សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping

ប្រភព: CRI   |    2025-12-17 17:23:44

ពីថ្ងៃទី​១០ ដល់​ថ្ងៃទី​១១  ខែ​ធ្នូ​ សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបាន​បើកធ្វើនៅ​ក្រុងប៉េកាំង  លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិ​ន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូល​រួម ព្រម​ទាំង​ថ្លែងសុន្ទរកថាគន្លឹះ ។

ថ្លែង​ក្នុង​សុន្ទរកថា លោក Xi Jinping បាន​បូកសរុប​ការងារ​សេដ្ឋកិច្ច​នៅឆ្នាំ​២០២៥ ធ្វើ​ការ​វិភាគចំពោះសភាពការណ៍​សេដ្ឋកិច្ច​បច្ចុប្បន្ន ក៏ដូច​ជា​រៀបចំ​ចាត់ចែង​ការងារ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២៦ ។

សន្និសីទលើក​នេះ បាន​លើកឡើងថា ឆ្នាំ​នេះជា​ឆ្នាំ​មិន​ធម្មតាទេ ។ ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ដែល​មាន​លោក ​Xi Jinping ​ជា​ប្រមុខ​ស្នូលបានរួបរួម​និង​ដឹក​នាំ​ប្រជាជន​គ្រប់ជនជាតិទូទាំងប្រទេសតស៊ូ​ពុះពារគ្រប់​​ឧបសគ្គ​ អនុវត្ត​យ៉ាងមុតមាំ​មិន​ងាក​រេ​នូវ​ទស្សនៈអភិ​វឌ្ឍន៍​ថ្មី​ ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាពខ្ពស់ គោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋ​កិច្ចនិង​សង្គមបាន​​សម្រេច​ដោយ​រលូន​ ។

សន្និសីទបាន​គូសបញ្ជាក់ថា បើ​ចង់​ធ្វើ​ការងារ​សេដ្ឋកិច្ច​ឆ្នាំ​ក្រោយ​ឱ្យ​បាន​ល្អ ត្រូវចាត់ទុក​​គំនិតលោក Xi ​Jin​ping​ ស្តីពី​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេស​ចិនក្នុង​យុគសម័យថ្មីជាគោលការណ៍​ណែនាំ​ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្ត​ចិនលើកទី ២០ និង​កិច្ច​ប្រជុំ​ពេញអង្គរាល់លើក​នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០​ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវទិសដៅការងារជាទូទៅដែលស្វែងរកការវិវឌ្ឍប្រកបដោយភាពនឹងនរ ផ្តោតសំខាន់លើការជំរុញស្ថិរភាពនៃឱកាសការងារ សហគ្រាស ទីផ្សារនិងការរំពឹងទុក ក៏ដូចជាគាំពារភាពសុខដុមរមនានិងស្ថិរភាពក្នុងសង្គម ដើម្បី​សម្រេចបាននូវ​ការ​ចាប់ផ្តើម​ដ៏ល្អប្រសើរ​នៃការ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី​១៥៕

សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping