កម្មវិធីច្រករបៀងវប្បធម៌កម្ពុជា-ចិន នៅទីក្រុងភ្នំពេញ បានបើកសម្ពោធជាផ្លូវការ

ប្រភព: YICC   |    2025-04-24 16:00:51

នៅថ្ងៃទី២២ ខែមេសា កម្មវិធីច្រករបៀងវប្បធម៌កម្ពុជា-ចិន នៅទីក្រុងភ្នំពេញក្រោមប្រធានបទ "ការផ្លាស់ប្តូរវប្បធម៌អរិយធម៌កម្ពុជា-ចិន" ដែលរៀបចំដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាន និងសហការរៀបចំដោយក្រសួងវប្បធម៌ និងសិល្បៈកម្ពុជាបើកសម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កម្មវិធីនេះនឹងមានរយៈពេល ៥ ថ្ងៃ។

នៅក្នុងពិធីសម្ពោធនោះ តារាសម្ដែងមកពីប្រទេសទាំងពីរបានសម្ដែងរបាំជូនពរកម្ពុជា ចម្រៀងចង្កេះផ្កាយូណានចិន ព្រមទាំងមានរបាំ និងកម្មវិធីផ្សេងៗទៀត ហើយក៏មានកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីរបស់ប្រទេសទាំងពីរផងដែរ។ ស្តង់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កន្លែងរៀបចំ​ព្រឹត្តិការណ៍ ដោយ​ផ្តល់​នូវ​ការ​បង្ហាញ​វប្បធម៌​ដ៏​អធិកអធម និងការផ្លាស់ប្តូររវាងគ្នានឹងគ្នា​ដូច​ជា ​បទ​គម្ពីរសាស្ត្រា​ស្លឹករឹត ការ​សរសេរ​អក្សរផ្ចង់ និង​បទ​ពិសោធ​ឧបករណ៍​តន្ត្រី​បុរាណ។


លោកជំទាវ ឡងឌី សាន់ណារ៉ារដ្ឋលេខាធិការ និងលោក ឆឹន ឆុង អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក និងថ្លែងសុន្ទរកថា។

តំណាងជិត ១០០ នាក់មកពីទីភ្នាក់ងាររដ្ឋាភិបាល សហគ្រាស ប្រព័ន្ធផ្សព្វផ្សាយ សភាពាណិជ្ជកម្ម និងសាកលវិទ្យាល័យនៃប្រទេសចិន និងកម្ពុជា បានចូលរួមក្នុងពិធីបើក និងចូលរួមបទពិសោធន៍កម្មវិធីជាមួយប្រជាពលរដ្ឋក្នុងតំបន់។


តាមព័ត៌មានពាក់ព័ន្ធបានឱ្យដឹងថា ចាប់តាំងពីការបើកដំណើរការនៅខែសីហា ឆ្នាំ​​២០២៤ ច្រករបៀងវប្បធម៌កម្ពុជា-ចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានប្រារព្ធឡើងជាបន្តបន្ទាប់នូវពិព័រណ៍ប្រធានបទ "ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក" និង "សត្វគោជួបនឹងពស់៖  ពិព័រណ៍វត្ថុបុរាណអច្ឆរិយៈប្រទេសកម្ពុជា-ខេត្តយូណាន(ប្រទេសចិន)"។ ច្រករបៀងវប្បធម៌កម្ពុជា-ចិន ប្រើប្រាស់យ៉ាងពេញលេញនូវកន្លែងនានានៅក្នុងទីតាំងមកដល់ និងចេញដំណើរនៃអាកាសយានដ្ឋាន ដើម្បីផ្សព្វផ្សាយវប្បធម៌ចិន និងកម្ពុជា តាមរយៈការរួមបញ្ចូលគ្នានៃរូបភាព និងការតាំងពិពណ៌វត្ថុជាក់ស្តែង។ ភ្ញៀវទេសចរជាង ៨០ ម៉ឺននាក់មកពីជុំវិញពិភពលោកបានដើរចូលទៅក្នុងច្រករបៀងដើម្បីទទួលយកបទពិសោធន៍វប្បធម៌ចិន និងកម្ពុជា។ នៅពេលអនាគត មានសកម្មភាពនៃច្រករបៀងវប្បធម៌កម្ពុជា-ចិននឹងរៀបចំនៅកន្លែងជាច្រើនទៀតក្នុងទម្រង់កាន់តែច្រើន បង្កើតព្រឹត្តិការណ៍ម៉ាកយីហោ និងលំហវប្បធម៌ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងកម្ពុជា៕

អ្នកយកព័ត៌មាន៖ Li Zha(លីហ្សា), Zhang Ruogu, Shen Yan(កល្យាណ)

អ្នកបកប្រែ៖ Shen Yan(កល្យាណ)

កម្មវិធីច្រករបៀងវប្បធម៌កម្ពុជា-ចិន នៅទីក្រុងភ្នំពេញ បានបើកសម្ពោធជាផ្លូវការ