បទវិភាគ៖ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដាច់ខាតមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញ

ប្រភព: CRI   |    2025-12-10 11:44:27

កាលពី​ថ្ងៃទី ​១៨ ​ខែវិច្ឆិកា ​មន្ត្រីក្រសួងការបរទេសចិន​បាន​ធ្វើកិច្ចពិគ្រោះពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួងការបរទេសជប៉ុន​នៅទីក្រុងប៉េកាំង ​។ ​ភាគីចិន​បាន​លើកឡើង​ការ​ប្រឆាំង​តវ៉ា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ភាគីជប៉ុន​ម្តងទៀត​អំពី​ពាក្យ​សម្តី​ដ៏ខុសឆ្គង​របស់​លោកស្រី ​Sanae ​Takai​chi ​នាយករដ្ឋមន្ត្រី​ជប៉ុន​ទាក់​ទង​នឹង​បញ្ហាតៃវ៉ាន់ ​ដាស់តឿន​យ៉ាងម៉ឺងម៉ាត់ឱ្យ​ភាគី​ជប៉ុន​លុប​ចោល​ពាក្យសម្តីខុសឆ្គង​របស់ខ្លួន ​បញ្ឈប់ការបង្ករឿងក្នុងបញ្ហាពាក់ព័ន្ធ​នឹង​ប្រ​ទេស​ចិន​និង​កែ​តម្រូវ​កំហុស​របស់ខ្លួន​តាមរយៈសកម្មភាពជាក់ស្តែង​ដើម្បីគាំពារមូលដ្ឋាន​គ្រឹះ​ខាង​នយោបាយ​នៃ​ទំនាក់ទំនង​រវាងចិននិងជប៉ុន។

តាំងពី​លោកស្រី ​Sanae ​Takaichi ​បាន​និយាយបញ្ឆិតបញ្ឆៀងពីលទ្ធភាពលូកដៃ​ចូលក្នុង​បញ្ហា​តៃវ៉ាន់​ដោយកម្លាំងបាយ​កាលពី​ថ្ងៃទី ​៧ ​ខែវិច្ឆិកា​មក ​រដ្ឋាភិបាលចិន​បាន​ឆ្លើយ​តប​វិញ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ពាក្យ​សម្តី​បង្ករឿងហេតុពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់​របស់​លោកស្រី ​។ ​បើ​និយា​យ​ចំពោះ​ប្រទេស​ចិន ​បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ចិន ​។ ​លោ​ក​ស្រី ​Sanae ​Takaichi ​បាន​បង្ករឿងហេតុ​ចំពោះប្រទេសចិន​លើបញ្ហានេះ​តាមតែ​ទំនើ​ង​ចិត្ត​ដោយ​មិន​អើ​ពើ​នឹង​គំនិតឯកភាពរួម​របស់​សហគមន៍អន្តរជាតិ​ ដែល​ច្បាស់​ជា​ត្រូវ​បង់តម្លៃ​យ៉ាង​ធ្ងន់​ធ្ងរ ​។ ​បច្ចុប្បន្ននេះ ​ប្រទេសចិន​គឺជា​ដៃគូពាណិជ្ជកម្មធំបំផុត ​ប្រទេស​ធំទីពីរ​ខាង​ការនាំ​ចេញ​និង​ជា​ប្រភពនាំចូល​ធំបំផុត​របស់​ប្រទេស​ជប៉ុន ​។ ​នាពេល​ថ្មីៗ​កន្លង​ទៅនេះ ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ ​Nomura ​របស់​ជប៉ុន​បានថ្លែង​ថា ​ប្រសិនបើ​ចំនួន​អ្នក​ទេសចរ​ចិន​ដែល​មក​ទស្សនា​ប្រទេសជប៉ុន​មាន​ការ​ថយចុះ​យ៉ាង​ខ្លាំង ​នោះ ​តាម​ការ​គណនា​ជា​ជំហាន​ដំបូង​ឱ្យដឹងថា ​ការខាតបង់ខាងសេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​នឹង​ឈាន​ដល់ ​២,២ ​ទ្រីលាន​យ៉េន​ជប៉ុន(ប្រហែលត្រូវជា ​១០១,១៦ ​ប៊ីលាន​យាន់ប្រាក់ចិន) ​។ ​ប៉ុន្មាន​ថ្ងៃ​ជាប់​មក​នេះ ​គ្រប់មជ្ឈដ្ឋានក្នុងស្រុក​ជប៉ុន​បាន​ថ្កោល​ទោសចំពោះ​ការលើកឡើង​ដ៏​ខុស​ឆ្គង​របស់​លោក​ស្រី ​Sanae ​Takaichi ​ជា​បន្ត​បន្ទាប់ ដោយ​បាន​អំពាវនាវ​ឱ្យ​លោកស្រី​លុប​ចោល​​ពាក្យ​សម្តី​ខុស​ឆ្គង​របស់​ខ្លួន​ជា​បន្ទាន់។

