លោក Zhang Guoqing តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមពិធីគោរពវិញ្ញណក្ខន្ធរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់
ថ្ងៃទី២២ខែឧសភា លោក Zhang Guoqing តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចូលរួមពិធីគោរពវិញ្ញណក្ខន្ធរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ដែលធ្វើឡើងនៅរដ្ឋធានីTehran ប្រទេសអ៊ីរ៉ង់ ព្រមទាំងជួបពិភាក្សាការងារជាមួយលោក Mokhber ប្រធានាធិបតីស្តីទីអ៊ីរ៉ង់។
លោក Zhang Guoqing បានថ្លែងថា សូមតាងនាមលោក Xi Jinping ប្រធានរដ្ឋចិនចូលរួមរំលែកទុក្ខយ៉ាងក្រៀក្រំបំផុតចំពោះមរណភាពរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ និងសូមសម្តែងការសួរសុខទុក្ខដោយស្មោះចំពោះរដ្ឋាភិបាលនិងប្រជាជនអ៊ីរ៉ង់ ព្រមនិងញាតិសន្តានរបស់លោកប្រធានាធិបតី Raisi ។ គ្រាដ៏លំបាកនេះ ប្រជាជនចិនឈរនៅជាមួយប្រជាជនអ៊ីរ៉ង់យ៉ាងម៉ឺងម៉ាត់ ជឿជាក់ថា អ៊ីរ៉ង់អាចឈ្នះការលំបាកជាបណ្តោះអាសន្ននេះ ហើយជំរុញបុព្វហេតុនានារបស់ប្រទេសជាតិឱ្យអភិវឌ្ឍជាបន្តបន្ទាប់។
ជាការឆ្លើយតប លោក Mokhbe បានថ្លែងថា ភាគីអ៊ីរ៉ង់នឹងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនជាប់រហូត រីករាយរួមជាមួយប្រទេសចិនដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីរ៉ង់ឡើងដល់កម្រិតខ្ពស់ថែមទៀត៕