បទវិភាគ៖"ស្ថិរភាព"និង"ការវិវឌ្ឍរីកចម្រើន"របស់សេដ្ឋកិច្ចចិនបំពេញបន្ថែមជំនឿចិត្តដល់ពិភពលោក

ស្របពេលដែលដំណាច់ឆ្នាំ ២០២៥ ជិតចូលមកដល់ ការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ជិតនឹងបញ្ចប់យ៉ាងគាប់ប្រសើរ ហើយផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ជិតនឹងចាប់ផ្តើម ។ ចាប់តាំងពីសំណើស្តីពីផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៥ ត្រូវបានចេញផ្សាយមក សហគមន៍អន្តរជាតិបានយកចិត្តទុកដាក់ខ្ពស់ចំពោះការឆ្ពោះទៅរកការច្នៃប្រឌិតថ្មីរបស់សេដ្ឋកិច្ចចិន "កាបូនពីរ" បញ្ញាសិប្បនិម្មិតនិងកម្លាំងផលិតកម្មគុណភាពថ្មីជាដើមបានក្លាយជាពាក្យគន្លឹះនៃការយល់ដឹងកាន់តែស៊ីជម្រៅអំពីកាលានុវត្តភាពចិនរបស់បណ្តាភាគីនានា ។ "ស្ថិរភាព"និង"ការវិវឌ្ឍរីកចម្រើន"របស់សេដ្ឋកិច្ចចិនបានបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងវិជ្ជមានដល់ពិភពលោកជាបន្តបន្ទាប់។
នាពេលថ្មីៗកន្លងទៅនេះ សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង ។ សន្និសីទលើកនេះបានលើកឡើងថា ឆ្នាំនេះជាឆ្នាំមិនធម្មតាទេ ។ ក្រោមការដឹកនាំដ៏មុតមាំរបស់មជ្ឈិមបក្សកុម្មុនីស្តចិន ប្រជាជនចិនបាននិងកំពុងតស៊ូពុះពារគ្រប់ឧបសគ្គ អនុវត្តយ៉ាងមុតមាំមិនងាករេនូវទស្សនៈអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនឹងត្រូវសម្រេចបានដោយរលូន។
ចាប់ពីបានអនុវត្ត"ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ "មក ផលិតផលក្នុងស្រុកសរុបរបស់ចិន(GDP)បានលើសពី ១១០ ទ្រីលានយាន់ប្រាក់ចិន ១២០ ទ្រីលានយាន់ប្រាក់ចិននិង ១៣០ ទ្រីលានយាន់ប្រាក់ចិនជាបន្តបន្ទាប់ ហើយនៅឆ្នាំ ២០២៥ បរិមាណសេដ្ឋកិច្ចសរុបរបស់ចិនត្រូវបានរំពឹងថា នឹងឈានដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិន ដែលអត្រារួមចំណែករបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺ ប្រហែល ៣០ ភាគរយ ។ សមត្ថភាពច្នៃប្រឌិតថ្មីសម្រាប់ជំរុញឱ្យកម្លាំងប្រកួតប្រជែងជាស្នូលរបស់ប្រទេសជាតិត្រូវបានលើកកម្ពស់ឥតឈប់ឈរ ។ ចំណាត់ថ្នាក់របស់ចិនអំពីសន្ទស្សន៍ច្នៃប្រឌិតថ្មីសកលបានកើនឡើងពីលេខរៀងទី ៣៤ នៅឆ្នាំ ២០១២ ដល់លេខរៀងទី ១០ នៅឆ្នាំ ២០២៥ ដែលបានក្លាយជាអង្គភាពសេដ្ឋកិច្ចដែលកម្លាំងច្នៃប្រឌិតថ្មីត្រូវបានលើកកម្ពស់លឿនបំផុតក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅនេះ ។ ភាពបៃតងគឺជាលក្ខណៈពិសេសនៃការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី ។ តាមសន្ទស្សន៍ធ្វើបរិវត្តកម្មថាមពលដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសកាលពីខែមិថុនា ឆ្នាំ ២០២៥ បង្ហាញឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំ ២០២០ ចំណាត់ថ្នាក់របស់ចិនបានកើនឡើងពីលេខរៀងទី ៧៨ ដល់លេខរៀងទី ១២ ។ ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងភាគលាភធនធានមនុស្សបានបង្កប់នូវកាលានុវត្តភាពយ៉ាងខ្លាំង ។ នៅឆ្នាំ ២០២៤ ថវិកាសម្រាប់ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍរបស់ចិនមានចំនួនលើសពី ៣,៦ ទ្រីលានយាន់ប្រាក់ចិនដែលមានទំហំវិនិយោគជិតកម្រិតជាមធ្យមនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច(OECD) ហើយចំនួននិក្ខេបបទកម្រិតខ្ពស់ដែលចេញផ្សាយលើទស្សនាវដ្តីអន្តរជាតិនិងចំនួនប៉ាតង់តក្កកម្មសុទ្ធតែបានកាន់លំដាប់ទីមួយលើពិភពលោក។ ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មបានពន្លឿនការរួមបញ្ចូលគ្នា ។ សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខបានប្រែក្លាយទៅជាកម្លាំងផលិតកម្មគុណភាពថ្មីជាបន្តបន្ទាប់ ។ ចំនួនធនធានមនុស្សខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាន់ខ្ពស់របស់ចិនបានកាន់លំដាប់ថ្នាក់ឈានមុខលើទូទាំងពិភពលោកដែលនឹងផ្តល់កម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើឱ្យប្រសើរឡើងនៃឧស្សាហកម្ម។
