លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
នារសៀលថ្ងៃទី៧ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិដែលអញ្ជើញមកចូលរួមពិធីបើកព្រឹតិ្តការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ នៅសណ្ឋាគារកោះព្រះអាទិត្យក្នុងទីក្រុង Harbin ប្រទេសចិន ។
លោក Xi Jinping បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានរៀបចំធ្វើដោយជោគជ័យនូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោកនៅទីក្រុង Chengdu ការប្រកួតកីឡាអាស៊ីនៅទីក្រុងHangzhou ហើយព្រឹតិ្តការណ៍កីឡាអាស៊ីរដូវរងានឹងសម្ពោធបើកនៅទីក្រុង Harbinនាល្ងាចថ្ងៃនេះ។ ព្រឹតិ្តការណ៍កីឡាធំៗទាំងអស់នេះសុទ្ធតែបង្ហាញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងចិននិងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ប្រទេសចិនរួមបញ្ចូលស្មារតីអូឡាំពិកអន្តរជាតិជាមួយនឹងវប្បធម៌ប្រពៃណីដ៏ឆ្នើមរបស់ប្រទេសចិន ខិតខំប្រឹងប្រែងអភិវឌ្ឍបុព្វហេតុកីឡា ដើរឆ្ពោះទៅរកគោលដៅនៃការកសាងប្រទេសខ្លាំងខាងកីឡា និងប្រទេសចិនល្អបរិសុទ្ធ មុខជានឹងរួមចំណែកថ្មីដល់បុព្វហេតុកីឡាអន្តរជាតិជាបន្តបន្ទាប់ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីបន្តជំរុញកីឡាអូឡាំពិកអភិវឌ្ឍយ៉ាងផុលផុស ។
ជាការឆ្លើយតប លោក Thomas Bach បានថ្លែងអំណរគុណដល់ភាគីចិនដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាដល់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ ប្រទេសចិនផ្តួចផ្តើមនិងអនុវត្តទស្សនៈសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ សមភាពនិងការគោរពគ្នា ប្រកាន់ខ្ជាប់នូវពហុភាគីនិយម ប្រឆាំងនឹងការធ្វើឱ្យកីឡាក្លាយជាបញ្ហានយោបាយ គាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការចូលរួមបុព្វហេតុកីឡាអន្តរជាតិយ៉ាងទូលំទូលាយ ដែលបានជំរុញដល់ការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរនៃកីឡាអូឡាំពិក ។ លោកជឿជាក់ថាព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានៅទីក្រុង Harbin មុខជាអាចទទួលជោគជ័យដោយគាប់ប្រសើរជាមិនខាន៕