ស្តាប់រឿងរ៉ាវសុភមង្គលរបស់ពួកគេ នៅភូមិមួយក្បែរព្រំដែនខេត្តយូណាន

ប្រភព: កាសែតយូណានដេលី   |    2025-11-06 16:36:57

នៅក្នុងដំណើរការនៃការកសាង “ខ្សែក្រវាត់អនុវត្តអរិយធម៌សម័យថ្មី ដើម្បីវិបុលភាពខេត្តយូណាន និងពង្រឹងតំបន់ព្រំដែន” នៅក្នុងខេត្តយូណាន មានការអនុវត្តជាក់ស្តែងជាច្រើនអំពីប្រទេសចិននិងប្រជាជនមកពីប្រទេសដទៃទៀត ដែលរួបរួមគ្នាដើម្បីបង្កើតជីវិតកាន់តែប្រសើរឡើង។ នៅខេត្តយូណាន ជាមួយនឹងការគោរព ការយោគយល់អធ្យាស្រ័យ និងការរៀនសូត្រពីគ្នាទៅវិញទៅមក បាននាំមកនូវឱកាសអភិវឌ្ឍន៍ដល់ប្រទេសជិតខាង បើកផ្លូវសម្រាប់យុវជនមកពីគ្រប់ប្រទេសឱ្យសម្រេចក្តីសុបិន្ត និងផ្តល់ឱ្យពួកគេនូវអារម្មណ៍ពិតប្រាកដនៃសមិទ្ធិផល និងសុភមង្គល។

 

បើករមណីយដ្ឋានបែបជនបទ – លោក យូ អូលីង អ្នកភូមិម្នាក់នៅតាមព្រំដែនបានបង្កើនប្រាក់ចំណូល

លោក យូ អូលីង ជាជនជាតិនូ ហើយអាវក្រណាត់នៅលើខ្លួនរបស់គាត់មានពណ៌ភ្លឺចែងចាំង គាត់បានចែករំលែកថា៖ "ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាបុណ្យជាតិឆ្នាំនេះ ខ្ញុំបានពាក់អាវនេះ ហើយបានទទួលភ្ញៀវទេសចរចំនួន ១៥,៧០០ នាក់ជាមួយអ្នកភូមិ មិត្តភក្តិជាច្រើនថែមទាំងបានខ្ចីអាវនេះដើម្បីថតរូបទៀតផង!" នៅឆ្នាំ ២០០១ លោក យូ អូលីង បានបើក “រមណីយដ្ឋានបែបជនបទ Nusuli” ដោយក្លាយជាមនុស្សដំបូងគេនៅក្នុងភូមិដែល “រកប្រាក់ចិញ្ចឹមជីវិតពីវិស័យទេសចរណ៍”។ លោក​បាន​បញ្ចូល​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាមួយ​នឹង​ប្រតិបត្តិការ​អាជីវកម្ម ដោយ​បើក​ថ្នាក់បង្រៀន​ឥត​គិត​ថ្លៃ​៖ “ខ្ញុំ​បង្រៀន​អ្នកភូមិ​ឲ្យ​ច្រៀង​ចម្រៀង​ប្រជាប្រិយ និង​រាំ​របាំ​ជនជាតិ​នូ គ្រាន់តែកាល​ពី​ឆ្នាំ​មុន ខ្ញុំ​បាន​បង្រៀន​មនុស្ស​ជាង ៣០០ នាក់”។ គាត់ក៏បានរៀបចំការសម្តែងបេតិកភណ្ឌវប្បធម៌អរូបី និងពិធីបុណ្យភ្លើង ដើម្បីធ្វើឱ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍វប្បធម៌ជនជាតិនូ។