ពេលថ្មីៗនេះ គ្រឹះស្ថានអន្តរជាតិជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។ ឧទាហរណ៍ដូចជាអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច(OECD)បានដំឡើងការព្យាករណ៍ចំពោះល្បឿនកំណើននៃសេដ្ឋកិច្ចចិនឱ្យឡើងដល់ ៥ ភាគរយដោយអះអាងថា នេះជាលើកទីបីហើយដែលបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងឆ្នាំនេះ ។ យោងតាម«របាយការណ៍ស្តីពីចក្ខុវិស័យនៃការអភិវឌ្ឍអាស៊ីឆ្នាំ ២០២៥ »ដែលចេញផ្សាយដោយធនាគារអភិវឌ្ឍន៍អាស៊ីនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញឱ្យឃើញថា ដោយមកពីភាពធន់នៃការនាំចេញរបស់ចិននិងគោលនយោបាយហិរញ្ញវត្ថុរបស់ចិនដែលបានដើរតួនាទីប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចចិត្តដំឡើងការព្យាករណ៍ចំនួន ០,១ ភាគរយ បន្ថែមទៀតសម្រាប់ល្បឿនកំណើននៃសេដ្ឋកិច្ចចិនក្នុងឆ្នាំ ២០២៥។
សម្លឹងមើលទៅកាន់ពិភពលោកទាំងមូល ប្រទេសចិននៅតែជាប្រភពកម្លាំងចលករដែលមានភាពនឹងនរនិងអាចជឿទុកចិត្តនៃកំណើនសេដ្ឋកិច្ចសកលដដែល ។ ៩ ខែដើមឆ្នាំ ២០២៥ ផលិតផលក្នុងស្រុកសរុបរបស់ចិន(GDP)បានកើនឡើង ៥,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន តាមការប៉ាន់ប្រមាណ បរិមាណសេដ្ឋកិច្ចសរុបរបស់ចិនពេញមួយឆ្នាំ ២០២៥ ប្រហែលនឹងឈានដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិនដែលឋានៈជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោកត្រូវបានពង្រឹងនិងលើកកម្ពស់ថែមមួយកម្រិតទៀត ។ តួនាទីជា"ក្បាលម៉ាស៊ីនដ៏សំខាន់"នៃការប្រើប្រាស់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចមានភាពកាន់តែលេចធ្លោ ការវិនិយោគលើវិស័យឧស្សាហកម្មកម្មន្តសាលបានកើនឡើងឆាប់បង្គួរ ការធ្វើពិពិធកម្មទីផ្សារត្រូវបានជំរុញជាបន្តបន្ទាប់ រចនាសម័្ពន្ធនៃទីផ្សារអន្តរជាតិត្រូវបានកែលម្អជាបន្តបន្ទាប់ដែលបានរួមគ្នាពង្រឹងគ្រឹះមូលដ្ឋាសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពរឹងមាំរបស់សេដ្ឋកិច្ចចិន។
បច្ចុប្បន្ននេះ កម្លាំងផលិតកម្មគុណភាពថ្មីកំពុងពន្លឿនការបង្កើតជាថ្មីម្តងទៀតនូវនិម្មាបនកម្មនៃកំណើនសេដ្ឋកិច្ចចិនដែលបានក្លាយជាចំណុចសំខាន់សម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។ បើមើលពីសំណើស្តីពីផែនការអភិវឌ្ឍន៍ ៥ ឆ្នាំទី ១៥ មជ្ឈដ្ឋានខាងក្រៅអាចស្វែងរកចម្លើយដោយងាយស្រួល ពោលគឺ គួរបង្កើនការច្នៃប្រឌិតថ្មីដើមនិងការសិក្សាស្រាវជ្រាវខាងបច្ចេកទេសគន្លឹះ ជំរុញភាពស៊ីសង្វាក់គ្នាយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្ម ជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យការអប់រំនិងបច្ចេកវិទ្យា ជំរុញយ៉ាងស៊ីជម្រៅនូវកិច្ចកសាងឌីជីថលូបនីយកម្មរបស់ប្រទេសចិន ។ល។ ប្រការទាំងនេះបានបង្ហាញយ៉ាងច្បាស់ថា ការអភិវឌ្ឍផលិតកម្មគុណភាពថ្មី គឺ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ការលើកកម្ពស់កម្រិតឧស្សាហកម្មនិងការធ្វើបរិវត្តកម្មបៃតងជាដើម ហើយនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍប្រកបដោយគុណភាពថ្មី ព្រមទាំងបំពេញបន្ថែមនូវកម្លាំងចលករថ្មីនិងបង្កើតកាលានុវត្តភាពថ្មីសម្រាប់ពិភពលោកផងដែរ។
