កម្មវិធីបើកសម្ពោធសប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី៥ បានប្រារព្ធឡើងនៅទីក្រុងគុនមីង

ប្រភព: YUNNAN GATEWAY   |    2024-06-19 08:45:38

នាថ្ងៃទី១៧ ខែមិថុនា កម្មវិធីបើកសម្ពោធសប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី ៥ បានប្រព្រឹត្តទៅនៅទីក្រុងគុនមីញ ក្រោមការរៀបចំដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិប្រទេសចិន ក្រសួងទូរគមនាគមន៍ និងផ្សព្វផ្សាយប្រទេសវៀតណាម និងរដ្ឋបាលប្រជាជនខេត្តយូណាន និងដឹកនាំដោយនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ខេត្តយូណាន។

កម្មវិធីសប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី៥ ធ្វើឡើងក្រោមប្រធានបទ "ទឹកដី និងទន្លេប្រាស្រ័យគ្នា មរតកបន្តដូចគំនូរវិចិត្រ" មានគោលបំណងបន្តបង្កើនការយល់ដឹង និងទំនុកចិត្តទៅវិញទៅមករវាងប្រជាជននៃប្រទេសចិន ប្រទេសអាសុីខាងត្បូង និង បណ្តាប្រទេសអាស៊ីអាគ្នេយ៍តាមរយៈការបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីពិសេសរៀងៗខ្លួន ក្នុងការញ៉ាំងឲ្យអរិយធម៌នៃប្រទេសនានាមានការស្នងមរតក ការបង្កើតថ្មី និងការអភិវឌ្ឍតាមរយៈកិច្ចសហប្រតិបត្តិការនានា។ ក្នុងអំឡុងកម្មវិធីសប្តាហ៍សោតទស្សន៍ (ថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមិថុនា) នឹងមានការតាំងពិព័រណ៍កម្មវិធីសោតទស្សន៍ឆ្នើម ជំរុំបង្កើតវីដេអូខ្លីសម្រាប់យុវជនលើកទី៣ កិច្ចសន្ទនាផ្លាស់ប្តូរសោតទស្សន៍ ការទស្សនា “ប្រទេសចិនដ៏ស្រស់ស្អាត·មានជីវិតមួយបែបហៅថាយូណាន" និងសកម្មភាពជាបន្តបន្ទាប់ដូចជា “សោតទស្សន៍ប្រទេសចិន·ដើរចូលប្រទេសវៀតណាម" ការបញ្ចាំងរឿងភាគទូរទស្សន៍ចិននៅវៀតណាម ការបង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកសោតទស្សន៍ឡានឆាង-មេគង្គជាដើម ដែលជំរុញការផ្លាស់ប្តូរផ្នែកសោតទស្សន៍ និងកិច្ចសហប្រតិបត្តិការនៅតំបន់ឡានឆាង-មេគង្គ។

  

អស់រយៈពេលយ៉ាងយូរមកហើយ ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍នៃប្រទេសឡានឆាង-មេគង្គបានប្រើប្រាស់រូបភាពជាសំឡេង ដើម្បីថត រៀបរាប់ និងផ្សព្វផ្សាយនូវរឿងរ៉ាវដ៏រស់រវើកនៃការផ្លាស់ប្តូរមិត្តភាព កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដែលបន្តធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត ការកសាងសហគមន៍ជោគវាសនារួមសម្រាប់ប្រទេសឡានឆាង-មេគង្គ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន ព្រមទាំងចូលរួមជាចលករយ៉ាងសកម្មក្នុងការលើកកម្ពស់ការកសាងសហគមន៍ជោគវាសនារួមសម្រាប់ប្រទេសឡានឆាង-មេគង្គ។ ជាពិសេស សកម្មភាពកម្មវិធី "សប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គ" ដែលរួមគ្នាបង្កើតឡើងដោយមានការគាំទ្រ និងផ្សព្វផ្សាយយ៉ាងខ្លាំងក្លាពីអាជ្ញាធរវិទ្យុ និងទូរទស្សន៍ជាតិនៃប្រទេសតំបន់មេគង្គ-ឡានឆាង និងស្ថាប័នសារព័ត៌មាននានា បានក្លាយជាយន្តការនៃស្លាកសញ្ញាមួយសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយនៅក្នុងអនុតំបន់ ហើយទទួលបាននូវលទ្ធផលផ្លែផ្កាទៅលើការផ្លាស់ប្តូរកម្មវិធី ការសហការណ៍លើការផលិត ការផ្លាស់ប្តូរលើបច្ចេកទេស និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយថ្មីផងដែរ។