ក្នុងនាមជាប្រទេសធំ​ដែលមានទំនួលខុសត្រូវ​ប្រវត្តិសាស្ត្រ ​ការ​ឆ្លើយ​តប​វិញ​របស់​ប្រ​ទេស​ចិន​មិនត្រឹមតែ​បាន​គាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដី​ប៉ុណ្ណោះទេ ​ថែម​ទាំង​ក៏​បាន​គាំពារ​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់​ពី​សង្គ្រាមលោកលើកទីពីរ​និង​សន្តិភាព​ក្នុង​តំបន់​ផងដែរ​ដែល​ជា​ការ​ទប់​ស្កាត់​យ៉ាងខ្លាំងក្លា​ចំពោះ​ការ​ងើបឡើងវិញ​នៃ​យោធានិយម​ជប៉ុន ​។ ​ជា​ពិសេស​គឺ​ឆ្នាំនេះ​ជា​ខួបទី ​៨០ ​នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​ជប៉ុន​និង​សង្គ្រាមពិភពលោក​ប្រឆាំងនឹងហ្វាស៊ីស ​ទង្វើ​របស់​លោក​ស្រី ​San​ae ​Takaichi ​បាន​បដិសេធ​ដោយផ្ទាល់​ចំពោះ​សមិទ្ធផលជ័យជម្នះ​នៃ​សង្គ្រាម​ប្រជាជន​ចិន​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ជប៉ុន ​បង្ករឿងហេតុ​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​បន្ទាប់​ពី​សង្គ្រាមលោកលើកទីពីរ ​ហេតុនេះហើយ ​សារសំខាន់​និង​ភាពចាំបាច់​នៃ​ការ​ឆ្លើយ​តប​វិញ​របស់​ប្រទេសចិន​ក៏​មានភាព​កាន់តែច្បាស់​លាស់​ដែរ ​។

កាលពី​ខែកក្កដា ​ឆ្នាំនេះ ​គណបក្សសេរី​ប្រជាធិបតេយ្យរបស់​លោក​ស្រី ​Sanae ​Takaichi ​បាន​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្សនវានុវត្តន៍ដែល​ជា​គណបក្ស​ស្តាំ​និយម​ជប៉ុន ​ហើយ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​រួមគ្នាកាន់អំណាច​រវាង​គណបក្សទាំងពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ថា"នឹងធ្វើវិសោធនកម្មមាត្រាទី ​៩ ​នៃ​«រដ្ឋធម្មនុញ្ញ»"និង​"បន្ថែម​​មាត្រា​ស្តីពី​ភាព​អា​សន្ន" ដើម្បី​បើក​ផ្លូវ​ឱ្យ​ជប៉ុន​សម្រេច​បាន​នូវ​​​​​"ភាព​ប្រក្រតី​ឡើង​វិញនៃ​កង​ទ័ព​"។

ទង្វើដ៏គ្រោះថ្នាក់មួយចំនួនរបស់ជប៉ុន​បាន​បណ្តាលឱ្យមានការរិះគន់​យ៉ាង​ទូលំទូលាយ​ពី​ប្រទេសជិតខាង ​។ ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​លើកឡើង​ការតវ៉ាយ៉ាងម៉ឺងម៉ាត់​ចំពោះ​ករ​ណី​ដែលថា ​លោក​ស្រី ​Sanae ​Takaichi ​បាន​អះអាង​នាពេល​ថ្មីៗ​កន្លងទៅនេះ​ថា ​កោះ ​Tokdo ​(ជប៉ុន​ហៅកោះ ​Takeshima ​)គឺជា"ទឹកដីមានស្រាប់​"របស់ជប៉ុន ​ហើយ​បាន​ផ្អាក​សម​យុទ្ធ​រួម​រវាង​កូរ៉េខាងត្បូង​និង​ជប៉ុន​ដែល​ពីមុន​បានកំណត់ធ្វើនៅ​ខែវិច្ឆិកា ​ឆ្នាំនេះ ​។ល។ ​ទង្វើ​បង្ករឿង​ហេតុ​របស់​លោកស្រី ​Sanae ​Takaichi ​បាន​បណ្តាលឱ្យ​មាន​ការ​ប្រឆាំង​តវ៉ា​និង​​រិះគន់​ព្រោង​ព្រាត​ពី​ប្រទេសជិតខាងជាច្រើន​ ​នេះ​បាន​បង្ហាញ​ថា ​ជប៉ុន​បាន​ក្លាយ​ជា​ប្រភព​ហានិភ័យ​ដ៏ធំបំផុត​នៃ​ការ​បំផ្លាញសន្តិភាព​នៅអាស៊ីបូព៌ា​រួចហើយ។

មិថាអ្នកណាឡើងកាន់អំណាចក៏ដោយ ​ក៏​ជប៉ុន​ចាំបាច់ត្រូវ​គោរពតាមពាក្យសន្យា​របស់​ខ្លួន​និង​ដើរតាមមាគ៌ាដែលអភិវឌ្ឍដោយសន្តិភាព ​។ ​ប្រទេស​ចិន​នឹង​បន្ត​ចាត់ទុក​ប្រវត្តិ​សា​ស្ត្រ​ជាមេរៀន ​ប្រឆាំងយ៉ាងដាច់ខាតចំពោះ​រាល់​ទង្វែ​ណា​ដែល​ចង់ឱ្យ​យោធា​និយម​ងើប​ឡើ​ង​វិញ​ ព្រមទាំង​គាំពារ​យ៉ាងមុតមាំ​នូវ​សមិទ្ធផលជ័យជម្នះនៃ​សង្គ្រាម​លោក​លើក​ទីពីរ​និង​ស​ណ្តា​ប់​ធ្នាប់​អន្តរជាតិ​បន្ទាប់ពី​សង្គ្រាមលោកលើក​ទី​ពីរ​។ ​សហគមន៍​អន្តរជាតិ​ក៏​គួរ​ពួត​ដៃ​គ្នា​ដើម្បី​មិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញជាដាច់ខាត ​ក៏​ដូច​ជា​ដាច់ខាត​មិន​អនុ​ញ្ញាតឱ្យ​សន្តិភាពនិងស្ថិរភាពពិភពលោក​រង​ការ​បំផ្លាញម្តង​ទៀត៕​

បទវិភាគ៖ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដាច់ខាតមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញ