លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn ​នាយក​រដ្ឋមន្ត្រី​ថៃ

ប្រភព: CRI   |    2025-02-06 17:34:53

ព្រឹកថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបាន​ជួបពិភាក្សាការងារ​ជាមួយ​លោកស្រី Paetongtarn ​ នាយករដ្ឋមន្ត្រីថៃ  ដែលកំពុងបំពេញទស្សនកិច្ចជា​ផ្លូវការ​នៅ​វិមានសភាប្រជាជនក្រុង​ប៉េកាំង​។

លោក Xi Jinping បាន​លើកឡើង​​ថា ចំណង​មិត្តភាព​ចិន-ថៃ​ត្រូវ​បាន​បន្តវេនអស់រយៈពេល​​ពាន់​ឆ្នាំ​មក​ហើយ។ ​ឆ្នាំនេះ​ គឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត​រវាង​ចិននិងថៃ ​និង ជា"៥០ ឆ្នាំមាសនៃមិត្តភាពចិន-ថៃ" ​ភាគីទាំងពីរ​គួរតែបន្តវេន​និងត្រួស​ត្រាយ​អនាគត ​ ចាប់ដៃដើរ​ទៅមុខជាមួយគ្នា​  ដើម្បីជំរុញការកសាងសហគមន៍ជោគ​វាសនា​​រួមរវាង​ចិន​ និងថៃ​ឱ្យកាន់តែស៊ីជម្រៅ​និងប្រាកដប្រជា​​ ​ក្នុង​ន័​យ​​​ផ្តល់​ផលប្រយោជន៍កាន់តែ​ច្រើន​ដល់​ប្រជាជននៃប្រទេសទាំងពីរ​ ក៏​ដូច​ជា​ផ្តល់ផលប្រយោជន៍កាន់តែ​ច្រើន​ដល់តំបន់​និង​ពិភពលោកផងដែរ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ​ប្រទេសចិនកោតសរសើរចំពោះប្រទេសថៃ​ដែល​បាន​ចាត់​វិធានការ​ដ៏មានប្រសិទ្ធភាព​ដើម្បី​​បង្កា្របល្បែងស៊ីសងតាម​អនឡាញ​​និងបទ​ល្មើស​ឆបោក​​​តាម​ប្រព័ន្ធ​ទូរគមនាគមន៍  ​​ភាគីទាំងពីរ​គួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក​ការអនុវត្តច្បាប់ សន្តិសុខ​និង​ប្រព័ន្ធ​​តុលាការ ដើម្បី​ការពារសុវត្ថិភាពអាយុ​ជីវិត​ ​និងទ្រព្យ​សម្បត្តិរបស់​ប្រជាជន ​និងរក្សាសណ្តាប់ធ្នាប់​នៃការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសនានា​ក្នុងតំបន់។

ជា​ការ​ឆ្លើយ​តប​ លោកស្រី ​Paetongtarn​​​ បានថ្លែងថា  ​ប្រទេសថៃ​ប្រកាន់ខ្ជាប់​​នូវ​គោលនយោបាយប្រទេសចិនតែមួយ ហើយរំពឹងថា​ធ្វើការជាមួយប្រទេសចិន​ ដើម្បីពង្រឹង​ការផ្លាស់ប្តូរជាន់​ខ្ពស់​ និង​ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់​ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​កសិកម្ម និងវិស័យផ្សេងៗទៀត ។ ប្រទេសថៃ​មានឆន្ទៈក្នុងការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការអនុវត្តច្បាប់ជាមួយប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត ​ហើយ​ចាត់​វិធានការយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បី​បង្រ្កាប​បទល្មើសឆ្លងដែន​​​ ដូចជា​ល្បែង​ស៊ីសង​តាមអនឡាញ និងបទ​ល្មើសឆបោក​​​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ជាដើម​ ៕

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Paetongtarn ​នាយក​រដ្ឋមន្ត្រី​ថៃ