បេតិកភណ្ឌធម្មជាតិពិភពលោកដំបូងគេរបស់ទីក្រុងសៀងហៃ៖ "ឋានសួគ៌សម្រាប់សត្វស្លាបចំណាកស្រុក" ក្នុងទីប្រជុំជន

ប្រភព: វេបសាយព័ត៌មានស៊ីនហ័រ   |    2024-07-30 21:49:41

នៅថ្ងៃទី២៦ខែកក្កដា ម៉ោងក្នុងតំបន់ នៅកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូលើកទី៤៦ ដែលធ្វើឡើងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា តំបន់ដែលត្រូវបានជ្រើសរើសចំនួន ៥ រួមមាន ឆុងមីងតុងថាងទីក្រុងសៀងហៃ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយជោគជ័យ ។

នៅមាត់ទន្លេឆាងជាំង និងនៅចុងខាងកើតបំផុតនៃកោះឆុងមីងដែលជាកោះធំទីបីរបស់ប្រទេសចិនមានផ្ទៃដីជាង ៧៥០០ ហិកតា នោះគឺជាជម្រកសត្វស្លាបចំណាកស្រុកឆុងមីងតុងថាង ក្រុងសៀងហៃ ។ ដីភក់ដ៏ធំល្វឹងល្វើយ និងហ្វូងសត្វស្លាបហោះហើរ គឺជាលក្ខណៈពិសេសរបស់វា។ ក្រឡេកមើលទៅលើដីភក់ អាចមើលឃើញបក្សីទឹកហើរចុះក្រោមផ្ទៃទឹក ឬសម្រាកនៅតាមចន្លោះវាលស្មៅ ។

យោងតាមការណែនាំ នេះគឺជាតំបន់ដីសើមទំនាបមាត់ទន្លេធំជាងគេ និងល្អបំផុតនៅក្នុងប្រទេសចិន វាគឺជាតំបន់ដីសើមទំនាបមាត់ទន្លេមួយក្នុងចំណោមតំបន់ដីសើមតិចតួចនៅលើពិភពលោកដែលនៅតែស្ថិតក្នុងដំណើរការនៃការអភិវឌ្ឍ ហើយក៏ជាផ្នែកសំខាន់នៃផ្លូវធ្វើចំណាកស្រុករបស់សត្វស្លាបដែលធ្វើចំណាកស្រុកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

ជារៀងរាល់ឆ្នាំ មានសត្វស្លាបមួយចំនួនធំបានឆ្លងកាត់ និងរស់នៅក្នុងទីក្រុងតុងថាន ដែលមានចំនួនសរុបរហូតដល់ ១ លានក្បាល ក្នុងនោះភាគច្រើនជាសត្វជិតផុតពូជ ឬកម្រ។ ជាមួយគ្នានេះ វាក៏ជាផ្លូវចំណាកស្រុកដ៏សំខាន់ និងជាកន្លែងបង្កាត់ពូជសារពាង្គកាយក្នុងទឹក នៅក្នុងប្រព័ន្ធទន្លេឆាងជាំង និងសមុទ្រចិនខាងកើតផងដែរ ។

ទិន្នន័យបង្ហាញថា ក្នុងតំបន់អភិរក្សបានកត់ត្រាសត្វស្លាបចំនួន ៣០០ ប្រភេទ ដែលក្នុងនោះមាន ២២ ប្រភេទត្រូវបានបញ្ចូលជាប្រភេទសត្វជិតផុតពូជលើពិភពលោកក្នុងបញ្ជីក្រហម IUCN (២០២១) ៕

អ្នកបកប្រែ៖ លីហ្សា

បេតិកភណ្ឌធម្មជាតិពិភពលោកដំបូងគេរបស់ទីក្រុងសៀងហៃ៖ "ឋានសួគ៌សម្រាប់សត្វស្លាបចំណាកស្រុក" ក្នុងទីប្រជុំជន