ផ្នែក "ដើរកម្សាន្តនៅខេត្តយូណាន ទៅទស្សនានៅអង្គរ" ជាភាសាចិន និងខ្មែរ ៖ ទេសភាពវប្បធម៌មានកម្លាំងទាក់ទាញខ្លាំងក្លាគ្មានទីបញ្ចប់

ប្រភព: កាសែតយូណានដេលី   |    2024-04-28 17:14:59

នៅក្នុងខែមីនាឆ្នាំនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពកម្ពុជា-ចិន និងជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាបានទស្សនានៅស្រុកយួនយ៉ាង មណ្ឌលស្វយ័តជនជាតិហានី និងជនជាតិយី ខេត្តយូណាននៃប្រទេសចិន នៅស្រុកយួនយ៉ាង លោកបណ្ឌិតបានកត់ត្រាជាច្រើនដោយប្រើកាមេរ៉ា រួមមាន តន្ត្រី និងរបាំបេតិកភណ្ឌវប្បធម៌អរូបីក្នុងតំបន់ ផ្ទះផ្សិតក្នុងភូមិអាជឺខឺព្រមទាំងអាហារឆ្ងាញ់ៗក្នុងតំបន់ដូចជា នំផ្កា និងតៅហ៊ូអាំងជាដើម។

ជាការពិត ដំណើរកម្សាន្តនៅខេត្តយូណានរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ លើកនេះ មានប្រភពចេញពីផ្ទាំងរូបភាពផ្សព្វផ្សាយដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាន។

ចាប់តាំងពីដើមឆ្នាំនេះមក មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណានបានយក "ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិន-កម្ពុជា" ជាឱកាសមួយដើម្បីដាក់បង្ហាញផ្ទាំងរូបភាពផ្សព្វផ្សាយ និងផ្នែកជាពីរភាសាចិន-ខ្មែរ ដែលមានចំណងជើងថា "ដើរកម្សាន្តនៅខេត្តយូណាន ទៅទស្សនានៅអង្គរ"  ដោយប្រើអាហារដ៏ឈ្ងុយឆ្ងាញ់ និងទេសភាពដ៏ស្រស់ស្អាតជាចំណងជើងដើម្បីណែនាំតំបន់ទេសចរណ៍នានា អាហារសម្រន់ដ៏ល្បីល្បាញ និងជាគោលដៅទេសចរណ៍ល្បីៗក្នុងខេត្តយូណាននៃប្រទេសចិន និងប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រជាជនប្រទេសទាំងពីរយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌គ្នាទៅវិញទៅមក។ បន្ទាប់មក ចំណាប់អារម្មណ៍ការទស្សនានៅខេត្តយូណានរបស់លោកលោកបណ្ឌិត ជា មុនីឫទ្ធិ ក៏បានបង្ហាញជូនមិត្តអ្នកអានកម្ពុជានៅក្នុងផ្នែក "ដើរកម្សាន្តនៅខេត្តយូណាន ទៅទស្សនានៅអង្គរ" នេះ។ មិនយូរប៉ុន្មាន ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរក្នុងខែមេសា ឆ្នាំនេះ អ្នកយកព័ត៌មាននៃមជ្ឈមណ្ឌលផ្សប្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន បានអញ្ជើញដោយក្រសួងព័ត៌មានកម្ពុជា ដើម្បីធ្វើបទសម្ភាសន៍នៅខេត្តសៀមរាប ប្រទេសកម្ពុជា ហើយគ្រប់កម្មវិធីរៀបចំក្នុងអំឡុងពេលចូលឆ្នាំថ្មីខែ្មរនៅប្រទេសកម្ពុជា ក៏ត្រូវបានណែនាំ​ និងផ្សព្វផ្សាយដល់មិត្តអ្នកអានចិន តាមរយៈផ្នែក "ដើរកម្សាន្តនៅខេត្តយូណាន ទៅទស្សនានៅអង្គរ" ផងដែរ។

ពីអក្សរសិល្ប៍ និងសៀវភៅ រហូតមកដល់បច្ចុប្បន្នអាច "អានយ៉ាងសប្បាយ" ដោយគ្រាន់តែចុចទូរស័ព្ទដៃ ទម្រង់នៃអំណានកាន់តែមានច្រើនឡើង ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ការផ្លាស់ប្តូររវាងចិន និងកម្ពុជាកាន់តែជិតស្និត បំណង​ប្រាថ្នា​ និងកម្លាំងជំរុញរបស់​ប្រជាជន​ទាំង​ពីរ​ក្នុង​ការ​ស្វែងយល់​​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈាន​ទៅ​រក​អនាគត​រួម​គ្នាក៏កាន់តែខ្លាំងឡើង។

កញ្ញា រស់ សុផារីយ៉ា ជានិស្សិតឆ្នាំទី៣ ដេប៉ាតម៉ង់ភាសាចិន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា។ នាងបានបានសិក្សាភាសាចិនអស់រយៈពេលជាង១០ឆ្នាំ ហើយកំពុងត្រៀមដាក់ពាក្យទៅបន្តការសិក្សានៅប្រទេសចិន។ នាងបានប្រាប់អ្នកកាសែតថា ក្នុងផ្នែក "ដើរកម្សាន្តនៅខេត្តយូណាន ទៅទស្សនានៅអង្គរ" បានបង្ហាញ និងណែនាំអំពីគុយទាវឆ្លងស្ពាន សួនរុក្ខសាស្ត្រត្រូពិចស៊ីសាំងប៉ាន់ណានៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន ព្រៃថ្ម និងភ្នំព្រិលយូឡុងជាដើម ធ្វើឱ្យនាងស្វែងយល់ពីខេត្តយូណានកានតែស៊ីជម្រៅ និងកាន់តែមានភាពពិតប្រាកដ។ ដោយ​សារ​តែ​នាង​មាន​ការ​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​អំពី​យូណាន យូណានក៏​បាន​ក្លាយ​ជា​គោល​ដៅ​ជម្រើស​ដំបូង​របស់​នាង​សម្រាប់​ការ​សិក្សា​នៅ​ប្រទេស​ចិន។

ជាមួយនឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ចិន-កម្ពុជាបន្តឡើងកម្តៅ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាននឹងអនុវត្តសកម្មភាពផ្លាស់ប្តូរយុវជន ប្តូរវប្បធម៌ និងទេសចរណ៍កាន់តែច្រើនជាមួយកម្ពុជា។ ខេត្តយូណាន និងប្រទេសកម្ពុជានឹងពួតដៃរួមគ្នាដើម្បីកសាង "ច្រករបៀងវប្បធម៌" នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាកាសយានដ្ឋានដែលពោរពេញដោយក្លិនក្រអូបសៀវភៅ នឹងផ្តល់កន្លែងអំណានដ៏សម្បូរបែប និងទេសភាពអានដ៏ស្រស់ស្អាតបន្ថែមទៀតសម្រាប់ប្រជាជនចិន និងកម្ពុជា៕

អ្នកសារព័ត៌មាន៖ Liu Ziyu Shen Yan

អ្នក​បក​ប្រែ​៖Shen Yan






ផ្នែក "ដើរកម្សាន្តនៅខេត្តយូណាន ទៅទស្សនានៅអង្គរ" ជាភាសាចិន និងខ្មែរ ៖ ទេសភាពវប្បធម៌មានកម្លាំងទាក់ទាញខ្លាំងក្លាគ្មានទីបញ្ចប់