បទវិភាគ៖ ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញគឺគ្មានច្រកចេញទាល់តែសោះ

ប្រភព: CRI   |    2025-12-10 11:42:06

មនុស្សដែលគ្មានភាពស្មោះត្រង់មិនអាចទទួល​បាន​​សច្ចភាព  ប្រទេស​ដែល​គ្មានទំនុក​ចិត្ត​នៅលើ​ពិភពលោកមិនអាច​ទទួល​បានកេរ្តិ៍​ឈ្មោះ ។ ក្នុង​នាមជា​ប្រទេស​បំផុស​សង្គ្រាម​ឈ្លានពាន​ និង​ប្រទេស​ទទួល​បរាជ័យ​ក្នុង​សង្គ្រាម​លោកលើក​ទីពីរ ជប៉ុន​គួរតែគិត​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅនូវ​ទោស​កំហុសដែលខ្លួន​បំផុសសង្គ្រាម​ ក្រេបជញ្ជក់យកមេរៀននៃប្រវតិ្តសាស្ត្រ និង​ដើរ​តាម​មាគា​អភិវឌ្ឍន៍ដោយ​សន្តិភាពពិត​ប្រាកដ នេះជា​បុរេល័ក្ខខ័ណ្ឌដ៏សំខាន់​សម្រាប់​ឱ្យ​ជប៉ុន​ត្រឡប់​ទៅសហគមន៍អន្តរជាតិ​វិញ ជា​មូលដ្ឋាន​គ្រឹះនយោបាយ​សម្រាប់​ឱ្យ​ជប៉ុន​អភិវឌ្ឍ​ទំនាក់ទំនងការទូតជា​មួយប្រទេស​ជិត​ខាង ហើយ​ក៏ជា​ម៉ែត្រ​សម្រាប់វាយ​តម្លៃ​ថា តើប្រទេសជប៉ុនអាចគោរពនិង​អនុវត្ត​ពាក្យសន្យា​របស់​ខ្លួន​ស្តីពី​ការ​អភិវឌ្ឍដោយសន្តិភាពឬទេ ។

ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជប៉ុន​បាន​បន្ធូរបន្ថយ​សិទ្ធិ​ស្វ័យ​ការពារជា​បន្តបន្ទាប់ បាន​បន្ធូរ​ការរឹតបន្តឹង​ការនាំចេញអាវុធជា​ច្រើន​លើក​ ហើយ​បាន​អភិវឌ្ឍអ្វីដែល​ហៅថា សមត្ថភាពវាយ​ប្រហារ​ទៅលើ​មូលដ្ឋាន​របស់សត្រូវ ប៉ុនប៉ង​បង្កើតវិសោធនកម្ម“គោលការណ៍​ចំនួន​បីស្តីពី​ការ​គ្មាននុយក្លេអ៊ែរ​” ។ ទង្វើ​ទាំងនេះបាន​ល្មើសយ៉ាង​ធ្ងន់​ធ្ងរនឹង​ “ធម្មនុញ្ញ​សន្តិភាព” និង​គោលការណ៍​“ស្វ័យការពារ”របស់​ជប៉ុន​ បានធ្វើឱ្យ​ប្រទេស​អាស៊ីនៅជិតខាង​និង​សហគមន៍អន្តរជាតិ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​ចំពោះ​យុទ្ធសាស្ត្រ​របស់​ជប៉ុន​ ។

ជា​ពិសេស ខណៈពេល​​ចូល​រួម​ការ​ជជែកដេញដោលក្នុងរដ្ឋ​សភា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងយ៉ាងកម្រោលថា “ស្ថានភាពបន្ទាន់នៅតៃវ៉ាន់”ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព ការនិយាយបញ្ឆិតបញ្ឆៀងអំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធន បាន​លាតត្រដាង​យ៉ាងច្បាស់នូវ​ធាតុ​ពិត​ដ៏អាក្រក់​របស់​លោកស្រីដែល​បំពាន​ធម្មនុញ្ញសន្តិភាព​ និងបានបំផ្លេច​បំផ្លាញ​សណ្តាប់ធ្នាត់​អន្តរជាតិ​ ។

ប្រឈមនឹង​ទង្វើ​របស់​ជប៉ុន​​ប្រកប​ដោយ​គ្រោះថ្នាក់ សហគមន៍អន្តរជាតិ​បាន​ចេញផ្សាយការ​ព្រមានយ៉ាង​ច្បាស់លាស់ តម្រូវ​ឱ្យ​ជប៉ុនប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវ ​និងពិចារណាពីកំហុសខ្លួនក្នុងប្រវត្តិសាស្ត្រឈ្លានពាន បញ្ឈប់​បំភាន់​​មតិសាធារណៈក្នុង​អន្តរជាតិ និង​បញ្ឈប់​ធ្វើ​ទង្វើ​និង​បញ្ចេញ​ពាក្យ​សម្តី​ខុស​ឆ្គង​ក្នុ​ងបញ្ហា​ពាក់ព័ន្ធ ក៏ដូច​ជា​ប្រកាន់ខ្ជាប់​ដើរតាមមាគាអភិវឌ្ឍន៍​ដោយ​សន្តិភាព ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិតាមរយៈអាកប្បកិរិយា​មាន​ទំនួលខុសត្រូវ​ និង​ការអនុវត្តជាក់ស្តែង ។

