លោក Xi Jinping ឆ្លើយតបលិខិតរបស់តំណាងអ្នកស្ម័គ្រចិត្តវ័យចំណាស់នៃ "សកម្មភាពវ័យចំណាស់"

ប្រភព: CRI   |    2024-10-10 17:38:27

ក្នុងឱកាសដែលទិវាប្រពៃណីចិន Chongyang (ទិវាមនុស្សចាស់)ឈានចូលមកដល់   លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់តំណាងអ្នកស្ម័គ្រចិត្តវ័យចំណាស់នៃ "សកម្មភាពវ័យចំណាស់" ដើម្បីលើកទឹកចិត្តដល់ពួកគេ និងសម្តែងការសួរសុខទុក្ខដ៏ស្មោះចំពោះមនុស្សចាស់នៅទូទាំងប្រទេស។

លោក Xi Jinping បានលើកឡើងថា គណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការងារមនុស្សចាស់ជរា ផ្តោតលើបញ្ហាបន្ទាន់ ការលំបាក និងកង្វល់របស់មនុស្សចាស់ កែលម្អគោលនយោបាយ និងវិធានការ ដើម្បីបង្កបរិយាកាសសង្គមដ៏ល្អប្រសើរ និងធានាថា មនុស្សចាស់អាចមានជីវភាពល្អ អាចដើរតួនាទីបានល្អ និងអាចការពារសិទ្ធិនិងផលប្រយោជន៍របស់ពួកគេបានយ៉ាងល្អ។

សូមបញ្ជាក់ថា "សកម្មភាពវ័យចំណាស់" គឺជាសកម្មភាពសេវាកម្មស្ម័គ្រចិត្តមនុស្សចាស់របស់គណៈកម្មាធិការជាតិស្តីពីវ័យចំណាស់ដែលបង្កើតឡើងកាលពីឆ្នាំ២០០៣ ដើម្បីចាត់ចែងអ្នកជំនាញ និងសាស្រ្តាចារ្យវ័យចំណាស់ក្នុងគ្រប់វិស័យទៅបម្រើការងារនៅតំបន់មានការអភិវឌ្ឍទន់ខ្សោយ ។ រហូតមកដល់ពេលនេះ មានអ្នកស្ម័គ្រចិត្តវ័យចំណាស់ជាង ៧ លាននាក់បានចូលរួមក្នុង "សកម្មភាពវ័យចំណាស់" និងអនុវត្តគម្រោងជំនួយជាង  ៤ ពាន់នៅទូទាំងប្រទេស៕

លោក Xi Jinping ឆ្លើយតបលិខិតរបស់តំណាងអ្នកស្ម័គ្រចិត្តវ័យចំណាស់នៃ "សកម្មភាពវ័យចំណាស់"