លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Lee Jae-myung ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង
ថ្ងៃទី៤ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោកLee Jae-myung ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង។
លោក Xi Jinping បានគូសបញ្ជាក់ថា ចិននិងកូរ៉េខាងត្បូងជាប្រទេសជិតខាងនិងដៃគូសហប្រតិបត្តិការដ៏សំខាន់ទៅវិញទៅមក។បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៣៣ឆ្នាំមក ភាគីទាំងពីរបានជម្នះភាពខុសគ្នាខាងមនោគមវិជ្ជានិងប្រព័ន្ធសង្គម ពួតដៃគ្នាដើរទៅមុខ ជួយសម្រេចសមិទ្ធផលគ្នាទៅវិញទៅមកដែលបានធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍប្រកបដោយស្ថិរភាពនិងល្អប្រសើរ វាមិនត្រឹមតែបានបង្កើនសុខុមានភាពជូនដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីដ៏វិជ្ជមានក្នុងការជំរុញស្ថិរភាព ការអភិវឌ្ឍនិងភាពរុងរឿងក្នុងតំបន់ផងដែរ។
លោក Xi Jinping បានសង្កត់ធ្ងន់ទៀតថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង។ក្នុងនាមជាប្រទេសដ៏សំខាន់លើសកលនិងក្នុងតំបន់ ប្រទេសចិនរីករាយធ្វើការជាមួយកូរ៉េខាងត្បូង ប្រកាន់ខ្ជាប់នូវបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត ប្រកាន់ខ្ជាប់នូវទិសដៅដែលធ្វើជាអ្នកជិតខាងល្អដ៏សុខដុមរមនា ក៏ដូចជាប្រកាន់ខ្ជាប់នូវទិសដៅដែលផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះទៅវិញទៅមក ដើម្បីរួមគ្នាជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងចិននិងកូរ៉េខាងត្បូងអភិវឌ្ឍទៅមុខដោយឥតឈប់ឈរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