លោកស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​សង្កត់ធ្ងន់​ថា បើសិន​ជា​ជប៉ុន​ចង់ឱ្យយោធានិយម​​ងើប​ឡើង​វិញ នោះ​ប្រជាជនចិនមិនទទួលយកជាដាច់ខាត សហគមន៍អន្តរជាតិ​មិន​អនុញ្ញាតជា​ដាច់ខាត ចុងក្រោយ​ពិត​ជា​នឹង​ទទួលការ​បរាជ័យ​ជាមិនខាន​ ។ ក្រសួង​ការ​បរទេស​រុស្សី​បាន​បង្ហោះ​វីដេអូ​អំពី​ការ​ចុះ​ចាញ់របស់​ជប៉ុន​តាមរយៈបណ្តាញទំនាក់ទំនងសង្គម ក្នុង​ន័យ​ដាស់តឿន​ជប៉ុន​ក្រេបជញ្ជក់យកមេរៀន នៃប្រវតិ្តសាស្ត្រ ។ ក្រសួង​ការ​បរទេស​កម្ពុជា​បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយបញ្ជាក់សារជាថ្មីថា  តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន បញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិនសុទ្ធសាធ និងប្រឆាំងនឹង “ឯករាជ្យតៃវ៉ាន់” គ្រប់ទម្រង់។ ក្រៅពីនេះ ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ​និង​មីយ៉ាន់ម៉ា​ជា​ដើម​ក៏បាន​បង្ហាញអាកប្បកិរិយា​យ៉ាង​ច្បាស់ រិះគន់​ថ្នាក់​ដឹក​នាំ​ជប៉ុន​ដែល​មាន​ការ​យល់​ដឹង​ខុស​ឆ្គង់​ចំពោះប្រវត្តិសាស្ត្រ​សង្គ្រាម​លោក​លើក​ទីពីរ ។

ពាក្យ​សម្តី​របស់លោកស្រី Sanae Takaichi ក៏​បានបង្កឱ្យមានការរំជើបរំជួលយ៉ាង​​ខ្លាំងនៅក្នុងប្រទេសជប៉ុនផងដែរ ទាំង​អ្នក​នយោបាយ​ជើង​ចាស់​និង​ប្រជាពលរដ្ឋសាមញ្ញ សុទ្ធ​តែ​​សម្តែង​ការ​មិន​ពេញចិត្ត ​និង​ការ​ប្រឆាំង​តា​មរយៈរូបភាពខុសៗគ្នា ។ លោក Kiichiro Hatoyama អតីតនាយក​រដ្ឋមន្ត្រីជប៉ុន​បាន​និយាយ​ត្រង់ៗថា ទំនាក់ទំនង​រវាង​ជប៉ុននិង​ចិន​នឹង​ធ្លាក់ក្នុង​សភាអាក្រក់បំផុត​ដោយ​សារ​ពាក្យ​សម្តីនេះ ហើយ​ទាមទារ​ឱ្យ​លោកស្រី​កែ​តម្រូវ​កំហុស​ភ្លាមៗ​ ។ លោក  Ishiba Shigeru អតីតនាយក​រដ្ឋមន្ត្រីជប៉ុន​បានរិះគន់​ពាក្យ​សម្តី​ជាសាធារណៈចំនួនពីរ​លើក​ ដោយ​បាន​សង្កត់ធ្ងន់​ថា ចាប់តាំង​ពីរការ​ស្តារ​ទំនាក់​ទំនង​រវាង ​ជប៉ុននិងចិន​​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញមក​ គោលជំហរ​របស់​រដ្ឋាភិបាល​អាណត្តិនីមួយៗដែល​គោលរពគោលការណ៍ចិន​មួយ មិន​អនុញ្ញាតឱ្យ​កែប្រែឡើយ ។

ការចងចាំនិងការពិត ​នៃ​ប្រវត្តិសាស្ត្រមិនរសាយបាត់ទៅតាមពេលវេលាឡើយ ជប៉ុន​ដែលធ្លាប់​នាំ​មកនូវសោកវិនសកម្មដ៏ឈឺចាប់​ដល់​ប្រជាជ​ន​អាស៊ី គួរពិចារណា និង​ធ្វើការកែកំហុសរបស់ខ្លួនអោយបាន​ប្រាកដប្រជា អនុវត្ត​ពាក្យ​សន្យា​ចំពោះប្រទេសចិន ​និង​សហគមន៍អន្តរជាតិ​តាមរយៈសកម្មភាពជាក់ស្តែង ដើម្បីទទួ​ល​បាន​ការជឿទុកចិត្តពីប្រទេសជិតខាងនៅអាស៊ីនិង​សហគមន៍អន្តរជាតិ ។ ពិភពលោកនាពេល​បច្ចុប្ប​ន្ន​ មិនអនុញ្ញាត​ឱ្យយោធានិយម​ងើប​ឡើងវិញ​ជា​ដាច់ខាត មិន​អនុញ្ញាត​ឱ្យ​សន្តិភាព​ និង​ស្ថិរភាព​សកល​រង​ការ​បំផ្លាញ​ជា​ដាច់ខាត ។ បើ​ជប៉ុន​ចង់​ដើរតាម​ផ្លូវ​យោធានិយម​ឡើង​វិញ នោះ​​ទីបំផុត​ពិត​ជា​នឹង​ទទួល​បរាជ័យ​និង ភាពអាម៉ាស់មុខ​ជា​មិន​ខាន​ ៕​

បទវិភាគ៖ ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញគឺគ្មានច្រកចេញទាល់តែសោះ