លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៥

ប្រភព: CRI   |    2025-01-02 13:33:39

មុនថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល​ ២០២៥ ​ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែង​សុន្ទរកជូនពរឆ្នាំថ្មីតាមរយៈអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញ

អ៊ីនធើណេត។ ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុង៖ 

      ពេលវេលាកន្លងផុតទៅលឿនណាស់​​ ឆ្នាំថ្មីជិតចូលមកដល់ហើយ ខ្ញុំសូមសម្តែងការ​ជូនពរដ៏ល្អបវរចំពោះអ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង​!

      ឆ្នាំ ២០២៤ ​យើងបាន​រួមគ្នាដើរឆ្លងកាត់ពេលវេលាពេញមួយឆ្នាំ​ រួមគ្នា​ឆ្លងកាត់ព្យុះភ្លៀងនិងភាពល្អបវរ ខណៈពេល​នីមួយៗត្រូវ​បាន​ផ្តិតជាប់ជាមួយ​ឆ្នាំដ៏វិសាមញ្ញនេះ​ ​ដែលធ្វើឱ្យ​យើងពិពណ៌នាមិនអស់​ និងពិបាកបំភ្លេចបាន​។

      យើងបាន​ឆ្លើយតបយ៉ាងសកម្ម​ចំពោះ​ផលប៉ះពាល់ដែលនាំមកដោយ​បម្រែបម្រួល​បរិយាកាសជាតិនិងអន្តរជាតិ ​បាន​ដាក់ចេញគោលនយោបាយ​មួយ​ចំនួន ​ដើម្បី​ជំរុញ​យ៉ាងប្រាកដប្រជានូវ​កាអភិវឌ្ឍ​ប្រកបដោយគុណភាពខ្ពស់​។​​​ សេដ្ឋកិច្ច​ចិន​បាន​ស្តារឡើងវិញ​និងមាន​ភាពល្អប្រសើរ​ ​តាមការប៉ាន់ប្រមាណ ​ផលិតផលក្នុងស្រុកសរុបនឹងលើសពី​ ​១៣០ ទ្រីលានយាន់ប្រាក់ចិន។ ​បរិមាណបង្កបង្កើនផលស្បៀង​មានចំនួន​​លើសពី ​០,៧ ទ្រីលានគីឡូក្រាម ប្រជាជនចិន​មាន​ស្បៀងដែលផលិតដោយខ្លួនឯងកាន់តែច្រើន​។​ ​ការអភិវឌ្ឍ​ក្នុងតំបន់នានា​មានភាពស៊ីសង្វាក់គ្នា​ ​និងមាន​និន្នាការកាន់តែផុលផុស​ ​នគរូបនីយម្ម​បែបថ្មីនិង​ការស្តារនិងអភិវឌ្ឍជនបទ​រួមបញ្ចូលគ្នា ​ដែលបាន​ជះឥទ្ធិពល​វិជ្ជមាន​ទៅវិញទៅមក។ ​ការអភិវឌ្ឍបៃតង​និងកាបូនទាបត្រូវបាន​ជំរុញដោយ​ស៊ីជម្រៅ ​ប្រទេសចិនដ៏ស្រស់ស្អាតបានលេចឡើងជា​សន្សឹមៗ។

