លោកXi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ភរិយារបស់លោករៀបចំពិធីជប់លៀង ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ នៅទីក្រុង Harbin ប្រទេសចិន
នាថ្ងៃត្រង់ថ្ងៃទី ៧ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ភរិយារបស់លោកបានរៀបចំពិធីជប់លៀងនៅសណ្ឋាគារកោះព្រះអាទិត្យក្នុងទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញទៅចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ នៅទីក្រុង Harbin ។
ភ្ញៀវកិត្តិយសរួមមាន៖ ព្រះចៅស៊ុលតង់ ហាសសាណាល់ ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ, លោក Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាននិងលោកស្រី Sadyr Japarova ភរិយារបស់លោក, លោក Zardari ប្រធានាធិបតីប៉ាគីស្ថាន,លោកស្រី Petunthan នាយករដ្ឋមន្ត្រីថៃ,លោក Woo Won-sik ប្រធានសភាជាតិកូរ៉េខាងត្បូងនិងលោកស្រី Shin Kyung-hye ភរិយារបស់លោក ព្រមទាំងលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងលោក Timothy Fok អនុប្រធានទីមួយនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីជាដើម ។
ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping តាងនាមឱ្យរដ្ឋាភិបាលនិងប្រជាជនចិនសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសអន្តរជាតិដែលបានអញ្ជើញមកចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី៩នៅប្រទេសចិន។
លោក Xi Jinping បានលើកឡើងថា ព្រះអគ្គីកីឡានៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ នឹងអុជបំភ្លឺនៅយប់នេះ។ បរិមាណនៃប្រទេសនិងតំបន់ ព្រមនិងចំនួនអត្តពលិកដែលចូលរួមព្រឹត្តិការណ៍លើកនេះ សុទ្ធតែបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ។ លោកជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរួមរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី និងគណៈប្រតិភូមកពីប្រទេសនិងតំបន់នានា ក្រុង Harbin នឹងបង្ហាញជូនពិភពលោកនូវព្រឹត្តិការណ៍កីឡាមួយដែលមានលក្ខណៈពិសេសចិន រចនាប័ទ្មអាស៊ី និងការប្រកួតដ៏អស្ចារ្យ។
លោក Xi Jinping បានថ្លែងទៀតថា ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកនេះធ្វើឡើងក្រោមប្រធានបទ “ព្រិលទឹកកកបង្កប់នូវក្ដីស្រម៉ៃរួមគ្នា អាស៊ីរួមចិត្តតែមួយ" ដែលផ្ទុកនូវបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនអាស៊ី ដើម្បីសន្តិភាព ការអភិវឌ្ឍ និងមិត្តភាព៕