ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិនពួតដៃគ្នា ហើយមិត្តដែកថែបមានរឿងនិទានរួមគ្នាជាច្រើន

ប្រភព: កាសែតយូណានដេលី   |    2025-12-10 11:07:14

នៅក្នុងបទសម្ភាសន៍ជាពិសេសជាមួយអ្នកកាសែត ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជាបានថ្លែងថា ស្នាដៃសោតទស្សន៍ដូចជា ខ្សែភាពយន្ត ទូរទស្សន៍ និងវីដេអូខ្លីៗ ដើរតួនាទីយ៉ាងសំខាន់ និងពិសេសក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងចិន។ លោកបានមានប្រសាសន៍ថា "នេះគឺស្របគ្នាយ៉ាងខ្លាំងជាមួយនឹងការឯកភាពគ្នាលើការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល"។


ឯកឧត្តមបាននិយាយថាតាមរយៈកម្មវិធីសោតទស្សន៍ ប្រជាជនចិនអាចទទួលបានការយល់ដឹងកាន់តែច្បាស់អំពីប្រពៃណីវប្បធម៌ ជីវិតប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមរបស់កម្ពុជា។ ស្រដៀងគ្នានេះដែរ ប្រជាជនកម្ពុជាក៏អាចយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់ប្រទេសចិន វប្បធម៌ដ៏អស្ចារ្យ និងសមិទ្ធផលក្នុងទំនើបកម្មតាមរយៈខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ចិន។ លើសពីនេះ ស្នាដៃទាំងនេះអាចលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។

នៅពេលដែលនិយាយអំពីអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានៅឆ្នាំ ២០២៤ រវាងក្រសួងព័ត៌មានកម្ពុជា និងផ្នែកឃោសនាការគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន ឯកឧត្តម ទន់ សារ៉ាត ជឿជាក់ថា រឿងនេះបានបើកទំព័រថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យព័ត៌មាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាសង្ឃឹមថា​នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តយូណានក្នុងវិស័យសំខាន់ៗចំនួនបី៖ ទី១ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់អ្នកអនុវត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ទី២ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលដើម្បីសម្របខ្លួនទៅនឹងនិន្នាការនៃការបញ្ចូលគ្នានៃប្រព័ន្ធផ្សព្វផ្សាយនិងទី៣ការផលិត និងផ្សព្វផ្សាយខ្លឹមសាររួមគ្នាដើម្បីរៀបរាប់រឿងរ៉ាវ​មិត្តភាពរវាងប្រទេសទាំងពីរ។


ឯកឧត្តម ទន់ សារ៉ាតបានណែនាំថា ដើម្បីជំរុញការងារព័ត៌មាន និងផ្សព្វផ្សាយឱ្យមានការរីកចម្រើនក្នុងបរិបទឌីជីថល និងបញ្ញាសិប្បនិម្មិត ក្រសួងព័ត៌មានបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចំនួន ៥ ក្នុងនោះក៏មានការពង្រឹងស្ថាប័ន និងបច្ចេកទេស ដែលសំដៅជំរុញដល់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែមានសន្ទុះថែមទៀត។ "ខ្ញុំសង្ឃឹមថាមិត្តចិនជាពិសេសមិត្តខេត្តយូណាននឹងចូលរួមសហការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែង ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវផែនការយុទ្ធសាស្រ្តរបស់ក្រសួង"។

នៅឆ្នាំ ២០២៤ សកម្មភាពសំឡេងទីតាំងបេតិកភណ្ឌ "ដើរលេងនៅយូណាន ទៅទស្សនានៅអង្គរ" ដែលបានរៀបចំរួមគ្នាដោយប្រទេសកម្ពុជា និងខេត្តយូណាននៃប្រទេសចិនទទួលបានការ​ចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ ការសាងសង់ច្រករបៀងវប្បធម៌កម្ពុជា-ចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានរីកចម្រើន ដោយនាំមកនូវឱកាស​ថ្មីៗសម្រាប់​កិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍រវាងភាគីទាំងពីរ។ ឆ្នាំ ២០២៥ គឺជា "ឆ្នាំទេសចរណ៍កម្ពុជា-ចិន"ហើយឯកឧត្តម ទន់ សារ៉ាត ពោរពេញដោយការរំពឹងទុក​សម្រាប់កិច្ចសហប្រតិបត្តិការ​ទេសចរណ៍នាពេលអនាគតរវាងភាគីទាំងពីរ។ ឯកឧត្តមយល់ឃើញថាយូណានតំណាងឱ្យភាពចម្រុះនៃជនជាតិភាគតិច ភ្នំល្អាង និងភាពទាក់ទាញនៃជីវិតបែបជនបទ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈឃ្លា "ជីវភាពរស់នៅមួយប្រភេទហៅថាយូណាន"។អង្គរតំណាងឱ្យមរតកវប្បធម៌ពិភពលោក បេះដូងនៃអរិយធម៌ខ្មែរ និងភាពអស្ចារ្យនៃស្ថាបត្យកម្មដ៏មហិមា។នៅពេលដែលតំបន់ទាំងពីរនេះត្រូវបានផ្សារភ្ជាប់គ្នាតាមរយៈច្រករបៀងវប្បធម៌កម្ពុជា-ចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ និងការរៀនសូត្រគ្នាទៅវិញ​ទៅមករវាងប្រទេសកម្ពុជា និងខេត្តយូណាន នឹងបង្កើតបទពិសោធន៍ដ៏ពិសេស​ហើយវានឹងផ្តល់ជម្រើសកាន់តែសម្បូរបែបដល់ទេសចរចិនក្នុងការស្វែងយល់ពីអាស៊ីអាគ្នេយ៍។



  

តាមទស្សនាវិស័យរបស់ឯកឧត្តម ទន់ សារ៉ាត តាមរយៈការបង្កើតយន្តការសហប្រតិបត្តិការ ការផលិតរួមគ្នា និងការផ្លាស់ប្តូរបុគ្គលិក ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិនកំពុងកសាងបណ្តាញ​ចែករំលែកខ្លឹមសារ និងវេទិកាផ្សព្វផ្សាយកាន់តែជិតស្និទ្ធ។កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន មិនត្រឹមតែជាសមាសធាតុសំខាន់មួយនៃទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា​ការអនុវត្តវិជ្ជមាននៃ​កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងសូម្បីតែការផ្លាស់ប្តូរវប្បធម៌ក្នុងតំបន់ផងដែរ។ ឯកឧត្តមសង្កត់ធ្ងន់ថា​ កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ​អាចបង្កើន​ការយោគយល់គ្នា​ទៅវិញទៅមករវាងប្រជាជន ពង្រឹងមូលដ្ឋានគ្រឹះសង្គមនៃមិត្តភាពរវាងប្រទេសទាំងពីរ និងបង្កើតបរិយាកាសមតិសាធារណៈអំណោយផលសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទេសចរណ៍។ ឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងព័ត៌មានកម្ពុជាមានឆន្ទៈបន្តធ្វើការរួមគ្នាជាមួយប្រទេសចិន ជាពិសេសខេត្តយូណាន ដោយដឹកនាំ​ដោយកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីរួមគ្នាលើកកម្ពស់លទ្ធផលកាន់តែមានផ្លែផ្កាក្នុងវិស័យកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយថ្មី៕

អ្នកយកព័ត៌មាន៖ Shen Yan(កល្យាណ),Liu Ziyu

អ្នកបកប្រែ៖ Shen Yan(កល្យាណ)

ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិនពួតដៃគ្នា ហើយមិត្តដែកថែបមានរឿងនិទានរួមគ្នាជាច្រើន