បទវិភាគ៖ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានផ្តល់វេទិកាកាន់តែមានភាពនឹងនរដល់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ
នាថ្ងៃទី១៨ខែធ្នូ កំពង់ផែពាណិជ្ជកម្មសេរីហៃណានបានដាក់ឱ្យដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូលជាផ្លូវការ ដែលបានបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់គោលដៅស្តីពី“ច្រកទ្វារដ៏សំខាន់សម្រាប់ណែនាំចង្អុលបង្ហាញការបើកទូលាយចំពោះអន្តរជាតិរបស់ចិនក្នុងយុគសម័យថ្មី” ។ “តំបន់ហៃណាននឹងក្លាយជាតំបន់គ្រប់គ្រងពិសេសនៃគយដោយអនុវត្តគោលនយោបាយប្រកបដោយសេរីភាពនិងកាន់តែងាយស្រួល” “ក្នុងការប្រាស្រ័យទាក់ទងជាមួយអន្តរជាតិនៅពេលអនាគតនឹងកាន់តែសេរីនិងមានភាពរលូន” ។ល។ មតិអន្តរជាតិបានកត់សម្គាល់ជាទូទៅថា កំពង់ផែពាណិជ្ជកម្មសេរីហៃណានដាក់ឱ្យដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូល វាមិនត្រឹមតែផ្តល់កម្លាំងចលករដល់ការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីរបស់ចិនប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាតំបន់ដែលទទួលប្រជាប្រិយភាពថ្មីសម្រាប់ទូទាំងពិភពលោកក្នុងការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ផងដែរ។

កំពង់ផែពាណិជ្ជកម្មសេរីជាទម្រង់បើកទូលាយកម្រិតខ្ពស់បំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ។ បន្ទាប់ពីកំពង់ផែពាណិជ្ជកម្មសេរីហៃណានដាក់ឱ្យដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូល តើនឹងមាន “បម្រែបម្រួល”និង “មិនប្រែប្រួល”អ្វីខ្លះ? លោកSang Baichuan ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃសកលវិទ្យាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយក្រៅប្រទេសនៃប្រទេសចិនបានយល់ឃើញថា ក្រោយពីដាក់ឱ្យដំណើរការនូវប្រតិបត្តិការគយពិសេស “បម្រែបម្រួល”សំខាន់បានបង្ហាញលើការលើកកម្ពស់កម្រិតសេរីភាពនិងភាពងាយស្រួលថែមមួយកម្រិតទៀតនៃពាណិជ្ជកម្មនិងការវិនិយោគ ចំនួននៃទំនិញ“ពន្ធគយសូន្យ”និងប្រភេទនៃទំនិញនាំចូលជាដើមបានកើនឡើងយ៉ាងលេចធ្លោ និងតម្លៃដើមនៃការនាំចូលបានធ្លាក់ចុះយ៉ាងខ្លាំង នេះបានបង្កើនកម្លាំងទាក់ទាញដ៏ធំធេងចំពោះវិនិយោគិនរបស់ប្រទេសនានា ។ “ភាពមិនប្រែប្រួល”គឺចិននឹងបន្តពង្រីកការបើកទូលាយប្រកបកម្រិតខ្ពស់ចំពោះអន្តរជាតិ ក៏ដូចជាបន្តបង្ហាញពីការប្តេជ្ញាចិត្តនិងសមត្ថភាពដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយពិភពលោក។

គោលនយោបាយពន្ធគយដែលកាន់តែអនុគ្រោះ ការគ្រប់គ្រងពាណិជ្ជកម្មកាន់តែធូររលុង វិធានការទៅមកដែលកាន់តែងាយស្រួលនិងការត្រួតពិនិត្យនិងគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពនិងត្រឹមត្រូវ ។ល។ បន្ទាប់ពីកំពង់ផែពាណិជ្ជកម្មសេរីហៃណានដាក់ឱ្យដំណើរការនូវប្រតិបត្តិការគយពិសេសលើកោះទាំងមូល វានឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនដល់សហគ្រាស ប្រតិបត្តិការនិងសេដ្ឋកិច្ចពិភពលោក ដែលបានទទួលប្រជាប្រិយភាពនៅទូទាំងពិភពលោកហើយ។
បើនិយាយចំពោះសហគ្រាស វិធានការមួយចំនួនដូចជា“ពន្ធគយសូន្យ អត្រាពន្ធទាបនិងប្រព័ន្ធពន្ធគយងាយស្រួល”ជាដើម គឺមានន័យថា មានក្របខ័ណ្ឌអនុគ្រោះកាន់តែទូលំទូលាយនិងមានតម្លៃដើមកាន់តែទាប ។ កាសែត RBCរបស់រុស្ស៊ីបានកត់សម្គាល់ថា នេះមានន័យថា របាំងពាណិជ្ជកម្មនិងអាជីវកម្មរបស់តំបន់ហៃណាននឹងត្រូវកាត់បន្ថយដល់កម្រិតទាបបំផុត។
ជាមួយគ្នានេះដែរ បន្ទាប់ពីកំពង់ផែពាណិជ្ជកម្មសេរីហៃណានបានដាក់ឱ្យដំណើរការនូវប្រតិបត្តិការគយពិសេសលើកោះទាំងមូល នឹងជំរុញយ៉ាងខ្លាំងនូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ។ ដោយសារតំបន់ហៃណានស្ថិតក្នុងច្រកសំខាន់ដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌា វាមានសក្តានុពលភូមិសាស្ត្រធម្មជាតិ ។ សហគ្រាសដែលធ្វើការវិនិយោគនៅទីនេះ អាចសម្រេចបាននូវ “ការឈរជើងនៅតំបន់ហៃណានបែរមុខទៅកាន់ទូទាំងប្រទេសចិន និងមានកម្លាំងឥទ្ធិពលចំពោះទូទាំងពិភពលោក” ការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់និងសេដ្ឋកិច្ចសកលសុទ្ធតែនឹងទទួលបានកម្លាំងចលករដោយសារប្រការនេះ ។ ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ីបានលើកឡើងថា ការបើកកំពង់ផែពាណិជ្ជកម្មសេរីហៃណានអាចផ្តល់កាលានុវត្តភាពថ្មីដល់ប្រទេសដទៃទៀត ដែលមានកម្លាំងទាក់ទាញយ៉ាងខ្លាំងចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិករហូតដល់តំបន់ផ្សេងៗកាន់តែច្រើន។
បើនិយាយចំពោះតំបន់ហៃណាន ការដាក់ឱ្យដំណើរការនូវប្រតិបត្តិការគយពិសេសលើកោះទាំងមូលគឺជាការចាប់ផ្តើមថ្មីមួយ ។ យើងអាចរំពឹងថា កំពង់ផែពាណិជ្ជកម្មសេរីហៃណាននឹងពង្រីកវិសាលភាពបើកទូលាយជាបន្តបន្ទាប់ បន្តធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធគោលនយោបាយ ខិតខំប្រឹងប្រែងប្រែក្លាយជាច្រកទ្វារគន្លឹះសម្រាប់តភ្ជាប់ការវិលជុំជាតិនិងអន្តរជាតិ ដើម្បីធ្វើជាសក្ខីភាពនៃសមិទ្ធផលក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដែលលេចចេញជាបន្តបន្ទាប់ថា កាន់តែបើកទូលាយនឹងកាន់តែអភិវឌ្ឍន៍ កាន់តែអភិវឌ្ឍន៍ក៏កាន់តែបើកទូលាយ៕