បទវិភាគ៖ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ គ្រោងផែនការថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន

ប្រភព: CRI   |    2025-10-28 18:01:43

ប៉ុន្មានថ្ងៃមុន​ សន្និសីទពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បាន​ក្លាយ​ជា​ការផ្តោតអារម្មណ៍នៃមតិសាធារណៈអន្តរជាតិ ។ ក្នុង​នោះ ការ​រៀបចំចាត់ចែង​ជា​យុទ្ធសាស្ត្រ​ដែ​ល​កំណត់​ក្នុង​សន្និសីទពេញអង្គ​ ពោល​គឺ ក្នុ​ងអំឡុង​អនុវត្ត​ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ពន្លឿនការសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យាខ្ពស់ដោយឯករាជ្យម្ចាស់ការ និង​ណែនាំ​ការ​អភិវឌ្ឍ​ផលិត​កម្មគុណភាពថ្មី​ បាន​ញ៉ាំង​ឱ្យ​ប្រព័ន្ធសារព័ត៌មាន​បរទេស​មាន​ការ​ចាប់​អារម្មណ៍​និង​ពិភាក្សា​យ៉ាង​ច្រើន ។ ប្រព័ន្ធសារព័ត៌មាន​បរទេសជា​ច្រើន​សម្គាល់ឃើញថា សន្និសីទពេញអង្គ​បាន​បង្ហាញ​ឃើញថា ប្រទេស​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​គុណភាពខ្ពស់ និង​តួនាទី​របស់​បច្ចេកវិទ្យាក្នុង​ការ​បង្កើត​​ផលិត​កម្មគុណភាពថ្មី ហើយ​ក៏បាន​ចង្អុល​បង្ហាញពី​​ទិសដៅ​សម្រាប់​ការ​អភិវឌ្ឍនៅលើពិភពលោកទាំង​មូល​​ផង​ដែរ។

ក្នុ​ងអំឡុង​អនុវត្ត​ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ តើ​ប្រទេស​ចិន​នឹង​រៀបចំចាត់ចែង​យ៉ាង​ណា ដើម្បី​ណែនាំ​​ការ​អភិវឌ្ឍ​ផលិត​កម្ម​គុណភាពថ្មី​ ? បើមើលពី«សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥  សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន  »ដែល​ត្រូ​វបាន​ពិគ្រោះពិភាក្សានិង​អនុម័ត​ក្នុង​​សន្និសីទពេញ មជ្ឈដ្ឋាន​ខាង​ក្រៅ​អាចស្វែង​​រក​ចម្លើយដោយ​ងាយ​ស្រួល​ ពោលគឺ គួរបង្កើន​ការ​ច្នៃប្រឌិត​ដើម​និងការ​វាយ​ទម្លុះ​ខាង​បច្ចេកទេសគន្លឹះ ជំរុញភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្ម ជំរុញ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​លើ​វិស័យ​ការ​អប់រំនិង​បច្ចេកវិទ្យា ជំរុញ​កិច្ច​កសាងឌីជីថលរបស់​ប្រទេស​ចិន​ដោយ​ស៊ីជម្រៅ ។ល។ អត្ថាធិប្បាយទាំង​នេះបាន​បង្ហាញយ៉ាងច្បាស់ថា កា​រអភិវឌ្ឍ​ផលិត​កម្ម​គុណភាពថ្មី​ គឺគូបផ្សំ​​យ៉ាង​ជិត​ស្និទ្ធជាមួយ​ការ​ច្នៃប្រឌិត​ថ្មីផ្នែក​បច្ចេកវិទ្យា ការ​លើក​កម្ពស់​កម្រិត​ឧស្សាហកម្ម និង​ការធ្វើ​បរិវត្តកម្ម​​បៃតង​ជាដើម​ ហើយ​នឹង​ជំរុញ​យ៉ាង​ខ្លាំងដល់​កា​រអភិវឌ្ឍ​ផលិត​កម្ម​គុណភាពថ្មី ព្រមទាំងនឹង​បំពេញបន្ថែម​កម្លាំង​ចលករ​ថ្មី​និងឱកាសថ្មី​ដល់​ពិភពលោក​ ។

