លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងាររបស់សហគ្រាសមជ្ឈិម
នាពេលថ្មីៗនេះលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងាររបស់សហគ្រាសមជ្ឈិម ដោយលើកឡើងថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក សហគ្រាសមជ្ឈិមចិនបានអនុវត្តយ៉ាងផ្ចិតផ្ចង់នូវសេចក្តីសម្រេចចិត្ត និងការរៀបចំចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បម្រើដល់យុទ្ធសាស្ត្រជាតិយ៉ាងសកម្ម និងដើរតួនាទីជាឆ្អឹងខ្នង និងសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា នៅក្នុងដំណើរថ្មី សហគ្រាសមជ្ឈិមចិនត្រូវយល់ដឹងឱ្យបានគ្រប់ជ្រុងជ្រោយអំពីទំនួលខុសត្រូវ និងបេសកកម្មរបស់ខ្លួន បម្រើដល់ការងារទូទៅរបស់បក្ស និងរដ្ឋឱ្យបានកាន់តែប្រសើរឡើង បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយគុណភាពខ្ពស់ បម្រើដល់ការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។ត្រូវហ៊ានទទួលរ៉ាប់រងកាតព្វកិច្ចសង្គម ដើម្បីរួមចំណែកបន្ថែមទៀតដល់ការធ្វើទំនើបកម្មតាមបែបផែនចិន។ ត្រូវផ្តោតលើទំនួលខុសត្រូវសំខាន់និងអាជីវកម្មស្នូលរបស់ខ្លួន និងបន្តធ្វើឱ្យប្រសើរឡើងនូវនិម្មាបនកម្មសេដ្ឋកិច្ចជាតិ។ ត្រូវផ្អែកលើសេដ្ឋកិច្ចពិត និងពង្រឹងការជម្នះឧបសគ្គផ្នែកបច្ចេកវិទ្យាស្នូល និងជំរុញការបន្ស៊ីយ៉ាងស៊ីជម្រៅរវាងនវានុវត្តន៍ខាងបច្ចេកវិទ្យា និងឧស្សាហកម្ម។ ត្រូវធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ កែលម្អប្រព័ន្ធសហគ្រាសទំនើបដែលមានលក្ខណៈពិសេសចិន សំដៅខិតខំប្រឹងប្រែងកសាងសហគ្រាសលំដាប់កំពូលលើពិភពលោក៕