     យើងបានពូនជ្រំ​កម្លាំងផលិតកម្ម​គុណភាពថ្មីដោយស្របទៅតាមលក្ខខណ្ឌ​ក្នុងតំបន់ ​ឧស្សាហកម្មថ្មី ទិដ្ឋភាពមុខរបរថ្មីនិងរូបមន្តថ្មីបាន​លេចចេញជាបន្តបន្ទាប់​។​ បរិមាណផលិត​រថយន្ត​ថាមពលស្អាតមានចំនួន​​លើសពី ​១០​ លានគ្រឿងជាលើកដំបូង វិស័យសៀគ្វី ​បញ្ញាសិប្បនិមិ្មត ​និងទូរគមនាគមន៍កង់ទិចនិងវិស័យផ្សេងទៀត​ទទួលបាន​សមិទ្ធផលថ្មី។ ​យានអវកាស​ ​Chang’e-6 បានយកសំណាកដីពីផ្ទៃខាងក្រោយនៃភពព្រះចន្ទជាលើកដំបូង ​នាវាខួងយកប្រេងពីសមុទ្រជ្រៅសញ្ញា​ Mengxiang​ បាន​រុករកអាថ៌កំបាំងនៃសមុទ្រ​ ​ស្ពានឆ្លងសមុទ្រ​ Shenzhen-Zhongshan បានដាក់ឱ្យប្រើប្រាស់​ ស្ថានីយសិក្សាស្រាវជ្រាវ Qinling​ នៅប៉ូលខាងត្បូង​ត្រូវបាន​បង្កើតឡើង​ ​ដែល​បាន​បង្ហាញពីភាពក្លៀវក្លារបស់ប្រជាជនចិន​ក្នុងកា​ររុករកអាថ៌កំបាំងនៃធម្មជាតិ​។​

      ឆ្នាំនេះ ខ្ញុំបានទៅត្រួតពិនិត្យការងារតាមមូលដ្ឋាន ​ឃើញថា​អ្នកទាំងអស់គ្នាមាន​ជីវភាពរស់នៅយ៉ាងសម្បូរបែប។ ផ្លែប៉ោម​​ Huaniu​ ក្រុង Tianshui មានផ្លែធំនិង​ក្រហម​, ផលនេសាទនៃភូមិ Aojiao​ កោះ Dongshan​ មានចំនួន​​​ច្រើន, ស្នាមញញឹមនៃរូបចម្លាក់ក្នុង​រូងថ្ម Maijishan​ មានប្រវត្តិសាស្រ្តជាង​ពាន់ឆ្នាំ អតិថិធម៌នៃផ្លូវឌឿងហែម ​Liuchi​ ធ្វើឱ្យ​ឥរិយាបថគ្រួសារបន្ត​ពីមួយជំនាន់ទៅមួយជំនាន់។ ​នៅវិថីវប្បធម៌បុរាណក្រុង Tianjin​ មាន​មនុស្សច្រើនកកកុញ, នៅសហគមន៍ពហុជ​នជាតិ​ ​ក្រុង Yinchuan ប្រជាពលរដ្ឋ​មានភាពស្និទ្ធស្នាលជាមួយគ្នាដូចជា​មហាគ្រួសារតែមួយ​។ ​ចំពោះ​បញ្ហា​ឱកាសការងារនិងបង្កើនប្រាក់ចំណូល​​​​ បញ្ហា​ថែទាំមនុស្ស​វ័យជរានិង​ចិញ្ចឹមបីបាច់កូនក្មេង ​បញ្ហា​អប់រំ​និងសុខាភិបាលជាដើមដែលអ្នកទាំងអស់គ្នាយកចិត្តទុកដាក់​ ​ខ្ញុំគិតគូរក្នុងចិត្ត​ជាប់រហូត​។​ មួយឆ្នាំកន្លងមក ​សោធននិវត្តន៍មូលដ្ឋាន​ត្រូវបាន​លើ​កកម្ពស់,​ ​អត្រាឥណទានទិញផ្ទះត្រូវបានកាត់បន្ថយ, ​​ក្របខណ្ឌនៃការទូទាត់ដោយផ្ទាល់ក្នុងពេលមើលជំងឺត្រូវបាន​ពង្រីកធំ​ដែលបាន​ផ្តល់ភាពងាយស្រួលដល់ការ​ព្យាបាលជំងឺនៅខេត្ត-ក្រុងទីទៃគ្នា,​ ការយករបស់​ចាស់​ទៅប្តូរ​របស់ថ្មីដោយមានការប៉ះប៉ូវបាន​លើកម្ពស់គុណភាពរស់​នៅ។ល។ ​អារម្មណ៍ទទួលបានរបស់អ្នកទាំង​អស់គ្នា​បាន​កើនឡើង​យ៉ាងច្រើន។

