ស៊ីសួងបានណា៖ ការតភ្ជាប់បេះដូង និងបើកផ្លូវឆ្ពោះទៅរកសុភមង្គល
តើផ្លូវរថភ្លើងមួយខ្សែអាចបញ្ចេញថាមពលបានប៉ុន្មាន? ប្រជាជននៃមណ្ឌលស្វយ័តជនជាតិតៃ ស៊ីសួងបានណា ក្នុងខេត្តយូណាន ដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើង មានអ្វីដែលត្រូវនិយាយច្រើនជាងគេ។
លោក អៃ ស៊ូ ជាមេភូមិ ដែលបានធ្វើការនៅក្នុងភូមម៉ាន់លា ស្រុកម៉េងឡា មណ្ឌលស៊ីសួងបានណា អស់រយៈពេល ៣១ ឆ្នាំមកហើយ បានរៀបរាប់ប្រាប់អំពីការផ្លាស់ប្តូរនៅក្នុងភូមិចាប់តាំងពីការបើកផ្លូវរថភ្លើងចិន-ឡាវ។ “កាលពីមុន អ្នកភូមិពឹងផ្អែកលើការចៀរជ័រកៅស៊ូ និងការធ្វើស្រែចម្ការដើម្បីរកប្រាក់ចំណូលបានតិចតួច។ ឥឡូវនេះ គ្រួសារនីមួយៗអាចរកចំណូលបានពី ៣ ទៅ ៤ ពាន់យាន់ គ្រាន់តែពីទីផ្សារប្រចាំខែ។ នៅថ្ងៃទីផ្សារ មនុស្សគ្រប់គ្នារៀបចំតូបលក់អាហារសម្រន់ សិប្បកម្ម និងរបស់របរផ្សេងៗទៀតរបស់ជនជាតិភាគតិចតៃ ដែលទាក់ទាញអ្នកស្រុក និងអ្នកទេសចរជាច្រើន។ ភូមិនេះមានភាពរស់រវើកដូចជាពិធីបុណ្យមួយដូច្នេះដែរ”។

ស្រុកម៉េងឡាស្ថិតនៅចុងខាងត្បូងបំផុតនៃខេត្តយូណាន ដែលមានព្រំដែនជាប់នឹងប្រទេសឡាវ ហើយភូមិម៉ាន់លាមានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីស្រុកម៉េងស៊ីន ក្នុងប្រទេសឡាវ។ ការបើកផ្លូវរថភ្លើងចិន-ឡាវបាននាំមកនូវឱកាសអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុនមកដល់ភូមិព្រំដែននេះ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជនចិន និងឡាវ។
ជាមួយនឹងការដឹកជញ្ជូនកាន់តែប្រសើរ និងភ្ញៀវទេសចរកាន់តែច្រើនឡើង ភូមិនេះបានរៀបចំព្រឹត្តិការណ៍ដូចជា "ពិព័រណ៍មិត្តភាពអន្តរជាតិ" និងការប្រកួតបាល់ទាត់មិត្តភាព សម្រាប់ប្រជាជនព្រំដែនចិន-ឡាវ ដែលធ្វើឱ្យប្រជាជនគ្រប់ជនជាតិរីករាយនឹងទេសភាពដ៏ស្រស់ស្អាត អាហារឆ្ងាញ់ៗ និងទទួលបានបទពិសោធន៍វប្បធម៌ពិសេសៗ។ បច្ចុប្បន្នភូមិនេះកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធលើវិស័យវប្បធម៌ និងទេសចរណ៍ និងគម្រោងស្តារឡើងវិញនៅជនបទ ហើយទីផ្សារពាណិជ្ជកម្មផលិតផលពិសេសចិន-ឡាវកំពុងជិតបញ្ចប់ ដែលនឹងបង្កើនបទពិសោធន៍ភ្ញៀវទេសចរបន្ថែមទៀត។
នៅក្នុងទីធ្លារបស់លោក អៃ ស៊ូ ផ្លាកសញ្ញាសម្រាប់ "ស្ថានីយន៍ប្រៃសណីយ៍ភូមិ" គឺទាក់ទាញភ្នែកជាពិសេស។ វាបង្ហាញថាភូមិម៉ាន់លា និងភូមិឡាវនៅត្រើយម្ខាងផ្លូវគឺជា "មិត្តចាស់"។ ក្នុងអំឡុងពេលពិធីបុណ្យ ពិធីមង្គលការ និងពិធីបុណ្យសពជាដើម អ្នកភូមិទៅលេងគ្នាទៅវិញទៅមក និងជួយមិត្តភក្តិឡាវរបស់ពួកគេទទួលបានទំនិញដែលទិញតាមអ៊ីនធើណិតពីប្រទេសចិន ដែលបានក្លាយជា "សេវាកម្ម" ដ៏ពេញនិយមនៅក្នុងភូមិ។

