លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
យប់ថ្ងៃទី ១៧ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាពនៅរាជធានីភ្នំពេញ ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងបានកំណត់យកឆ្នាំ ២០២៥ ជា"ឆ្នាំទេសចរណ៍ចិន-កម្ពុជា"។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ល្បឿននៃបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំមានសភាពកាន់តែលឿនទៅៗ ហើយការធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា គឺ សមស្របទៅនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ ។ ភាគីទាំងពីរគួរចាត់ទុកការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលជាទីចាប់ផ្តើមថ្មីដើម្បីបន្តអនុវត្តឱ្យបានល្អនូវគម្រោងសហប្រតិបត្តិការថ្មីនៃការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា ពន្លឿនការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តខាងនយោបាយដែលមានកម្រិតកាន់តែខ្ពស់ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដែលប្រកបដោយគុណភាពខ្ពស់ បង្កើតការធានាខាងសន្តិសុខដែលមានកម្រិតកាន់តែខ្ពស់ ធ្វើសកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជនឱ្យបានកាន់តែច្រើននិងពង្រឹងកិច្ចសហការជាយុទ្ធសាស្រ្តដែលមានស្តង់ដារកាន់តែខ្ពស់ ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែល្អជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសចិនគឺជាមិត្តភក្តិដ៏គួរឱ្យជឿទុកចិត្តបំផុតរបស់កម្ពុជា ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិន Xi Jinping មានសារសំខាន់ណាស់ដែលនឹងធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរដើម្បីជំរុញយ៉ាងខ្លាំងក្លានូវការកសាងសហគមន៍វាសនារួមរវាងកម្ពុជានិងចិនក្នុងយុគសម័យថ្មីគ្រប់រដូវកាល ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតនិងជាប្រភពវិនិយោគធំទីមួយរបស់កម្ពុជា ។ កម្ពុជារីករាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងគ្រប់វិស័យដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិនិយោគ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ កសិកម្មនិងការកសាងហេដ្ឋារចនាសម័្ពន្ធជាព្រមទាំងរៀបចំឱ្យបានល្អនូវ"ឆ្នាំទេសចរណ៍កម្ពុជា-ចិន" ។ ភាគីកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមស្តីពីការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ គំនិតផ្តួចផ្តើមសកលធំៗទាំងបីនិងកិច្ចសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ៕