លោក​ Xi Jinping ​លើកឡើងថា​ត្រូវបន្តជំរុញឱ្យ «ផ្លូវជនបទល្អ៤យ៉ាង»​ អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​​​​

ប្រភព: CRI   |    2024-12-03 16:56:24

ផ្លូវជនបទ​ជាផ្លូវបង្កើនប្រាក់ចំណូល ផ្លូវសុភមង្គល ផ្លូវតភ្ជាប់ចិត្ត និងផ្លូវស្តារជនបទ​ឡើងវិញ​របស់​​ប្រជាជនចិន​។ ដើម្បី​ជួយ​កសិករចិន​ទទួលបានប្រាក់ចំណូលកាន់តែច្រើនឡើង ​កាល​ពី​ឆ្នាំ​២០១៤ ​លោក Xi Jinping ​អគ្គលេខាធិការ​នៃ​គណៈកមា្មធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​លើកឡើង​ជា​បឋម​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្លូវជនបទ​ដែល​កសាងល្អ គ្រប់គ្រងល្អ អភិរក្សល្អ​និងដំណើរការល្អ​ ។

យុទ្ធសាស្ត្រ «ផ្លូវជនបទល្អ៤យ៉ាង » របស់ប្រទេសចិន​ ផ្តោតលើការធ្វើនិងជួសជុលផ្លូវ ​បាន​កែប្រែ​មុខមាត់របស់​ជនបទចិន​ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ​​​បាន​ផ្តល់​ការធានា​ខ្លាំង​ចំពោះ​ការបង្កើន​ប្រាក់ចំណូល​កសិករចិន​និង​ការស្តារជនបទចិន​​ឡើង​វិញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​។ ​  នៅភូមិ​ Shenshan ក្រុង Jinggangshan ខេត្ត Jiangxi ​ក្រោយពីផ្លូវថ្នល់​តភ្ជាប់ក្នុងភូមិ ​កសិផល​ពិសេស​របស់អ្នកភូមិ​បាន​លក់ចេញទៅ​គ្រប់ទីកន្លែង​ទូទាំងប្រទេសចិន។

​រយៈពេល១០ឆ្នាំកន្លងទៅ ​ប្រទេសចិន​បានពន្លឿនកិច្ច​កសាង​​ផ្លូវជនបទល្អ៤យ៉ាង ចិន​បានបោះទុនដើម្បី​កសាង​ផ្លូវ​តាម​ជនបទ​ចំនួន​សរុបដល់ទៅ​៤,៣ទ្រីលានយាន់ប្រាក់ចិន​។  ​តាមផែនការ ​ដល់ឆ្នាំ២០៣៥ ​ប្រវែងសរុបនៃ​ផ្លូវជនបទ​ល្អ៤យ៉ាង​​របស់​ចិន​នឹង​កើនដល់​៥លានគីឡូម៉ែត្រ។​  នៅ​ខេត្ត Shanxi  នៅចុងឆ្នាំ២០២៤នេះ ​ផ្លូវជនបទចំនួន៣​នៅខេត្តសានស៊ីនឹង​ដាក់ឱ្យដំណើរការ​ជាផ្លូវការ ​ដែលរួមមាន​ផ្លូវទន្លេលឿង​លេខ១ ​ផ្លូវមហាកំពែង​លេខ១ ​និងផ្លូវTaihangលេខ១  ​ដែល​អាចតភ្ជាប់​ស្រុក១១៣ទូទាំងខេត្ត​ជាមួយ​តំបន់ទេសចរណ៍​ក្នុងខេត្តចំនួនរាប់ពាន់កន្លែង ​ហើយអាចជួយប្រជាជន​ចំនួន​២សែននាក់​ទទួលបានឱកាសការងារ​ក្បែរផ្ទះ។​

​រយៈពេល១០ឆ្នាំកន្លងទៅនេះ  ​តាមភូមិឃុំដែលមានលក្ខខណ្ឌសមល្មម​សុទ្ធតែ​បាន​ធ្វើផ្លូវ​បេតុង​ ​ដែល​រថយន្ត​ដឹកអ្នកដំណើរអាចទៅដល់ ​សេវាប្រៃសណីយ៍អាចទៅដល់​។ ​ ​​«ផ្លូវជនបទល្អ៤យ៉ាង » ​ដែល​ផ្តួចផ្តើមដោយលោក Xi Jinping មេដឹកនាំកំពូលចិន​បាន​ផ្តល់ការគាំទ្រ​ដ៏រឹងមាំ​ចំពោះ​ការធ្វើទំនើបកម្មតាមបែបផែនចិន​៕​

លោក​ Xi Jinping ​លើកឡើងថា​ត្រូវបន្តជំរុញឱ្យ «ផ្លូវជនបទល្អ៤យ៉ាង»​ អភិវឌ្ឍ​ប្រកប​ដោយ​គុណភាព​ខ្ពស់​​​​