ប្រទេសចិនស្វាគមន៍មិត្តភក្តិបរទេសឲ្យមកចិនកាន់តែច្រើន
កាលពីថ្ងៃទី៤ ខែមីនា ដើម្បីជួយសម្រួលដល់បុគ្គលិកទៅវិញទៅមករវាងប្រទេសចិន និងបរទេស ក្រសួងការបរទេសចិនបានដាក់ចេញនូវ "ការកាត់បន្ថយចំនួនបី និងការលើកលែងចំនួនបី" ដែលមានន័យថាកាត់បន្ថយខ្លឹមសារដែលត្រូវបំពេញក្នុងទម្រង់ពាក្យសុំទិដ្ឋាការ កាត់បន្ថយថ្លៃសេវាទិដ្ឋាការជាដំណាក់កាល ការសម្រួលនីតិវិធីអនុម័តសម្រាប់ការសិក្សានៅប្រទេសចិន និងការលើកលែងបុគ្គលិកមួយចំនួនពីការផ្តិតស្នាមម្រាមដៃ ការលើកលែងការណាត់ជួបសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការ និងការសាកល្បងគោលនយោបាយលើកលែងទិដ្ឋាការឯកតោភាគីសម្រាប់ប្រទេសដូចជាប្រទេសបារាំង និងអាល្លឺម៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីងបាននិយាយថា "យើងស្វាគមន៍មិត្តបរទេសកាន់តែច្រើនមកកាន់ប្រទេសចិន ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីផ្តល់ឱ្យពួកគេនូវបរិយាកាសធ្វើដំណើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងភាពងាយស្រួល"។
ដើម្បីដោះស្រាយបញ្ហានៃការលំបាកក្នុងការទូទាត់តាមទូរស័ព្ទសម្រាប់ជនបរទេស ធនាគារប្រជាជននៃប្រទេសចិនបានណែនាំស្ថាប័នទូទាត់ឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការតភ្ជាប់កាត ការសម្រួលការរៀបចំការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការបន្ថែមលើដែនកំណត់ទំហំទូទាត់ក្នុងមួយប្រតិបត្តិការតាមទូរស័ព្ទ។ ក្រុងប៉េកាំងជំរុញឱ្យតំបន់ពាណិជ្ជកម្មសំខាន់ៗ តំបន់ទេសចរណ៍ ឧទ្យាន និងសណ្ឋាគារធ្វើឱ្យប្រសើរឡើងដើម្បីទទួលយកកាតបរទេស បង្កើតតំបន់បង្ហាញសេវាទូទាត់ប្រាក់ភ្ញៀវក្រៅប្រទេសនៅអាកាសយានដ្ឋានអន្តរជាតិទាំងពីរនៅក្រុងប៉េកាំង។ទីក្រុងសៀងហៃបានបើកម៉ាស៊ីន POS កាតបរទេសនៅក្នុងសណ្ឋាគារលំដាប់ផ្កាយបី និងខ្ពស់ជាងនេះ និងតំបន់ទេសចរណ៍ថ្នាក់ 3A និងខ្ពស់ជាងនេះ។ លើសពីនេះ ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ធំៗ បានបន្ថែមកន្លែងផ្តល់សេវាជាច្រើននៅអាកាសយានដ្ឋានក្នុងទីក្រុងធំៗ ដើម្បីសម្រួលដល់ជនបរទេសដែលចូលមកក្នុងប្រទេសចិនក្នុងការដាក់ពាក្យសុំលេខទូរស័ព្ទ៕
អ្នកបកប្រែ៖ Cheng Xin Shao Yibo
អ្នកបកប្រែ៖ Li Zha