       ក្នុងទីលាន​ប្រកួតនៃ​​ព្រឹត្តិការណ៍កីឡាអូឡាំពិក​រដូវក្តៅ​ក្រុង​ប៉ារីស កីឡាករកីឡាករិនី​ជម្រើសជាតិ​​ចិន​បាន​ខិតខំតស៊ូ​​ប្រកួតយ៉ាង​អង់អាច​ ​ហើយ​ទទួលបាន​លទ្ធផល​ដ៏​ល្អបំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែលប្រទេស​ចិន​ចូលរួម​ព្រឹត្តិការណ៍កីឡាអន្តជាតិ​នៅ​​ក្រៅ​ប្រទេស​  ដែលបាន​បង្ហាញ​ពី​ស្មារតីដ៏អង់អាចក្លៀវក្លា​ និង​ជឿជាក់លើខ្លួនឯងនៃ​​យុវជនចិន​​​។ ​កងទ័ព​ជើងទឹក​និង​ជើងអាកាសចិន​​បាន​​អបអរ​សាទរខួប​ ៧៥ ឆ្នាំ​នៃការបង្កើត​កងទ័ព​ ​​ខណៈ​កងទ័ព​រំដោះប្រជាជនចិន​បាន​​បង្ហាញពី​​មុខមាត់​ថ្មី​សន្លាង​​​។ ​ពេលប្រឈម​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ​ ​ដូចជាគ្រោះ​ទឹកជំនន់ ​គ្រោះព្យុះទីហ្វុងជាដើម​​ ​​សមាជិក​បក្ស​ និង​មន្ត្រី​មូលដ្ឋានទាំងឡាយ​បានខ្នះខ្នែងធ្វើការនៅជួរមុខ ​រួមសាមគ្គីគ្នានិង​ជួយ​គ្នាទៅវិញទៅមក។ ​ពលករ ​អ្នកស្ថាបនា​ និង​អ្នកបង្កើតអាជីព​​ដ៏ច្រើនរាប់មិនអស់បាន​តស៊ូ​ព្យាយាមដើម្បីសម្រេច​​ក្តី​សុបិន​របស់​ខ្លួន។ ​ខ្ញុំ​បាន​ផ្តល់​គ្រឿងឥស្សរិយយសថ្នាក់ជាតិ​​ និង​គ្រឿងឥស្សរិយយសគោរមងារកិត្តិយស​ថ្នាក់ជាតិជូន​ចំពោះ​បុគ្គលឆ្នើមមកពីគ្រប់វិស័យ ​កិត្តិយសគឺជារបស់​ពួកគេផង ​ហើយក៏ជា​របស់​​អ្នកតស៊ូ​គ្រប់រូប​​ដែល​មានទំនួលខុសត្រូវ​ផងដែរ។

