RCEP កម្លាំងចលករសម្រាប់កម្ពុជា និងចិនរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើររបស់អាស៊ី

ប្រភព: ទស្សនាវដ្តី«ខ្មែរ»   |    2024-04-26 17:34:54

ឯកឧត្តមស៊ីជីនភីងប្រធានាធិបតីចិនបានលើកឡើងនៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូរបស់ឯកឧត្តមក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មពិភពលោកនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនឆ្នាំ២០២៣ថា"បើកទូលាយនឹងមានភាពរុងរឿងបិទខ្ទប់នឹងមានភាពថមថយ" នេះជាទស្សនៈរបស់ឯកឧត្តមស៊ីជីនភីងដែលបានរំលេចពីប្រាជ្ញាចិនក្នុងការសម្រេចការអភិវឌ្ឍជាតិនិងការឈានទៅមុខ

ដើម្បីវឌ្ឍនភាពនៃពិភពលោក។ក្នុងន័យនេះ«កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)» ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានប្រជាជនចូលរួមច្រើនជាងគេមានទ្រង់ទ្រាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ធំបំផុតមានរចនាសម្ព័ន្ធសមាជិកដែលមានភាពចម្រុះបំផុតនិងប្រកបដោយសក្តានុពលអភិវឌ្ឍន៍ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោកវាគឺជាគំរូដ៏រស់រវើកសម្រាប់បណ្តាប្រទេសក្នុងតំបន់ចែករំលែកឱកាសអភិវឌ្ឍន៍។នៅថ្ងៃទី១ខែមករាឆ្នាំ២០២២កិច្ចព្រមប្រៀងRCEP បានចូលជាធរមាននិងត្រូវបានអនុវត្តជាផ្លូវការគិតដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣កិច្ចព្រមប្រៀងRCEP ចាប់ដំណើរការជាផ្លូវការជាមួយប្រទេសហត្ថលេខីចំនួន ១៥រួមមានប្រទេសអាស៊ានទាំង១០និងប្រទេសចិនជប៉ុនកូរ៉េខាងត្បូងអូស្ត្រាលីនិងណូវែលហ្សេឡង់។កិច្ចព្រមព្រៀង​ RCEP បន្តជំរុញការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ឱ្យស៊ីជម្រៅហើយចាក់បញ្ចូលកម្លាំងខ្លាំងទៅក្នុងសមាហរណកម្មសេដ្ឋកិច្ចការអភិវឌ្ឍនិងវិបុលភាពក្នុងតំបន់។ចំនួនប្រជាជនសរុបផលិតផលក្នុងស្រុកសរុបនិងទំហំពាណិជ្ជកម្មទំនិញនៃប្រទេសជាសមាជិកRCEP ត្រូវជាប្រមាណ៣០% នៃចំនួនសរុបរបស់ពិភពលោក។ក្នុងនាមជាតំបន់ពាណិជ្ជកម្មសេរីដែលផ្តល់អាទិភាពដល់សេដ្ឋកិច្ចអាស៊ីកិច្ចព្រមព្រៀងRCEP បានក្លាយជាយន្តការដ៏សំខាន់មួយដើម្បីជួយប្រទេសអាស៊ីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។

"រក្សាភាពបើកចំហនិងការយោគយល់គ្នាដើម្បីពង្រីកវិសាលភាពនៃការអភិវឌ្ឍរួម" ជាទស្សនៈប្រកបដោយគុណតម្លៃរបស់ជនជាតិចិនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះជាក់ស្តែងអាស៊ានបន្តជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៣។លើសពីនេះទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកRCEP ផ្សេងទៀតមានលើសពី២៦,៥ពាន់លានដុល្លារអាមេរិកដែលស្មើនឹង៦១% នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាហើយតម្លៃនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកRCEP ផ្សេងទៀតបានកើនឡើង២៧,២៩% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

"មិនមានភ្នំណាដែលមានកម្ពស់ខ្ពស់រារាំងដល់មនុស្សមិនអាចឡើងទៅដល់ហើយក៏គ្មានផ្លូវណាដែលមានប្រវែងវែងជាងដានជើងរបស់មនុស្ស"  ជាគតិដែលបានបង្កប់នៅក្នុងសុភាសិតរបស់ជនជាតិចិនក្នុងការគូសរំលេចពីកម្លាំងសាមគ្គីដែលចែកផលប្រយោជន៍ឈ្នះ-ឈ្នះដល់គ្នាទៅវិញទៅមកតាមរយៈគោលដៅប្រកបដោយត្រីវិស័យត្រឹមត្រូវ។វត្តមានរួមកម្លាំងគ្នារបស់បណ្តាប្រទេសអាស៊ានចិនជប៉ុនកូរ៉េខាងត្បូងអូស្រ្តាលីនិងណូវែលហ្សេឡង់គឺជាបុព្វហេតុនៃកិច្ចបង្កើនកម្លាំងដល់ទសវត្សរ៍មាសរបស់អាស៊ីក្នុងរយៈពេល២ឆ្នាំកន្លងមកហើយដែលRCEP បានចូលជាធរមានរួមជាមួយកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដែលជាគំរូភាពរវាងកម្ពុជានិងចិន។

ជារួមRCEP កំពុងដើរតួនាទីយ៉ាងសំខាន់ជាយុថ្កាលំនឹងសន្តិសុខស្ថិរភាពវិបុលភាពនិងវឌ្ឍនភាពរុងរឿងនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកហើយក៏ជាការចូលរួមលើកតម្កើងឫទ្ធានុភាពនៃសករាជរបស់អាស៊ីក្រោមទម្រដ៏រឹងមាំនៃកិច្ចសហការរបស់ចិនដែលតែងបង្កើនចំណងដ៏រឹងមាំនៃមិត្តភាពជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌRCEP៕

(ដោយលោកបណ្ឌិតជាមុនីឫទ្ធិសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន)

RCEP កម្លាំងចលករសម្រាប់កម្ពុជា និងចិនរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើររបស់អាស៊ី