លោកXiJinpingប្រធានរដ្ឋចិនចូលគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
រសៀលថ្ងៃទី១៧ខែមេសា លោកXiJinpingប្រធានរដ្ឋចិនបានចូលគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំងក្រុងភ្នំពេញ។
លោកXiJinpingបានសង្កត់ធ្ងន់ថា ប្រទេសចិនឱ្យតម្លៃនិងថែរក្សាថ្នាក់ថ្នមខ្លាំងចំពោះចំណងមិត្តភាពជាមួយព្រះរាជវង្សានុវង្សកម្ពុជា និងសូមវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ព្រះរាជវង្សានុវង្សកម្ពុជាចំពោះបុព្វហេតុមិត្តភាពចិន-កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ក្នុងបរិបទថ្មីនេះ ចិននិងកម្ពុជាគួរថែរក្សានិងបន្តវេនចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា ដែលពូនជ្រំឡើងដោយថ្នាក់ដឹកនាំជំនាន់ចាស់របស់ចិនជាមួយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីបំពេញបន្ថែមខ្លឹមសារនៃយុគសម័យថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជា ក្នុងន័យបម្រើដល់ការអភិវឌ្ឍរៀងៗខ្លួន និងសុខុមាលភាពរបស់ប្រជាជន ដើម្បីរួមចំណែកកាន់តែធំក្នុងការកសាងសហគមន៍រួមវាសនាជាមួយប្រទេសជិតខាង ក៏ដូចជាជំរុញកិច្ចកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ។
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមានព្រះបន្ទូលថា ចំណងមិត្តភាពកម្ពុជា-ចិនត្រូវបានពូនជ្រំឡើងនិងថែរក្សាដោយផ្ទាល់ដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗមានភាពកាន់តែជិតស្និទ្ធ ហើយការកសាងសហគមន៍រួមវាសនាក៏កាន់តែស៊ីជម្រៅផងដែរ។ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសកលធំៗទាំងបី ដែលលើកឡើងដោយលោកប្រធានរដ្ឋចិនXi Jinping ហើយសូមថ្លែងអំណរគុណចំពោះ កិច្ចសហប្រតិបត្តិការ"ខ្សែក្រវាត់ និងផ្លូវ"ដែលបាននាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ដ៏ធំធេងដល់កម្ពុជា ។ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនXi Jinpingលើកនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជានិងចិន និងជំរុញទំនាក់ទំនងកម្ពុជា-ចិនឱ្យឡើងដល់កម្រិតថ្មីថែមទៀត៕