      ពិភពលោក​​បច្ចុប្បន្ន​មានភាពស្មុគស្មាញ​និងភាពរង្គោះរង្គើ  ​​ក្នុងនាមជា​ប្រទេស​ធំ​​ដែលមានទំនួលខុសត្រូវ​​ ​ប្រទេសចិន​បាន​ជំរុញ​យ៉ាង​សកម្មនូវ​កំណែទម្រង់​អភិបាល​កិច្ច​​សកល ​​និងធ្វើ​ឱ្យ​ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ​និងសាមគ្គីភាព​នៃ​​ប្រទេស​សកល​ខាងត្បូង​។ ​យើង​បាន​ជំរុញ​ដោយស៊ីជម្រៅនិង​ជាក់ស្តែងនូវ​ការរួមគ្នា​កសាង​​គំនិត​ផ្តួចផ្តើម​ ​"​ខ្សែ​ក្រវាត់​និង​ផ្លូវ​" ​​ប្រកបដោយ​គុណភាព​ខ្ពស់​, ​​យើងបាន​ប្រារព្ធ​ដោយជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​​ប៉េកាំង​នៃ​វេទិកា​សហប្រតិបត្តិការ​ចិន-អាហ្វ្រិក​, យើងបានផ្តួចផ្តើមគំនិត​ដ៏ជាក់លាក់ក្នុង​វេទិកា​ទ្វេភាគី និងពហុភាគី​ ដូចជា​កិច្ចប្រជុំអង្គការ​សហប្រតិបត្តិការ​​សៀងហៃ(SCO), កិច្ចប្រជុំ​​ប្រទេស BRICS​, កិច្ចប្រជុំអង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC ), និងកិច្ចប្រជុំ​​ក្រុមប្រទេស ​G20 ​ជាដើម ​​​​ដែលបាន​បំពេញបន្ថែម​​​កម្លាំង​វិជ្ជមាន​កាន់តែច្រើន​​ដល់​ការគាំពារ​សន្តិភាពនិងស្ថិរភាព​នៃ​ពិភពលោក។

      យើងបាន​អបអរសាទរ​​ខួប ៧៥ ឆ្នាំ​នៃ​ការបង្កើត​សាធារណរដ្ឋប្រជាមានិតចិន​​  ​យ៉ាង​ឱឡារិក និងបានរំលឹក​​​ឡើងវិញពីបម្រែបម្រួល​ដ៏ធំរបស់​មាតុប្រទេស​។ ​​​​​អរិយធម៌​ប្រជាជាតិ​ចិន​ដែល​មាន​ប្រវត្តិសាស្ត្រ​ជាង ៥០០០ ឆ្នាំត្រូវបាន​​បន្តវេន​មកទល់បច្ចុប្បន្ន ​​​តួអក្សរ​ ​中国 (មានន័យថា៖ ចិន)បាន​ចារឹកក្នុងក្រអៅដួងចិត្តរបស់​កុលបុត្រកុលធីតា​​ចិន​គ្រប់រូប​។  ​សន្និសីទពេញអង្គលើកទី ៣​ នៃ​​គណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនីស្តចិន​អាណត្តិ​ទី ២០​ បាន​បើកធ្វើ​ដោយជោគជ័យ​  ​ដែលបាន​ជំរុញបន្ថែមទៀត​នូវ​​ការធ្វើ​ឱ្យស៊ីជម្រៅនូវកំណែទម្រង់​ដោយគ្រប់ជ្រុងជ្រោយ​​។ ​យើង​បន្ត​បោះជំហាន​ទៅមុខ​តាមចរន្ត​​យុគសម័យ​​នៃ​ការធ្វើ​កំណែទម្រង់​និង​បើកទូលាយ​  ​​ការធ្វើ​ទំនើបកម្ម​តាម​បែបផែនចិន​មុខជា​នឹង​មាន​អនាគត​កាន់តែធំធេង​ក្នុងខណៈត្រួតត្រាយ​​កំណែទម្រង់​និង​បើកទូលាយ។