បច្ចុប្បន្ននេះ ភូមិឡៅមូតេងដែលគាត់រស់នៅ បានបង្កើតតំបន់បេតិកភណ្ឌវប្បធម៌អរូបីចំនួនពីរ និងផ្ទះសំណាក់ជាង ៣០ ដែលបង្កើតបានជាគំរូ "បេតិកភណ្ឌវប្បធម៌អរូបី + ទេសចរណ៍" អ្នកភូមិជាង ៥០០ នាក់រកបានការងារនៅជិតផ្ទះ ហើយភូមិនេះទទួលបានភ្ញៀវទេសចរជាង ២៣ ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដែលបង្កើតប្រាក់ចំណូលវប្បធម៌និងទេសចរណ៍សរុបជាង ២៨.៦ លានយ័ន។ ឧបករណ៍ភ្លេង "Dabiya" ក្នុងដៃរបស់គាត់បានក្លាយជា "ឯកអគ្គរដ្ឋទូតវប្បធម៌" ហើយនៅឆ្នាំនេះគាត់បានយកឧបករណ៍ភ្លេងនេះទៅសម្តែងនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។​ “ធ្វើឲ្យពិភពលោកបានស្តាប់ឮបទចម្រៀងជនជាតិរបស់ពួកយើង”។ លោក Yu Wulin និយាយដោយមោទនភាព។

 

បទពិសោធន៍វប្បធម៌ - កាដូដែលអ្នកភូមិក្នុងតំបន់រៀបចំសម្រាប់ភ្ញៀវទេសចរ

ក្នុងទីក្រុងថឹងឆុង ខេត្តយូណាន មានភូមិមួយឈ្មោះ ស៊ីម៉ូឡា នៅទីនេះមានជនជាតិវ៉ា រស់នៅជាច្រើន ។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ អ្នកភូមិបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីវប្បធម៌ជនជាតិវ៉ា ដោយបានផ្លាស់ប្តូរពិធីបុណ្យប្រពៃណីដូចជា ពិធីជប់លៀងស្តេចវ៉ា ពិធីបុណ្យអង្ករថ្មី និងពិធីបុណ្យភ្នក់ភ្លើង ទៅជាគម្រោងបទពិសោធន៍វប្បធម៌ ដែលភ្ញៀវទេសចរអាចចូលរួមយ៉ាងស៊ីជម្រៅ។ ទន្ទឹមនឹងនេះ រដ្ឋបាលមូលដ្ឋានប្រើប្រាស់វិធីសាស្រ្តដែលអាចទាក់ទងគ្នាបាន ដូចជាកិច្ចប្រជុំភ្នក់ភ្លើង និងកិច្ចប្រជុំនៅទីវាល ដោយប្រើប្រាស់ភាសាដែលអ្នកភូមិអាចស្តាប់យល់ ដើម្បីពន្យល់ពីគោលនយោបាយ និងពិភាក្សាអំពីការអភិវឌ្ឍរួមគ្នា ។

ភូមិនេះក៏បានសហការជាមួយអាជីវកម្មនានា ដើម្បីបង្កើតហាងលក់ទំនិញវប្បធម៌ និងច្នៃប្រឌិត "Simola's Gift" ដែលរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់នូវមុខម្ហូបពិសេសក្នុងតំបន់ដូចជា តែដើមឈើបុរាណ និងនំអង្ករ ជាមួយនឹងធាតុផ្សំទំនើបៗដូចជា កាហ្វេ ភីហ្សា និងផលិតផលវប្បធម៌ និងច្នៃប្រឌិត ។ នំតូចមួយនេះ បានភ្ជាប់ឧស្សាហកម្មទាំងមូលដោយជោគជ័យ ដូចជា ផ្ទះសំណាក់ ម្ហូបអាហារ ក៏ដូចជាឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត។

 

