មិត្តភាពយុវជនកម្ពុជា-ចិន ឆ្ពោះទៅកាន់អនាគត

ប្រភព: ទស្សនាវដ្តី«ខ្មែរ»   |    2024-04-26 17:31:05

យុវជនគឺជាកម្លាំងសំខាន់ថ្មីក្នុងការអនុវត្តគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"។ចាប់តាំងពីគំនិតផ្តួចផ្តើម"ខ្សែក្រវាត់ និងផ្លូវ" ត្រូវបានលើកឡើងមក មានយុវជនមួយក្រុមបានដើរដង្ហែរមិនឈប់ទៅគ្រប់ទីកន្លែង ហើយកន្លែងណាមានគម្រោងសហប្រតិបត្តិការ ពួកគេក៏ដើរទៅកាន់កន្លែងនោះ។ គម្រោងនីមួយៗដែលផ្តល់អត្ថប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន និងគាំទ្រដល់ការអភិវឌ្ឍ ក៏ភ្ជាប់ជាមួយរឿងរ៉ាវនៃការតស៊ូរបស់ពួកគេដែរ។ អនាគតរបស់ "ខ្សែក្រវាត់ និងផ្លូវ"មានការពាក់ព័ន្ធជិតស្និទ្ធទៅនឹងយុវជន ហើយការចូលរួមចំណែករបស់យុវជនក្នុងការកសាង"ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ បាន និងកំពុងក្លាយជាភារកិច្ចចាំបាច់របស់យុវជនជំនាន់នេះ។

 

ធ្វើដំណើរតាមគន្លងជីវិតពិសេស

យុវជនចិនឈ្មោះស៊ីនយុងជាអាយុ៣៥ឆ្នាំធ្វើការនៅជួរមុខនៃការដ្ឋានសំណង់ក្នុងប្រទេសកម្ពុជា។នៅពេលនិយាយអំពីបំណងដើមដើម្បីអនុវត្តតាមគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" និងចូលរួមក្នុងគម្រោងអភិវឌ្ឍន៍នៅក្រៅប្រទេសលោកបាននិយាយថា"នេះជាគំនិតចេញពីដួងចិត្តរបស់ខ្ញុំនៅក្នុងស្រុកក៏ចូលរួមក្នុងគម្រោងសាងសង់ស្រដៀងគ្នាដែរហេតុអ្វីបានជាខ្ញុំមិនអាចទៅធ្វើការនៅក្រៅប្រទេសបាន"?

សព្វថ្ងៃនេះនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជាលោកស៊ីនយុងជាកំពុងដឹកនាំក្រុមការងាររបស់ក្រុមហ៊ុនសំណង់ចិនគ្រុបសាខាទីបីដែលប្រើប្រាស់បច្ចេកវិទ្យាសំណង់ឈានមុខដើម្បីចូលរួមក្នុងការសាងសង់អគារអាផាតមិនUrban Village ភ្នំពេញ(ដំណាក់កាលទី២)។ជាមួយនឹងបច្ចេកវិទ្យានិងស្តង់ដារកម្រិតខ្ពស់មិនត្រឹមតែអាចធានាគុណភាពសំណង់ប៉ុណ្ណោះទេប៉ុន្តែកម្រិតសំណង់និងប្រសិទ្ធភាពនៃការសាងសង់ក៏មានភាពប្រសើរឡើងយ៉ាងខ្លាំងផងដែរ។លោកបានប្រាប់អ្នកកាសែតថា"ក្នុងពេលលឿនបំផុតមួយជាន់អាចសាងសង់បានក្នុងរយៈពេលតែ៣ថ្ងៃ។នេះជារឿងដែលគិតមិនដល់សម្រាប់ក្រុមហ៊ុនសំណង់ជាច្រើននៅកម្ពុជាក៏ដូចជានៅប្រទេសអាស៊ានផ្សេងទៀតដែរ។ជាងនេះទៅទៀតយើងបានទទួលមិត្តភក្តិក្នុងវិស័យសំណង់មកពីប្រទេសម៉ាឡេស៊ីនិងបណ្តាប្រទេសនានាដើម្បីត្រួតពិនិត្យនិងទស្សនាគម្រោងនេះ។ពួកគេបានវាយតម្លៃខ្ពស់ណាស់ទៅលើគុណភាពស្តង់ដារនិងប្រសិទ្ធភាពនៃគម្រោងសំណង់របស់យើង"។

នាពេលបច្ចុប្បន្នគម្រោងអគារអាផាតមិនUrban Village ភ្នំពេញ(ដំណាក់កាលទី២) នេះត្រូវបានសាងសង់ឡើងដល់ទៅ៥៦ជាន់ហើយបន្ទាប់ពីសាងសង់រួចនឹងអាចមានដល់៦១ជាន់ដែលនឹងក្លាយជាលំនៅដ្ឋានអាផាតមិនខ្ពស់ជាងគេនៅកម្ពុជានិងជាអគារពហុមុខងារទូទៅដែលរួមបញ្ចូលគ្នានូវសណ្ឋាគាររោងកុនពាណិជ្ជកម្មនិងខុនដូ។លោកស៊ីនយុងជាបានបញ្ជក់ថាតំណាងឱ្យស្ថាបត្យកម្មចិនឆ្ពោះទៅកាន់ក្រៅប្រទេសនិងចូលរួមក្នុងការកសាងម៉ាកចិនតាម"ខ្សែក្រវាត់និងផ្លូវ" នេះគឺជាអត្ថន័យនៃការតស៊ូព្យាយាមរបស់យុវជន។


