លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីតាមការណាត់។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា នៅពេលមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខ្ញុំបានជួបសន្ទនាជាមួយលោកប្រធានាធិបតីតាមប្រព័ន្ធវីដេអូ ដោយបានដាក់ចេញផែនការ និងការណែនាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-រុស្ស៊ីពេញមួយឆ្នាំ និងពង្រឹងការសម្របសម្រួលក្នុងបញ្ហាសំខាន់ៗរបស់អន្តរជាតិ និងតំបន់។ បច្ចុប្បន្ន គ្រប់ក្រសួងស្ថាប័ននៃប្រទេសទាំងពីរបាននិងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យនានាជាលំដាប់លំដោយតាមគំនិតឯកភាពរួមរបស់ខ្ញុំនិងលោក ដូចជាការធ្វើសកម្មភាពរំលឹកខួបលើកទី ៨០ នៃការទទួលបានជ័យជម្នះរបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងខួបលើកទី ៨០ នៃការទទួលបានជ័យជំនះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។ លោក Putin បានថ្លែងថា ភាគីរុស្ស៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយរំពឹងទុកថា នឹងរក្សាការផ្លាស់ប្តូរជាន់ខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិននៅក្នុងឆ្នាំថ្មី។
លោក Putin បានជម្រាបជូនអំពីស្ថានភាពចុងក្រោយបង្អស់នៃការប្រាស្រ័យទាក់ទងរវាងរុស្ស៊ីនិងអាមេរិក និងគោលជំហរជាគោលការណ៍របស់រុស្ស៊ីលើបញ្ហាវិបត្តិអ៊ុយក្រែន ព្រមនិងថ្លែងថា ភាគីរុស្ស៊ីប្តេជ្ញាលុបបំបាត់ដើមចមនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ដើម្បីឈានដល់ផែនការសន្តិភាពប្រកបដោយនិរន្តរភាព និងយូរអង្វែង។
ជាការឆ្លើយតប លោក Xi Jinping បានគូសបញ្ជាក់ថា នៅដើមដំបូងដែលវិបត្តិអ៊ុយក្រែនទើបឡើងកម្តៅ ខ្ញុំបានលើកឡើងនូវសំណើជាមូលដ្ឋាន គឺ "រឿងគួរឱ្យធ្វើចំនួនបួន" សម្រាប់ដោះស្រាយវិបត្តិ។ ប្រទេសចិនរីករាយដែលមើលឃើញកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់ភាគីរុស្ស៊ី និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីដោះស្រាយវិបត្តិ៕