      ឆ្នាំ២០២៥  ​យើង​នឹង​សម្រេច​ដោយពេញលេញ​នូវ​ផែនការជាតិប្រាំឆ្នាំ​​ទី ១៤  ​ត្រូវ​​អនុវត្ត​​គោលនយោបាយ​​ដ៏​កាន់តែ​សកម្ម​និង​ប្រកបដោយ​ប្រសិទ្ធិភាព​កាន់តែខ្ពស់  ​, ​​ត្រូវ​​ផ្តោតសំខាន់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់  ​ជំរុញ​ការកសាង​សមត្ថភាពផ្នែកបច្ចេកវិទ្យា​ខ្ពស់​​​ដោយពឹងផ្អែកលើខ្លួនឯង​ ដើម្បី​រក្សា​និន្នាការ​អភិវឌ្ឍន៍​ដ៏ល្អប្រសើរ​នៃ​សេដ្ឋកិច្ចសង្គម​​​​។ ​បច្ចុប្បន្ន ការ​ដំណើរការនៃ​​សេដ្ឋកិច្ច​កំពុងប្រឈមមុខនឹង​សភាពថ្មី​មួយចំនួន  ​បញ្ហា​មិនប្រាកដប្រជា​មកពី​ខាងក្រៅ​នៅតែស្ថិតមាន ​​និងមានសម្ពាធខាងការផ្លាស់ប្តូរពី​កម្លាំងចលករ​ចាស់មកកម្លាំងចលករ​ថ្មី​  ​ក៏ប៉ុន្តែ  ​បញ្ហា​ទាំងនេះអាច​ពុះពារបានក្រោម​កិច្ចខិតខំប្រឹងប្រែង​។ ​យើង​បានរីកចម្រើនក្រោម​​​ការទប់ទល់​នឹង​ការវាយ​ប្រហារពីព្យុះភ្លៀង​​​  ​យើងមានភាពកាន់តែ​​ខ្លាំងក្លា​ក្រោយ​បានឆ្លងផុត​ពីការសាកល្បង​  ​អ្នកទាំងអស់គ្នា​ត្រូវមានជំនឿចិត្ត​​ដ៏​ពេញលេញ។

​      មិនថា​កិច្ចការគ្រួសារ ​ឬកិច្ចការ​ជាតិ​ ការដែលធ្វើឱ្យប្រជាជន​រស់នៅដោយមានសុភមង្គលជាកិច្ចការចម្បង។​​ ​គ្រប់​ក្រុម​គ្រួសារសុទ្ធតែទន្ទឹងរង់ចាំថា​ក្មេងៗនឹងអាចទទួលបាន​ការអប់រំកាន់តែល្អ​ ​ចាស់ៗនឹងអាចទទួលបានសេវាកម្ម​ថែទាំដ៏ល្អប្រសើរ​ ​យុវជន​អាច​មានឱកាសអភិវឌ្ឍន៍កាន់តែច្រើន​។ ​ក្តីបំណងដ៏សាមញ្ញ​ទាំងនេះគឺ​ជាការប្រាថ្នាចំពោះជីវភាពរស់នៅដ៏ល្អបវរ។ ​យើង​ត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា​ ​លើកកម្ពស់ឥតឈប់ឈរនូវកម្រិត​កសាងនិង​អភិបាលកិច្ចសង្គម ​បន្ត​បង្ក​បរិយាកាស​ដែល​សុខដុមរមនានិង​ប្រកបដោយបរិយាបន្ន ​ដោះស្រាយ​រឿងតូចធំ​របស់ប្រជាពលរដ្ឋឱ្យបានល្អ ​ដើម្បីធ្វើឱ្យ​មនុស្សគ្រប់រូប​មាន​ស្នាមញញឹមកាន់តែ​ច្រើន ​និង​កាន់តែមានភាពកក់ក្តៅ​។

      ក្នុងឱកាសខួប​ ​២៥ ឆ្នាំនៃការដែលម៉ាកាវវិលត្រឡប់មកមាតុប្រទេសចិនវិញ ​ខ្ញុំបានទៅដល់ច្រាំង​ទន្លេ​ Haojiang​ ការអភិវឌ្ឍថ្មីនិងការប្រែប្រួលថ្មីធ្វើឱ្យ​ខ្ញុំសប្បាយចិត្តណាស់។ ​យើងនឹង​អនុវត្តយ៉ាងមុតមាំមិនងាករេនូវ​គោលនយោបាយ​ប្រទេ​សមួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ​ដើម្បីរក្សា​វិបុលភាពនិង​ស្ថិរភាព​យូរអង្វែង​​របស់ហុងកុងនិងម៉ាកាវ។ ​​ជនរួមជាតិនៃ​ត្រើយទាំងសងខាងគឺជិតស្និទ្ធជាមហាគ្រួសារតែមួយ​ ​គ្មាន​នរណាអាច​កាត់ផ្តាច់​មនោសញ្ចេតនាជា​​ឈាមជ័រ​តែមួយ​របស់យើង​បានជាដាច់ខាត ​​​ ហើយ​ក៏​គ្មាន​នរណាអាច​រារាំង​និន្នាការ​ប្រវត្តិសាស្រ្ត​នៃការបង្រួបបង្រួម​មាតុ​ប្រទេស​ចិន​នោះឡើយ​!​