ដោយមានការដំណើរការរថភ្លើងជាញឹកញាប់នៅលើផ្លូវរថភ្លើងចិន-ឡាវ អាជីវកម្មនានាតាមបណ្តោយខ្សែរថភ្លើងក៏ទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍផងដែរ។ លោកស្រី ថាង យ៉ាវ អគ្គនាយករងនៃក្រុមហ៊ុនលក់កៅស៊ូស្រែម៉េងឡា បាននិយាយថា "ពីមុន ដោយសារពិបាកដឹកជញ្ជូន យើងអាចទិញវត្ថុធាតុដើមពីព្រំដែនឡាវ ហើយដឹកជញ្ជូនវាតាមផ្លូវគោកប៉ុណ្ណោះ។ ឥឡូវនេះ ជាមួយនឹងផ្លូវរថភ្លើងចិន-ឡាវ ការផ្គត់ផ្គង់វត្ថុធាតុដើមរបស់យើងបានពង្រីកទៅភាគខាងត្បូងនៃទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ហើយបរិមាណនាំចូលប្រចាំឆ្នាំរបស់យើងបានកើនឡើងដល់ជាង ១ សែនតោន។ ផលិតផលកៅស៊ូក៏កំពុងត្រូវបានលក់ទៅកាន់ទីផ្សារភាគខាងជើងឆ្ងាយៗតាមរយៈផ្លូវរថភ្លើងផងដែរ"។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសាងសង់រោងចក្រកែច្នៃកៅស៊ូមួយនៅក្នុងប្រទេសឡាវ ដែលនៅពេលដែលបានបញ្ចប់ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះ នឹងកាត់បន្ថយការចំណាយបន្ថែមទៀតនិងបង្កើនប្រសិទ្ធភាព ថែមទាំងបង្កើនភាពប្រកួតប្រជែងរបស់ក្រុមហ៊ុននៅក្នុងទីផ្សារអន្តរជាតិ។

ផ្លូវរថភ្លើងចិន-ឡាវ ដែលមានប្រវែង ១០៣៥ គីឡូម៉ែត្រ មានស្ថានីយ៍ចំនួនប្រាំនៅក្នុងផ្នែកស៊ីសួងបានណា៖ ស្ថានីយ៍ជ្រលងភ្នំដំរីព្រៃ ស្ថានីយ៍ស៊ីសួងបានណា ស្ថានីយ៍កានឡានបា ស្ថានីយ៍ម៉េងឡា និងស្ថានីយ៍ម៉ូហាន។ ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ បរិមាណពាណិជ្ជកម្មនាំចេញ និងនាំចូលរបស់សហគ្រាសពាណិជ្ជកម្មបរទេសនៅក្នុងខេត្តស៊ីសួងបានណាបានកើនឡើងជាមធ្យម ១៦% ជារៀងរាល់ឆ្នាំ។ ឧស្សាហកម្មសំខាន់ៗដូចជា ទេសចរណ៍វប្បធម៌ និងការថែទាំសុខភាព កៅស៊ូ និងតែពូអឺ កំពុងរីកចម្រើន។ សួនឧស្សាហកម្មសំខាន់ៗតាមបណ្តោយផ្លូវកំពុងលេចចេញជារូបរាង ទេសចរណ៍ឆ្លងដែនកំពុងរីកចម្រើន ហើយកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាមួយប្រទេសជិតខាងកំពុងកាន់តែស៊ីជម្រៅ និងកាន់តែជាក់ស្តែង។ តំបន់ព្រំដែនដាច់ស្រយាលពីមុននេះ បានក្លាយជាព្រំដែនបើកចំហ ដោយបញ្ចេញភាពរស់រវើក និងសក្តានុពលរបស់ខ្លួនបន្តិចម្តងៗ សម្រាប់ការបើកចំហទៅកាន់ពិភពខាងក្រៅ។
អ្នកយកព័ត៌មាន៖ Duan Xiaorui
អ្នកបកប្រែ៖លីហ្សា