ក្នុ​ងនាម​ជា​គន្លឹះមួយនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃពិភពលោកទាំងមូល ការ​ដែល​ប្រទេសចិន​ពន្លឿន​ការ​​អភិវឌ្ឍ​ផលិត​កម្ម​គុណភាពថ្មីក្នុង​អំឡុង​អនុវត្ត​ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ មិន​ត្រឹម​តែ​អាច​បង្កើត​ឱកាស​សហប្រតិបតិ្តការ​ផ្នែក​ឧស្សាហកម្ម​ប្រក​បដោយ​ភាពបើក​ទូលាយ​និង​សម្បូរ​បែបកាន់តែច្រើន​តែប៉ុណ្ណោះ ក៏ប៉ុន្តែនឹង​ជំរុញ​​ការធ្វើ​បរិវត្តកម្មឌីជីថល ភាពវៃឆ្លាតនិង​បៃតង​​របស់ប្រទេស​ផ្សេងទៀត​ផងដែរ ។ ក្រុមហ៊ុន​ BYD ដែល​ជា​សហគ្រាស​ផលិត​រថយន្ត​របស់ចិន​បាន​សម្គាល់ឃើញថា បច្ចុប្បន្ន​នេះ រថយន្ត​ថាមពល​ថ្មី​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​នេះ បាន​លក់ទៅកាន់​ប្រទេស​និង​តំបន់​ចំនួន​១១៦នៅលើ​ពិភពលោក ដែល​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​បៃតង​និង​និរន្តរភាព​របស់​មនុស្សជាតិ ។ ក្នុង​នោះ រោង​ចក្រ​នៅ​ប្រទេសប្រេស៊ីលរបស់​ក្រុមហ៊ុន​នេះ បាន​បង្កើត​ឱកាសការងារចំនួន​២ម៉ឺន​កន្លែង​ដោយ​ផ្ទាល់និង​ប្រយោល ធ្វើ​ឱ្យ​មនុស្សកាន់តែច្រើន​ទទួល​បាន​ផល​ប្រយោជន៍ពី​ការ​លើក​កម្ពស់​កម្រិត​ឧស្សាហកម្ម។

ប្រការដែល​កាន់តែសំខាន់ជាងនេះ គឺ​ផលិត​កម្ម​គុណភាពថ្មី​មិន​ត្រឹម​តែបាន​ផ្តល់​ការ​ទ្រទ្រង់​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ចិន​ប៉ុណ្ណោះទេ ថែម​ទាំង​បាន​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​ថ្មី​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​សកល​ទៀតផង តាម​រយៈភាពបន្ស៊ីគ្នាខាងឧស្សាហកម្ម​បច្ចេកវិទ្យានិងការវា​យ​ទម្លុះបច្ចេកវិទ្យា ឌីជីថល ឈានមុខ ។ អ្នក​ទទួល​ខុសត្រូវ​នៃក្រុមហ៊ុនវិទ្យាសាស្ត្រ Boston របស់​អាមេរិក​បាន​ថ្លែង​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រុម​ហ៊ុននេះបាន​បន្ថែម​ការ​បណ្តាក់​ទុន​នៅប្រទេស​ចិន​ជាបន្តបន្ទាប់ ក្រៅពី​បាន​បង្កើត​មូលដ្ឋាន​ផលិត​កម្មទីមួយ​​នៅប្រទេ​សចិន​ ក៏បាន​ផលិត​​ផលិត​ផលជា​តំណាង​នៃ​ផលិត​កម្ម​គុណភាពថ្មី​​មួយ​ចំនួន​ ដែល​ធ្វើ​កា​រសិក្សា​ស្រាវជ្រាវ​ ​អភិវឌ្ឍ ​ និង​ប្រើប្រាស់​បច្ចេកទេសបញ្ញា​សិប្បនិម្មិតនៅប្រទេស​​ចិន​ជាដើម​ ក្នុង​ន័យ​ធ្វើឱ្យ​ការ​ច្នៃប្រឌិត​ថ្មី​របស់​ចិន​ផ្តល់​ផល​ប្រយោជន៍​ដល់​ពិភពលោកទាំង​មូល​ ។

ពី​ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ដល់​ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ រហូត​ដល់​គោលដៅ​រយៈ​​ពេលវែង​ឆ្នាំ​ ២០៣៥  ប្រទេស​ចិន​បាន​បង្ហាញឱ្យ​ឃើញនូ​វការ​បេ្តជ្ញាចិត្ត​និង​​ឆន្ទៈក្នុង​ការ​គ្រោង​និង​អនុវត្ត​ផែនការ​គោល ហើយ​ក៏បាន​បង្ហាញឱ្យ​ឃើញនូវ​ភាពរស់រវើក​នៃ​កម្លាំង​ចលករ​ថ្មី ។ ដើរ​ទៅកាន់​ “ភាព​ថ្មី” ការ​ធ្វើ​ទំនើបកម្ម​តាម​បែបផែន​ចិន​នឹងដើរទៅមុខកាន់តែយូរអង្វែងនិងកាន់តែរឹងមាំ រីឯសេដ្ឋកិច្ច​សកល​ក៏នឹង​ទទួល​បាន​ភាពរស់រវើក​កាន់តែច្រើន​ដោយ​សារការនេះ៕​


បទវិភាគ៖ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ គ្រោងផែនការថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន