ឆ្នាំទេសចរណ៍កម្ពុជា-ចិនមកដល់ហើយ! កម្ពុជាចាប់ដំណើរការនូវរូបមន្ត"ទទួលភ្ញៀវ” !

ប្រភព: CRI   |    2025-06-13 18:41:15

នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ ក្រុម​ទេសចរចិន​មួយពាន់នាក់​នៃ​ “ឆ្នាំទេសចរណ៍​កម្ពុជា​-​ចិន​ ២០២៥” ដែល​ជា​បេសកជនផ្នែក​សង្គម​ស៊ីវិល​បាន​ចេញ​ដំណើរទៅកាន់​កម្ពុជា​ក្នុងពេលដំណាល​គ្នាពី​តំបន់​ទាំង​បួន​ គឺ​ក្រុង​ប៉េកាំង ក្រុង​សៀងហៃ ខេត្ត​ជាំង​ស៊ូ និង​ខេត្ត​យូនណាន​ ដើម្បី​ឈ្វេង​យល់ពី​សម្បតិ្តបេតិកភ័ណ្ឌវប្បធម៌ ទំនៀមទម្លាប់និង​ទេសភាព​ធម្មជាតិរបស់​កម្ពុ​ជា​​។ ទាក់ទិន​នឹង​ករណី​នេះ​ លោកវង្សី វិស្សុត​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការនិងជា​រដ្ឋមន្ត្រីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា​បាន​ថ្លែង​ថា​ ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​អច្ឆរិយបាន​ត្រៀម​ខ្លួន​រួចរាល់​ ដើម្បីទទួលស្វាគមន៍​យ៉ាង​រាក់​ទាក់​កក់ក្តៅ​ភ្ញៀវទេសចរនិង​អ្នក​វិនិយោគ​ចិន​មកកាន់​កម្ពុជា។

នៅពាក់កណ្តាល​ខែ​មេសាឆ្នាំ​នេះ ក្នុង​អំឡុង​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា លោកXi Jinping ប្រធាន​រដ្ឋ​ចិន​ និង​សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានឯកភាព​គ្នា​ថា នឹង​ពួត​ដៃគ្នា​​កសាងសហគមន៍រួមវាសនា​ចិន-កម្ពុជា​ក្នុង​យុគ​សម័យ​ថ្មី​គ្រ​ប់​រដូវកាល​ ព្រម​ទាំង​បាន​ប្រកាស​ថា ឆ្នាំ​២០២៥ជា​“ឆ្នាំទេសចរណ៍កម្ពុជា-ចិន” នេះជា​​​សកម្មភាព​ថ្នាក់​ជាតិ​​ដែលរៀបចំដោយប្រទេសទាំងពីរក្នុង​រយៈពេល​បីឆ្នាំ​ជាប់ៗ​គ្នា បន្ទាប់​ពី“ឆ្នាំមិត្តភាព​ចិន​-​កម្ពុ​ជា”នា​ឆ្នាំ​២០២៣និ​ង​“ឆ្នាំផ្លាស់ប្ដូររវា​ងប្រជាជនកម្ពុជា-ចិន”នាឆ្នាំ​២០២៤ ។

ប្រទេស​ចិន​ជា​ប្រភព​​ភ្ញៀវ​ទេសចរ​អន្តរជាតិដ៏សំខាន់​របស់​កម្ពុជា ។ រាជធានីភ្នំពេញ​ដែល​មានភាព​អ៊ូអរ អង្គរវត្ត​ដែ​លមាន​ប្រវត្តិសាស្ត្រ​ដ៏យូរលង់ និងក្រុង​ព្រះសីហនុ ដែល​ជា​​ទីក្រុងតាម​ឆ្នេរ​សមុទ្រដ៏ស្រស់ស្អាតជាដើម​ សុទ្ធតែជា​តំបន់ដែលទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​​អ្នកទេសចរចិន ។ តាម​ទិន្នន័​យ​ដែល​ក្រសួងទេសចរណ៍កម្ពុជាប្រកាស​បា​ន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ២០២៤ ភ្ញៀវទេសចរចិនចំនួន​លើសពី​៨៤ម៉ឺននាក់បាន​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​ បាន​កើន​ឡើង៥៥% បើ​ប្រៀបធៀបនឹងឆ្នាំ២០២៣ ។ កម្ពុជា​ប៉ាន់​ប្រមាណ​ថា នៅឆ្នាំ​២០២៥ នឹង​ទាក់ទាញ​អ្នក​ទេសចរចិន​លើ​សពី១លាននាក់​ ។

ដើម្បីអបអរ​ទទួល​អ្នក​ទេសចរចិន​ កម្ពុជា​បាន​ដាក់​ចេញ​វិធានការអនុគ្រោះ​អំពីការ​ផ្តល់​សេវាកម្ម​​ជា​ច្រើន​ ដូច​ជា​ដាក់​សញ្ញា​សម្គាល់​ជា​ភាសាចិន​នៅ​តំបន់​ទេសចរណ៍​ បណ្តុះ​បណ្តាល​​មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននិងប្រើប្រាស់​វិធី​ទូ​ទាត់អេឡិចត្រូនិកឱ្យ​បាន​កាន់តែទូលំ​ទូលាយជាដើម ក្រៅពីនេះក៏បាន​ផ្តល់​សេវាកម្ម​ដែល​ស្របតាម​ទំលាប់​របស់​ភ្ញៀវទេសចរចិន​កាន់​តែ​ច្រើន​លើផ្នែក​ស្នាក់​នៅ ការ​ហូបចុកនិង​ទិញទំនិញ​ជា​ដើម​ ។

ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា​បាន​ថ្លែង​ថា កំណើន​នៃ​ភ្ញៀវ​ទេសចរ​ចិន​បាន​ផ្តល់​កាលា​នុវត្តភាព​ដ៏សំខាន់​ដល់​កម្ពុជា វា​មិន​ត្រឹមតែអាច​ជំរុញការ​អភិវឌ្ឍ​​ខាង​វិស័យទេសចរណ៍​កម្ពុជាប៉ុណ្ណោះទេ ថែម​ទាំង​ក៏អាច​ផ្តល់​ឱកាស​វិនិយោគ​ថ្មី​លើ​វិស័យ​ផ្សេងៗ​ក្នុង​តំបន់​ទៀត​ផង ។ ព្រ​មពេល​ជា​មួយ​គ្នា​នេះ ប្រទេស​ចិន​ក៏ជា​អ្នក​ជំរុញ​ដ៏​សំខាន់​​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជាផង​ដែរ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗដែល​វិនិយោគ​ដោយ​ប្រទេ​សចិន​ ដូចជា​ផ្លូវល្បឿនលឿន​ភ្នំពេញ​ -ព្រះសីហនុ​ អាកាសយានដ្ឋាន​អន្តរជាតិសៀម​រាបអង្គរ និង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោដែល​ជិត​នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ បានចាក់គ្រឹះ​យ៉ាង​រឹងមាំ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​វិស័យទេសចរណ៍​របស់​កម្ពុជា​ ។​

ខណៈពេល​ភ្ញៀវទេសចរចិន​កាន់​តែ​ច្រើន​ឡើងៗ​ទៅ​ដើរលេងនៅកម្ពុជា ការ​ទៅ​ធ្វើ​ទេសចរណ៍​នៅ​ប្រទេស​ចិន​របស់​ភ្ញៀវទេសចរនៃ​ប្រទេស​អាស៊ីអាគ្នេយ៍​ដូច​ជា​ប្រទេស​កម្ពុជាជា​ដើម​ក៏​មាន​សក្តានុពល​យ៉ាង​ខ្លាំង​ដែល​គួរ​ឱ្យត្រួសត្រាយថែម​មួយ​កម្រិត​ទៀត​ផងដែរ ។ នៅ​ត្រីមាស​ទីមួយឆ្នាំ​២០២៥ ប្រទេស​ចិន​បាន​ដាក់​ចេញគោលនយោបាយ​ស្តីពី “ការ​លើកលែង​ទិដ្ឋាការសម្រាប់ក្រុម​ទេសចរណ៍​នៃ​ប្រទេស​អាស៊ានដែល​​ចូលដែន​ចិន​នៅច្រកXishuang​banna ខេត្ត​យូណាន”​​ ដែល​ធ្វើ​ឱ្យ​តំបន់​Xishuangbannaជាដើម​ក្លាយជា​កន្លែងជម្រើសចម្បងដ៏​ពេញ​និយម​នៃ​ការ​ធ្វើ​ទេសចរណ៍​នៅចិន​របស់​ភ្ញៀវទសចរ​អាស៊ាន​ ក្នុង​នោះក៏បូក​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។

“សន្ទុះទេសចរណ៍” ដែល​កាន់​តែ​ខ្លាំង​ឡើង​ៗ​រវាង​ចិន​និ​ងកម្ពុជា ជា​ការ​ឆ្លុះ​បញ្ចាំង​​នៃ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​និង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ភាពកាន់​តែជិត​ស្និទ្ធ ។ ក្នុង​ក្របខណ្ឌនៃទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រដោយ​គ្រប់​ជ្រុង​ជ្រោយ​ វិស័យ​ទេសចរណ៍បាន​ក្លាយ​ជាសសរស្តម្ភដ៏សំខាន់​នៃ​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំង​ពីរ ។ កំណើន​យ៉ាង​ឆាប់រហ័ស​របស់​ភ្ញៀវទេសចរចិន​ បាន​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់​តែល្អប្រសើរ​ ហើយ​ក៏បាន​ជំរុញ​ដល់​ការ​ផ្លាស់ប្តូរ​ផ្នែក​ប្បធម៌​និង​ការ​ត​ភ្ជាប់​ដួង​ចិត្ត​ប្រជាជន​នៃ​ប្រទេស​ចិននិង​កម្ពុជា​ផងដែរ ។ ដូច​ប្រសាសន៍​របស់​លោក  វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​កម្ពុជាដែល​បាន​លើកឡើង​​ថា  ពេល​នេះ​គឺ​ជា​ពេល​វេលា​ល្អ​សម្រាប់​​ធ្វើ​ទេសចរណ៍​នៅ​​កម្ពុជា!

ឆ្នាំទេសចរណ៍កម្ពុជា-ចិនមកដល់ហើយ! កម្ពុជាចាប់ដំណើរការនូវរូបមន្ត"ទទួលភ្ញៀវ” !