រថភ្លើងល្បឿនលឿន—សុភមង្គលរបស់និស្សិតឡាវ Ye Gala បានកើនឡើងទ្វេដង

បើនិយាយចំពោះនិស្សិតឡាវឈ្មោះ Ye Gala នៅវិទ្យាល័យវិជ្ជាជីវៈ ក្នុងស្រុកមឹងឡា ខេត្តយូណាន “លឿនណាស់” មិនត្រឹមតែជាការពិពណ៌នាអំពីផ្លូវដែកចិន-ឡាវប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីយុវវ័យ និងក្តីសុបិន្តដែលកំពុងក្លាយជាការពិតរបស់គាត់ផងដែរ។ បងស្រីពីរនាក់របស់គាត់ធ្លាប់បានសិក្សានៅសាលានេះ។ បន្ទាប់ពីបញ្ចប់ការសិក្សា បងស្រីរបស់ខ្ញុំនិងមិត្តរួមថ្នាក់របស់គាត់ខ្លះបានក្លាយជាអ្នកបើកបររថភ្លើងដ៏ឆ្នើមនៅលើផ្លូវដែកចិន-ឡាវ អ្នកខ្លះបានប្រឡូកក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ហើយអ្នកខ្លះទៀតបានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដោយជោគជ័យ... “ជីវិតដ៏អស្ចារ្យរបស់ពួកគេបានបំភ្លឺផ្លូវឆ្ពោះទៅមុខសម្រាប់ខ្ញុំ”។

ស្រុកកំណើតរបស់ Yegala ក៏បានឡើងជិះខ្សែរថភ្លើងអភិវឌ្ឍន៍ "លឿនណាស់" នេះដែរ។ កាលពីមុន ផ្លែស្វាយផ្អែម និងផ្លែមៀន តែងតែរលួយនៅក្នុងចំការ ដោយសារតែការដឹកជញ្ជូនមិនរលូន។ បច្ចុប្បន្ន ផ្លែឈើទាំងនេះត្រូវបានបេះនៅពេលព្រឹក ហើយមកដល់ផ្សារគុនមីងនៅពេលល្ងាច។ “រាល់ពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញ ឃើញឡានដឹកទំនិញមមាញឹកនិងស្នាមញញឹមរបស់អ្នកភូមិដទៃទៀត ខ្ញុំពិតជាមានអារម្មណ៍ថា ថ្ងៃល្អៗកំពុងរត់មករកពួកយើងតាមបណ្តោយខ្សែផ្លូវរថភ្លើង”។ លោក Yegala បាននិយាយថា បន្ទាប់ពីបញ្ចប់ការសិក្សា លោកសង្ឃឹមថានឹងក្លាយជាស្ពានតភ្ជាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ ដូចបងស្រីរបស់លោកដែរ ដើម្បីឱ្យអ្នកភូមិកាន់តែច្រើនទៀតអាចចែករំលែកអត្ថប្រយោជន៍ដែលនាំមកដោយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ។

 

ផ្លូវរថភ្លើងយូណាន-វៀតណាម – ការតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្នរបស់ក្មេងស្រីវៀតណាម Hoang Thu Hien

នៅក្នុងក្រសែភ្នែករបស់ក្មេងស្រីវៀតណាមឈ្មោះ Hoang Thu Hienផ្លូវរថភ្លើងយូណាន-វៀតណាម បានវិវត្តន៍ពី “ខ្សែជីវិតក្នុងអំឡុងសង្គ្រាម” ទៅជាតំណភ្ជាប់បើកចំហមួយ ដោយបង្ហាញពីមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រជាជនចិន និងវៀតណាម អស់រយៈពេលជាច្រើនសតវត្សមកហើយ។

