​បទវិភាគ​៖អ្នកនយោបាយ​អាមេរិកដូចជា​លោក Vance ​ជា​ដើម​គួរ​បើក​ភ្នែក​មើលពិភពលោក​នេះហើយ!​

ប្រភព: CRI   |    2025-04-11 17:13:06

ក្នុងនាមជា​អនុប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក ​លើកនេះ​លោក​Vance ​បាន​ធ្វើឱ្យ​ទូ​ទាំង​​ពិភពលោក​មានការយល់ដឹងថ្មី​ម្តងទៀត​តាមរយៈទង្វើ​អសីលធម៌យ៉ាងក​ម្រោ​ល ។

ពេលថ្មីៗ​កន្លងទៅនេះ ​ ពេលទទួល​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធសារព័ត៌មាន​អាមេរិក​លោ​ក​Vance ​បាន​បង្ហាញពី​ក្ដីអាណិតចំពោះ​ការ​ដែល​សហរដ្ឋអាមេរិក​ “រងភាពអយុត្តិធម៌”​ក្នុង​ពាណិជ្ជកម្មអន្តរជាតិ ​។ ពេលថ្លែងដល់​ប្រទេសចិន ​លោកបាន​បញ្ចេញសំដី​មិនគួរសម​ដោយហៅ​ប្រទេសចិនថា​ជា “អ្នកស្រែ” ។ ​បន្ទាប់ពីបាន​ព្រលយ​សម្តី​បែបនេះ ​បាន​បណ្តា​ល​ឱ្យ​គេសើចចំអក​តាមបណ្តាញ​ទំនាក់ទំនង​សង្គមភ្លាម​ៗ ៖ “ហៅ​ជនជាតិចិន​អ៊ីចឹងពិតជាមិន​ដឹង​អី​មែន!” “ជនជាតិចិន​មានបណ្តាញ​រថភ្លើងល្បឿន​លឿនដ៏ធំបំផុត​និងរថយន្ត​អគ្គិសនីដ៏​ជឿន​លឿនបំផុត​លើទូទាំង​ពិភពលោក​ ចុះសហរដ្ឋអាមេរិក​វិញមានអ្វី​ដែរ?”​ “នេះជាពូជ​សា​ស​ន៍​និយម ​ចក្រពត្តិនិយមនិងការ​បង្ហាញពី​អំនួត​និង​ភាពអវិជ្ជា” ។ល។​ សឹងតែមាន​ប្រព័ន្ធ​សា​រ​ព័ត៌មានអាមេរិកបាន​រិះគន់ថា ​ពាក្យសម្តី​ប្រកបដោយ​លក្ខណៈ​វាយប្រហារសំ​ដៅ​ចំ​ពោះ​​​ប្រទេស​ចិន​របស់លោក ​Vance ​​​​“ធ្វើឱ្យជនជាតិ​អាមេរិក​ទូទាំង​ពិភពលោកសុទ្ធតែ​អា​ម៉ា​ស់​​មុខ” ។

លោក ​Vance ​ត្រូវ​ជនជាតិចិន​ស្គាល់​តាម​រយៈ​សៀវ​ភៅ​លក់ដាច់ណាស់​មួយក្បាល​ដែ​ល​​​មានចំណងជើងថា​《Hillbilly ​Elegy》 ដែល​លោកធ្លាប់​សរសេរនៅ​រយៈពេលជា​ច្រើនឆ្នាំ​មុន​ ។ ប៉ុន្តែ ​លោក ​Vance ​ដែលធ្លាប់​ហៅខ្លួនឯងថា ​“អ្នកស្រែ”​បានបង្ហាញពី​ភាព​អំនួត​របស់​វរជននិយម​បន្ទាប់ពី​សម្រេចបាននូវ​អ្វីដែល​ហៅថា​ឡើងវណ្ណៈ​យ៉ាងឆាប់​រហ័ស ។

មុនពេល​វាយប្រហារ​ប្រទេសចិនក្នុង​ចេតនាអាក្រក់​ លោកក៏បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​​​មាន​ការខឹងសម្បា​ជាច្រើនលើក​ហើយ ។ ​កាលពី​ខែកុម្ភៈឆ្នាំ​នេះ​ ក្នុង​សន្និសីទ​សន្តិសុខ​ទី​ក្រុងMunich ​លោក​Vance ​បានរិះគន់ទ្វីប​អឺរ៉ុបយ៉ាងខ្លាំងក្លា​អំពីបញ្ហា​ប្រជាធិបតេយ្យនិង​ជន​អន្តោប្រវេសន៍​ជាដើម ​ដែលនាំឱ្យ​ឥស្សរជន​អឺរ៉ុបមិនពេញចិត្ត​យ៉ាងកម្រោល​។ កាល​ពី​ខែ​​មីនា កិច្ចសន្ទនា​នៅសេតវិមាន​រវាងលោក ​Volodymyr ​Zelensky ​ប្រធានាធិ​ប​តី​អ៊ុយ​ក្រែន​និងថ្នាក់ដឹកនាំ​អាមេរិកបាន​បញ្ចប់ដោយមិន​សប្បាយចិត្ត ​មូលហេតុ​គឺលោក ​Vance ​បាន​​ឈ្លោះ​ជាមួយ​លោក ​Zelensky ​យ៉ាងខ្លាំង​នៅ​ហ្នឹង​កន្លែង​ ។ មុន​នេះមិនជាយូរប៉ុន្មាន ​ដើម្បី​សហការជាមួយ​ផែនការ “​លេបត្របាក់”​របស់ថ្នាក់ដឹកនាំ​អាមេរិក ​លោក ​Vance​ បាន​បង្ខំ​ចិត្តឡើងលើ​កោះ Greenland ​ដែលរិះគន់​ដាណឺម៉ាកផង​ ឃោសនា​បំប៉ោង​ពី​ “ការ​ដក​ខ្លួន​ចេញពី​ដាណឺម៉ាក​ហើយក្លាយជា​ទឹកដី​សហរដ្ឋអាមេរិកផង​ដែល​បណ្តាល​ឱ្យ​ប្រជាជន​ក្នុង​តំបន់ថ្កោល​ទោស​យ៉ាងខ្លាំង ។

មានការវិភាគ​លើកឡើងថា ​ក្នុងនាមជា​ធនធានមនុស្ស​ដ៏ឆ្នើម​ជំនាន់ក្រោយ​ដែល​ដំ​ឡើ​ង​​​តំណែងដោយ​ប្រធានាធិបតី​អាមេរិក ​លោក ​Vance ​បានយក​ភាពអសីលធម៌និង​ភាព​ខ្លាំង​ចចេ​សធ្វើជាចរិតខ្លួន​ ដែលបាន​ឆ្លុះបញ្ចាំងពី​ភាពក្រអឺតក្រអោង​ដែល​ “តម្កល់ជន​ស្បែកស​ជា​​ស្នូល” ក៏ដូចជា​ក្រអឺតក្រទម​និងល្ងង់ខ្លៅនៃ​អនុត្តរភាពបែប​អាមេរិកផងដែរ ។

ទង្វើដ៏​អវិជ្ជារបស់​លោក ​Vance ​ក៏បានបង្ហាញ​ដែរថា គាត់​មិនស្វែង​យល់​ពី​ប្រទេស​ចិន​មិនស្វែង​យល់ពីបម្រែបម្រួល​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃនៃការអភិវឌ្ឍ​របស់ចិន​ មិន​ស្វែង​យល់​ពី​ប​ម្រែ​បម្រួលយ៉ាង​ស៊ីជម្រៅនៃ​និម្មាបនកម្ម​ពិភពលោក​ ហើយមិនចង់​ប្រឈមមុខនឹង​ការ​ពិ​ត​ជាក់​ស្តែង​​ដែលអនុត្តរភាព​បែបអាមេរិក​កំពុងថមថយចុះ​ជិតដល់ទីបញ្ចប់ ។​ ​មានអ្នកប្រើ​ប្រា​​ស់​​​បណ្តាញ​អ៊ីនធើណេត​បានវាយតម្លៃថា ​ពេលសមត្ថភាព​ជាក់ស្តែងមិនអាចទ្រ​ទ្រង់​នឹ​ង​មហិច្ឆិតាបា​ន ​ភាព​ក្រអឺតក្រអោង​ចុងក្រោយក៏​ក្លាយជាផ្ទាំង​ក្រណាត់​បិទ​បាំង​ភាព​អា​ម៉ា​ស់ដែរ​​ ។ អ្នកនយោបាយ​អាមេរិក​ដូចជាលោក ​​Vance ជាដើម​គួរ​បើកភ្នែក​មើលឱ្យធំសម្លឹង​ពិភព​លោក​នេះ!

​បទវិភាគ​៖អ្នកនយោបាយ​អាមេរិកដូចជា​លោក Vance ​ជា​ដើម​គួរ​បើក​ភ្នែក​មើលពិភពលោក​នេះហើយ!​