  

ខេត្តយូណានបានបញ្ចេញនូវគុណសម្បត្តិពិសេសរបស់ខ្លួនលើទីតាំងភូមិសាស្ត្រ ការប្រាស្រ័យទាក់ទងជិតស្និទ្ធទំនាក់ទំនងពាណិជ្ជកម្មដ៏រលូន និងការបញ្ចូលគ្នានៃវប្បធម៌រវាងប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ហើយកម្មវិធីសប្តាហ៍សោតទស្សន៍ធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែមានភាពស៊ីជម្រៅ ព្រមទាំងទទួលបានលទ្ធផលជាផ្លែផ្កា។ ការសហការរៀបចំកម្មវិធី"រោងមហោស្រពចិន"ជាមួយស្ថានីយ៍ទូរទស្សន៍ជាតិនៃប្រទេសនានា ក្នុងការរៀបចំប៉ុស្តិ៍ទូរទស្សន៍ឌីជីថលដូចជាស្ថានីយទូរទស្សន៍ជាតិនៃប្រទេសឡាវ និងកម្ពុជា ព្រមទាំងការរួមគ្នាបង្កើត និងដំណើរការកម្មវិធីAPP "សោតទស្សន៍ឡានឆាង-មេគង្គ"ជាដើម ។ យើងក៏បានសហការជាមួយប្រទេសឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដើម្បីបង្កើតទីតាំងចងក្រង បកប្រែ និងផលិតកម្មវិធីភាពយន្ត និងទូរទស្សន៍ល្អៗពីប្រទេសនានា ហើយបានផ្សព្វផ្សាយស្នាដៃសោតទស្សន៍ដ៏ឆ្នើមចំនួន ១៤៣ ស្នើនឹង ២៧៧ ភាគ ដើម្បីចាក់ផ្សាយនៅលើវេទិកាជាង ៦០ ទាំងក្នុង និងក្រៅប្រទេស។

  

ការសម្តែងសិល្បៈក្នុងពិធីបើកសម្ពោធនេះ ផ្តោតលើប្រធានបទនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលបែងចែកជា ៣ ជំពូក៖ ការអាស្រ័យគ្នារវាងភ្នំ និងទន្លេ ការសិក្សាពីអរិយធម៌គ្នាទៅវិញទៅមក និងជោគវាសនារួមគ្នា ដោយប្រើប្រាស់ការច្រៀង និងរាំ ការសម្តែងឈុតឆាក ការបង្ហាញសំលៀកបំពាក់ និងទម្រង់សិល្បៈផ្សេងៗទៀត រៀបរាប់រឿងរ៉ាវនៃបេតិកភណ្ឌវប្បធម៌អរូបីដ៏យូរអង្វែង និងអស្ចារ្យនៃប្រទេសចិន ប្រទេសតាមបណ្តោយទន្លេមេគង្គ និងបណ្តាប្រទេសអាស៊ីខាងត្បូង ហើយបង្ហាញពីរូបភាពដ៏រស់រវើកនៃការរួបរួមរបស់មនុស្សមកពីជុំវិញពិភពលោក។

  

តំណាងជាង ៤០០ រូបមកពីស្ថាប័នវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងអង្គការប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗមកពីប្រទេសឡានឆាង-មេគង្គ និងបណ្តាប្រទេសអាស៊ីខាងត្បូងដូចជាប៉ាគីស្ថាន ស្រីលង្កា និងបង់ក្លាដែសក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ។

អ្នកសារព័ត៌មាន៖ Zhu Hai Han Chengyuan
អ្នកបកប្រែ: Shen Yan

កម្មវិធីបើកសម្ពោធសប្តាហ៍សោតទស្សន៍ឡានឆាង-មេគង្គលើកទី៥ បានប្រារព្ធឡើងនៅទីក្រុងគុនមីង