កញ្ញា ជា ហ៊ុយគៀង ៖ អាហារដ៏មានឱជារសនៅខេត្តយូណាន

ប្រភព: កាសែតយូណានដេលី   |    2024-08-01 09:06:34

កញ្ញា ជា ហ៊ុយគៀង ជា​និស្សិត​អន្តរជាតិ​មក​ពី​ប្រទេស​កម្ពុជា ដែលជា​អ្នក​ចូលចិត្ត​អាហារឆ្ងាញ់ៗម្នាក់​។ ​សម្រាប់នាង ប្រទេសចិនគឺជាប្រទេសអស្ចារ្យមួយដែលពោរពេញទៅដោយម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ហើយខេត្តយូណានគឺជាគុជដ៏ភ្លឺចាំងចែងមួយនៅក្នុងទឹកដីអស្ចារ្យនេះ ។

"ខ្ញុំបានភ្លក់អាហារសម្រន់ពិសេសឆ្ងាញ់ៗគ្រប់ប្រភេទនៅខេត្តក្វាងតុង ហ៊ូណាន ស៊ីឈ័ង និងយូណាន​ ។ ការកែច្នៃមុខម្ហូបពីការចម្អិនផ្សេងៗគ្នាក៏មានរសជាតិឆ្ងាញ់ផងដែរ!"  កញ្ញា ជា ហ៊ុយគៀង បច្ចុប្បន្នកំពុងសិក្សានៅសាកលវិទ្យាល័យតាលី ជាធម្មតា នាងចូលចិត្តភ្លក់រសជាតិអាហារឆ្ងាញ់ៗគ្រប់ប្រភេទ ព្រមទាំងបង្ហាញអារម្មណ៍នៃការវាយតម្លៃរបស់នាងនៅលើវេទិកាសង្គម។ ពេល​នាង​ដើរ​លើ​ទឹកដីខេត្ត​យូ​ណាន ទើបទទួលបានអារម្មណ៍យ៉ាងពិតប្រាកដនៃភាព​ទាក់ទាញ​ដ៏​ពិសេសនៃអាហារ​ឆ្ងាញ់ ។

  

"ក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូង មានអាហារឆ្ងាញ់ៗរបស់ខេត្តយូណានជាច្រើន ហើយខ្ញុំចង់ភ្លក់រសជាតិអាហារទាំងអស់"។ កញ្ញា ជា ហ៊ុយគៀង បានដើរមើលពន្លាជាច្រើនកន្លែង ហើយពន្លាដែលធ្វើឱ្យនាងចាប់អារម្មណ៍បំផុតគឺ "អាហារឆ្ងាញ់ក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូង" ។ ពន្លា​ "អាហារឆ្ងាញ់ក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូង" លើកនេះ រួមមានក្រុមហ៊ុនម្ហូបអាហារចំនួន ៤៧ ដែលមកពីទីក្រុងចំនួន ១៣ បានបង្កើតតូបអាហារក្នុងពន្លា ដោយនាំយកនូវ តែ ភេសជ្ជៈ អាហារសម្រន់ ម្ហូបអាហារជនជាតិពិសេស​ ជូនទស្សនិកជន ។

រយៈពេល ​៦ ឆ្នាំក្នុងខេត្តយូណាន កញ្ញា ជា ហ៊ុយគៀង ហាក់ដូចជារស់នៅក្នុងឋានសួគ៌អាហារ ។​ កញ្ញា ជា ហ៊ុយគៀង និយាយថា៖ "កុំសួរខ្ញុំថា ​គុយទា​វប្រភេទណាឆ្ងាញ់ជាងគេ ខ្ញុំចូលចិត្តទាំងអស់! ខ្ញុំមានអារម្មណ៍ថា ​គុយទា​វមានតំណែងខ្ពស់ណាស់នៅក្នុងខេត្តយូណាន។ ​នេះធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​ពី​គុយទា​វប្រទេស​កម្ពុជា ​​។ អ្នកអាចញ៉ាំគុយទា​វសម្រាប់អាហារពេលព្រឹក អាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច គ្រាន់តែញ៉ាំមួយចាននៅពេលព្រឹក គឺកាន់តែឆ្ងាញ់។" ការ​រីក​ចម្រើន​នៃ​វិស័យ​ដឹកជញ្ជូនអាហារខ្ចប់​របស់​ប្រទេស​ចិន​បាន​នាំ​មក​នូវ​ភាព​ងាយ​ស្រួល​ជា​ច្រើន​ដល់​អ្នក​ចូល​ចិត្ត​អាហារ​ដូច​ជា​នាង​ នៅសាលារៀន អ្នក​អាច​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​គ្រប់​ប្រភេទ​បានយ៉ាងងាយស្រួល រហ័ស និង​តម្លៃសមរម្យ។

សម្រាប់កញ្ញា ជា ហ៊ុយគៀង ការ​ភ្លក់​អាហារ​ឆ្ងាញ់ៗ​គ្រប់​ប្រភេទ​គឺ​ជា​របៀប​រស់​នៅមួយប្រភេទ។ ភាពសម្បូរបែបនៃអាហាររបស់ខេត្តយូណាន បានមកពីផលិតផលសម្បូរបែបពិសេសនិងវប្បធម៌ជនជាតិភាគតិចចម្រុះ នៅ​តាម​តូប​លក់​អាហារ​តាម​ដងផ្លូវ នាង​បានទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅ​នូវ​ជីវិត​ដ៏​ស្រស់​ស្អាត​ក្នុង​ខេត្ត​យូណាន​៕

អ្នកយកព័ត៌មាន Wang Yunya

អ្នកបកប្រែ៖ លីហ្សា

កញ្ញា ជា ហ៊ុយគៀង ៖ អាហារដ៏មានឱជារសនៅខេត្តយូណាន