  

 

ជួបនឹងសុភមង្គលតាមផ្លូវតស៊ូ

នៅក្រុងតាខ្មៅខេត្តកណ្តាលដែលចម្ងាយប្រហែល២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញនៃប្រទេសកម្ពុជាគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីកំពុងដំណើរការសាងសង់ជាលំដាប់។នេះជាគម្រោងដ៏សំខាន់មួយនៃគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" ដែលរួមគ្នាបង្កើតឡើងដោយប្រទេសចិននិងកម្ពុជាហើយពេលសាងសង់រួចរាល់អាកាសយានដ្ឋាននេះនឹងក្លាយជាអាកាសយានដ្ឋានដ៏សំខាន់សម្រាប់ចេញចូលប្រទេសកម្ពុជា។នៅការដ្ឋានសាងសង់នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២០នោះស្នេហារវាងវិស្វករចិនលាវសៀវស៊ាននិងនារីខ្មែរVeng Chan Sopheakdey ក៏មកដល់ស្ងាត់ៗដែរនៅឆ្នាំនោះគេពីរនាក់បានជួបគ្នាក្នុងពេលសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

កាលពីពីរឆ្នាំមុនកញ្ញាVeng Chan Sopheakdey ទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនិងបានចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ការងារនេះពិតជាមមាញឹកខ្លាំងណាស់។លោកលាវសៀវស៊ានទទួលខុសត្រូវលើការងាររចនាគំនូរប្លង់ដោយសារVeng Chan Sopheakdey ចេះនិយាយភាសាចិននិងភាសាអង់គ្លេសបានយ៉ាងស្ទាត់ហើយមានអត្តចរិតរាក់ទាក់កក់ក្តៅការងារជាច្រើនដែលពាក់ព័ន្ធនឹងការទំនាក់ទំនងទៅវិញទៅមកក៏ត្រូវឱ្យនាងមកចូលរួម។ដូច្នេះគេតែងតែឃើញនាងមមាញឹកក្នុងការងារជាច្រើនដូចជាការជួសជុលផ្ទះការទិញសម្ភារៈនិងការរៀបចំកម្មវិធីផ្សេងៗជាដើម។

សេចក្តីស្នេហារវាងលោកលាវសៀវស៊ាននិងនារីខ្មែរVeng Chan Sopheakdey មានប្រភពមកពីពិធីជប់លៀង។លោកបានប្រាប់អ្នកកាសែតថា"ខ្ញុំឃើញនារីខ្មែរម្នាក់ច្រៀងបទចម្រៀងចិនដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះខ្ញុំដូច្នេះហើយខ្ញុំបានសុំទំនាក់ទំនងរបស់នាង។បន្ទាប់ពីពិធីជប់លៀងខ្ញុំបានអញ្ជើញនាងបង្រៀនភាសាខ្មែរនិងអង់គ្លេសមកខ្ញុំយូរៗទៅយើងស្គាល់គ្នាទៅវិញទៅមក"។

  

នៅក្នុងចិត្តរបស់Veng Chan Sopheakdey លោកលាវសៀវស៊ានមិនត្រឹមតែមានស្មារតីទំនួលខុសត្រូវកម្រិតខ្ពស់លើការងារប៉ុណ្ណោះទេថែមទាំងចេះនិយាយស្តីនិងមានអត្តចរិតរាក់ទាក់កក់ក្តៅដូចពន្លឺព្រះអាទិត្យទៀតផង។នាងបាននិយាយថា"យើងចុះសម្រុងគ្នាយ៉ាងល្អគាត់ប្រាប់ខ្ញុំពីរឿងរ៉ាវជីវិតរបស់គាត់នៅប្រទេសចិនហើយខ្ញុំក៏ប្រាប់គាត់អំពីពិធីបុណ្យប្រពៃណីរបស់ប្រទេសកម្ពុជាដូចជាពិធីបុណ្យអុំទូកដែរគាត់មានចិត្តល្អហើយយកចិត្តទុកដាក់ដល់ខ្ញុំ។ដូច្នេះយុវជនមួយគូនេះបានចាប់ផ្តើមក្តីស្រឡាញ់ជាមួយគ្នា"។

"ខ្ញុំមិនត្រឹមតែបានរៀនជំនាញការងារនៅក្នុងក្រុមហ៊ុនចិនប៉ុណ្ណោះទេថែមទាំងទទួលបាននូវគ្រួសារដ៏មានសុភមង្គលទៀតផង"។Veng Chan Sopheakdey បាននិយាយយ៉ាងសប្បាយរីករាយថាចាប់តាំងពីចូលបម្រើការងារមកនាងបានឃើញដោយផ្ទាល់ភ្នែកនូវការផ្លាស់ប្តូរជាក់ស្តែងនៃស្ថានភាពជុំវិញដែលបាននាំមកដោយកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។នាងជឿជាក់ថាក្រោយពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសាងសង់រួចរាល់ប្រជាជនមកពីប្រទេសកាន់តែច្រើននឹងមកធ្វើទេសចរណ៍ឬពាណិជ្ជកម្មនៅកម្ពុជាហើយកម្ពុជានឹងមានអនាគតកាន់តែប្រសើរឡើង៕

មិត្តភាពយុវជនកម្ពុជា-ចិន ឆ្ពោះទៅកាន់អនាគត