       ខណៈឆ្លើយតប​នឹង​ការវិវឌ្ឍ​ខ្លាំង​នៃ​បម្រែ​បម្រួលនិម្មាបនកម្ម​​​ពិភពលោក​​ដែល​មិនធ្លាប់មាន​ក្នុង​​មួយរយឆ្នាំ​​ ​យើង​​ត្រូវ​ជម្នះ​របាំង​និង​ការប៉ះទង្គិច​ដោយ​ទឹកចិត្ត​យោគយល់​គ្នា​  ​ត្រូវ​ផ្តោតលើ​ជោគវាសនា​នៃ​មនុស្សជាតិ​ដោយ​ចិត្តទូលាយ​​។ ​ប្រទេសចិន​មានឆន្ទៈ​ធ្វើការ​ជាមួយគ្រប់ប្រទេស  ​ដើម្បី​ធ្វើជា​អ្នកអនុវត្ត​នៃ​កិច្ចសហប្រតិបត្តិការ​មេត្រីភាព ​អ្នកជំរុញ​នៃ​ការផ្លាស់ប្តូរ​អរិយធម៌ទៅវិញទៅមក​ ​និង​ជាអ្នក​ចូលរួម​បង្កើត​សហគមន៍​រួមជោគវាសនា​នៃ​មនុស្សជាតិ​  ​ដើម្បី​រួមគ្នា​កសាង​​អនាគត​ដ៏​ល្អបវរ​របស់​ពិភពលោក។

      ពិតមែនក្តីសុបិននៅឆ្ងាយក្តី ​ តែបើខិតខំ​ស្វែងរក​នឹងអាច​សម្រេចបាន, ​ពិតមែន​បំណងប្រាថ្នាពិបាក​បំពេញបាន​ក្តី ​ ​តែ​បើ​ប្រកាន់ខ្ជាប់​នឹង​អាចសម្រេច​បាន​​។ ​​ក្នុងដំណើរ​​ថ្មី​នៃ​ការ​ធ្វើ​ទំនើបកម្ម​តាម​បែបផែនចិន  ​​មនុស្ស​គ្រប់រូប​​សុទ្ធតែជា​តួអង្គសំខាន់  ​​រាល់​កិច្ច​ខិតខំ​តស៊ូ​សុទ្ធតែ​មានតម្លៃ​​  រាល់​ការ​រួមចំណែក​សុទ្ធតែមាន​​ភាពអស្ចារ្យ​​។

      ទឹកដី​មាតុប្រទេស​​មាន​​ភាព​រុងរឿង ​​គ្រួសារ​នីមួយៗ​មានភាព​​សុខសាន្ត​​។​  ​យើងនាំគ្នា​​​ស្វាគមន៍ឆ្នាំថ្មី​ប្រកបដោយ​​ក្តីសង្ឃឹម ​។ ​សូម​ជូនពរ​មាតុប្រទេស​ទទួលបាន​ទិន្នផល​​​ច្រើន​ ​មាន​​ភាព​រុងរឿង​ថ្កុំថ្កើង!​  ​សូម​ជូនពរ​​អ្នកទាំងអស់គ្នាសម្រេច​បាន​នូវ​គ្រប់ភាកិច្ច​ដូច​​ក្តីបំណង​​ ​មានភាព​សប្បាយរីករាយ​និង​មាន​ភាព​សុខសាន្ត​​យូរអង្វែង!​​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៥