នៅតាមបណ្តោយផ្លូវរថភ្លើងយូណាន-វៀតណាម កញ្ញា Hoang Thu Hienបានបញ្ចប់ការសិក្សានៅវិទ្យាល័យវិជ្ជាជីវៈក្នុងស្រុកស្វយ័តហឺគូយ៉ាវ ខេត្តយូណាន ហើយបានក្លាយជា “អ្នកផ្សព្វផ្សាយ” វប្បធម៌ចិន-វៀតណាម។ តាមរយៈការចូលរួមក្នុងសកម្មភាពវប្បធម៌នានា នាងបានបង្ហាញការសម្តែងអាវផាយ និងការសម្តែងអាយ៉ងនៅក្នុងទឹករបស់ប្រទេសវៀតណាមដល់មិត្តភក្តិចិនរបស់នាង ហើយក៏បានណែនាំសិល្បៈសរសេរអក្សរផ្ចង់ និង តែរបស់ប្រទេសចិនដល់ជនរួមជាតិវៀតណាមរបស់នាងផងដែរ។ “ខ្ញុំពិតជារីករាយណាស់ដែលបានមកដល់ខេត្តយូណាន ហើយរីករាយនឹងអនាគតដ៏ភ្លឺស្វាង និងសុភមង្គលនៅទីនេះ”។ នៅក្នុងព្រឹត្តិការណ៍នេះ កញ្ញា Hoang Thu Hien បានបង្ហាញស្នាដៃសរសេរអក្សរផ្ចង់មួយ ដែលសរសេរថា “ប្រទេសចិន និងវៀតណាមជាគ្រួសារតែមួយ”—នេះជាអ្វីដែលនាងចង់និយាយបំផុត ហើយក៏ជាការរំពឹងទុករួមរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

 

សួនឧស្សាហកម្ម​ព្រំដែន​ – –ជនរួមជាតិរបស់លោកបណ្ឌិត Htike Lwin Ko ជនជាតិមីយ៉ាន់ម៉ាមាន “ផ្ទះ​ទី​ពីរ”

“លឿន” គឺជាបទពិសោធន៍ភ្លាមៗនៃការជិះរថភ្លើងចិន-ឡាវ ហើយក៏ឆ្លុះបញ្ចាំងពីការរំពឹងទុកយ៉ាងជ្រាលជ្រៅរបស់លោកបណ្ឌិត Htike Lwin Koជនជាតិមីយ៉ាន់ម៉ារស់នៅក្នុងខេត្តយូណាន ចំពោះការសាងសង់ច្រករបៀងសេដ្ឋកិច្ចផងដែរ។ “ខ្ញុំសង្ឃឹមថា ច្រករបៀងសេដ្ឋកិច្ចមីយ៉ាន់ម៉ា-ចិន ក៏អាចបង្កើនល្បឿនដូចផ្លូវរថភ្លើងចិន-ឡាវដែរ”។ នៅ​ក្រុង យួលី លោក Htike Lwin Koiបាន​មើ់លឃើញ​ទិដ្ឋភាព​ថ្មី​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ចិន-មីយ៉ាន់ម៉ា៖ រោងចក្រ​ជាច្រើន​បាន​លេចឡើង​នៅ​ក្នុង​សួនឧស្សាហកម្ម​ព្រំដែន ដែល​បង្កើត​ការងារ​រាប់ម៉ឺន​សម្រាប់​ប្រទេស​ទាំងពីរ។ “មិត្តភក្តិមីយ៉ាន់ម៉ាជាច្រើនបានរៀនជំនាញ និងបង្កើតមិត្តភាពនៅក្នុងឧទ្យាននេះ ហើយជីវិតរបស់ពួកគេពោរពេញដោយក្តីសង្ឃឹម”។ ចំពោះលោក Htike Lwin Ko កិច្ចសហប្រតិបត្តិការឧស្សាហកម្មបានក្លាយជាស្ពានរឹងមាំមួយទៀតរវាងប្រទេសចិន និងមីយ៉ាន់ម៉ា ៕

អ្នកយកព័ត៌មាន៖ Zhang Yinglin, Wang Yunya, Shen Yan

អ្នកបកប្រែ៖លីហ្សា

ស្តាប់រឿងរ៉ាវសុភមង្គលរបស់ពួកគេ នៅភូមិមួយក្បែរព្រំដែនខេត្តយូណាន