន់ហាងរបស់នាងដើម្បីលក់។ លោក ចាំង មីងបាននិយាយជាមួយនឹងមិត្តថ្មីទាំងអស់ដែលមកទិញផលិតផល និងភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មថា "សូមស្វាគមន៍មកលេងស្តង់ពិព័រណ៍ម្តងទៀតក្នុងពិព័ណ៍ចិន-អាស៊ីខាងត្បូងនៅឆ្នាំក្រោយ"!
អ្នកយកព័ត៌មាន៖ Shen Yan(កល្យាណ)
អ្នកបកប្រែ៖ Shen Yan(កល្យាណ)