ក្នុងនាមជាដំណាក់កាលគន្លឹះនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ប្រទេសចិនបានពន្លឿនការអភិវឌ្ឍផលិតកម្មគុណភាពថ្មីក្នុងអំឡុងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ វាមិនត្រឹមតែអាចបង្កើតឱកាសសហប្រតិបតិ្តការផ្នែកឧស្សាហកម្មប្រកបដោយភាពបើកទូលាយនិងសម្បូរបែបកាន់តែច្រើនប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការធ្វើបរិវត្តកម្មឌីជីថល ភាពវៃឆ្លាតនិងបៃតងរបស់ប្រទេសផ្សេងទៀតផងដែរ ។ ក្រុមហ៊ុន BYD ដែលជាសហគ្រាសផលិតរថយន្តរបស់ចិនបានសម្គាល់ឃើញថា បច្ចុប្បន្ននេះ រថយន្តថាមពលថ្មីដែលផលិតដោយក្រុមហ៊ុននេះបាននាំចេញទៅកាន់ប្រទេសនិងតំបន់ចំនួន ១១៦ នៅលើពិភពលោកដែលបានរួមចំណែកដល់ការអភិវឌ្ឍបៃតងនិងប្រកបដោយនិរន្តរភាពរបស់មនុស្សជាតិ ។ ក្នុងនោះ រោងចក្រនៅប្រទេសប្រេស៊ីលរបស់ក្រុមហ៊ុននេះបានបង្កើតឱកាសការងារចំនួន ២ ម៉ឺនកន្លែងដោយផ្ទាល់និងប្រយោលដែលធ្វើឱ្យមនុស្សកាន់តែច្រើនទទួលបានផលប្រយោជន៍ដោយសារការលើកកម្ពស់កម្រិតថ្នាក់នៃឧស្សាហកម្ម ។
ប្រការដែលកាន់តែសំខាន់ៗជាងនេះ គឺ ផលិតកម្មគុណភាពថ្មីមិនត្រឹមតែបានផ្តល់ការទ្រទ្រង់និងជំរុញកំណើនសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ក៏ប៉ុន្តែបានក្លាយជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចសកលតាមរយៈការរួមបញ្ចូលគ្នាខាងបច្ចេកវិទ្យាឧស្សាហកម្មនិងភាពជឿនលឿនរបស់បច្ចេកវិទ្យាឌីជីថលឈានមុខផងដែរ ។ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនវិទ្យាសាស្ត្រ Boston របស់អាមេរិកបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនយើងបានបន្ថែមការបណ្តាក់ទុននៅប្រទេសចិនជាបន្តបន្ទាប់ ក្រៅពីបានបង្កើតមូលដ្ឋានផលិតកម្មទីមួយនៅប្រទេសចិន យើងក៏បានដាក់ចេញផលិតផលដែលមានភាពជាតំណាងនៃផលិតកម្មគុណភាពថ្មីមួយចំនួនដែលធ្វើការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍនៅប្រទេសចិន និងប្រើប្រាស់បច្ចេកទេសបញ្ញាសិប្បនិម្មិតជាដើម ក្នុងន័យធ្វើឱ្យការច្នៃប្រឌិតថ្មីរបស់ចិនផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល។
ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការនិងជំរុញការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ពង្រីកការបើកទូលាយផ្នែកប្រព័ន្ធច្បាប់ជាលំដាប់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសដទៃទៀតតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ខ្លួន ។ តំបន់សាកល្បងពាណិជ្ជកម្មសេរីចំនួន ២២ តភ្ជាប់នឹងក្រឹត្យក្រមខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិដែលមានស្តង់ដារខ្ពស់ដោយម្ចាស់ការ បញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ចំនួនកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីនិងដៃគូពាណិជ្ជកម្មសេរីបានកើនឡើងជាបន្តបន្ទាប់ដែលបានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការពង្រីកការបើកទូលាយដោយម្ចាស់ការឱ្យបានសកម្ម។
ពីផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ដល់ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ រហូតដល់គោលដៅរយៈពេលវែងឆ្នាំ ២០៣៥ ប្រទេសចិនបានបង្ហាញឱ្យឃើញនូវការបេ្តជ្ញាចិត្តនិងឆន្ទៈក្នុងការគ្រោងនិងអនុវត្តផែនការគោលយ៉ាងមុតមាំមិនងាករេ ហើយក៏បានបង្ហាញឱ្យឃើញនូវភាពរស់រវើកដ៏ផុលផុសនៃកម្លាំងចលករថ្មីផងដែរ ។ ការឆ្ពោះទៅរកការច្នៃប្រឌិតថ្មី ប្រទេសចិនដែលកំពុងបោះជំហានទៅរកការធ្វើទំនើបកម្មតាមបែបផែនចិននឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាបន្តបន្ទាប់ ហើយពួតដៃគ្នាជាមួយបណ្តាប្រទេសនានាដើម្បីរួមគ្នាចែករំលែកកាលានុវត្តភាពនិងកសាងវិបុលភាពរួមគ្នា៕