រឿងរ៉ាវរបស់លោក Xi Jinping និងប្រទេសហុងគ្រី
តបតាមការអញ្ជើញរបស់លោក Sulyok ប្រធានាធិបតីនិងលោក Orban នាយករដ្ឋមន្ត្រីរបស់ប្រទេសហុងគ្រី លោក Xi Jinping ប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រីនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៤ ។ នេះជាដំណើរទស្សនកិច្ចម្តងទៀតរបស់លោក Xi Jinping នៅប្រទេសហុងគ្រីបន្ទាប់ពីរំលងអស់រយៈពេល ១៥ ឆ្នាំ។
នៅក្រុង Budapest រដ្ឋធានីនៃប្រទេសហុងគ្រី រូបថតរបស់លោក Xi Jinping និងគ្រូបង្រៀន និងសិស្សត្រូវបានព្យួរនៅលើជញ្ជាំងនៃបន្ទប់ទទួលភ្ញៀវនៃសាលាពីរភាសាហុងគ្រី-ចិន។
ក្នុងឆ្នាំ ២០០៩ ដែលជាខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងហុងគ្រី ពេលនោះ លោក Xi Jinping កាន់មុខតំណែងជាអនុប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី ក្នុងអំឡុងពេលនោះ លោកបានទៅទស្សនាកិច្ចស្វែងយល់នៅសាលារៀនពីរភាសាហុងគ្រី-ចិននេះ។
សាលាពីរភាសាហុងគ្រី-ចិនត្រូវបានបង្កើតឡើងក្នុងខែ កញ្ញា ឆ្នាំ២០០៤ ដែលជាសាលារដ្ឋរៀនពេញម៉ោងដំបូងគេនៅតំបន់អឺរ៉ុបកណ្តាលនិងខាងកើតដែលបង្រៀនជាភាសាចិននិងភាសាជាតិ ។ ដំបូងឡើយ សិស្សភាគច្រើននៅសាលានេះគឺមកពីគ្រួសារជនជាតិចិនដែលធ្វើការនិងរស់នៅប្រទេសហុងគ្រី ។ សព្វថ្ងៃនេះ សាលានេះបានពង្រីកដល់ថ្នាក់ទី ១២ និងមាន ២០ ថ្នាក់ដែលមានសិស្សជាង ៥០០ នាក់ ដែលភាគច្រើនជាសិស្សជានជាតិហុងគ្រី ។ ក្រោយពីបង្កើតឡើងអស់រយៈពេល ២០ ឆ្នាំមក សាលានេះបានបណ្ដុះបណ្ដាលអ្នកបន្តវេនទំនាក់ទំនងមិត្តភាពរវាងចិននិងហុងគ្រីជាច្រើន ហើយបានដើរតួនាទីពិសេសក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ។
នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២៣ តំណាងសិស្សនៃសាលាភាសាហុងគ្រី-ចិនបានសរសេរសំបុត្រផ្ញើជូនលោក Xi Jinping និងលោកស្រី Peng Liyuan ជាភរិយា ។ ពួកគេបានគោរពជូនពរឆ្នាំថ្មីតាមទំនៀមទម្លាប់ចិន ហើយបានជម្រាប់អំពីចំណាប់អារម្មណ៍របស់ពួកគេក្នុងការសិក្សាភាសាចិននៅក្នុងសាលារយៈពេល ១២ ឆ្នាំ ព្រមទាំងនិយាយថា ពួកគេចង់ទៅសិក្សានៅសកលវិទ្យាល័យនៅប្រទេសចិននិងរួមចំណែកដល់មិត្តភាពរវាងហុងគ្រីនិងចិន ។
មិនជាយូរប៉ុន្មាន ពួកគេបានទទួលលិខិតឆ្លើយតបពីលោក Xi Jinping ។ លោក Xi Jinping បានថ្លែងនៅក្នុងសំបុត្រថា សូមស្វាគមន៍អ្នកទាំងអស់គ្នាមកប្រទេសចិនដើម្បីសិក្សានៅសកលវិទ្យាល័យបន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ លោកក៏សង្ឃឹមថា យុវឃនជនជាតិហុងគ្រីកាន់តែច្រើននឹងចូលចិត្តភាសាចិន ចូលចិត្តរៀនភាសាចិន ហើយបើមានឱកាសមកដើរកម្សាន្តនិងស្វែងយល់បន្ថែមអំពីប្រវត្តិសាស្រ្តនិងវប្បធម៌របស់ប្រទេសចិននាពេលបច្ចុប្បន្ន ដើម្បីខិតខំធ្វើជាបេសកជននៃការបន្តវេននិងអភិវឌ្ឍមិត្តភាពរវាងចិន-ហុងគ្រី ។
រឿងរ៉ាវនេះ បានបង្ហាញពីការពិតនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក Xi Jinping ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងចិននិងហុងគ្រីនិងជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។
ទំនាក់ទំនងមិត្តភាពរវាងប្រជាជនចិននិងហុងគ្រីមានប្រវត្តិសាស្ត្រយូរអង្វែង ។ ហុងគ្រីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនថ្មីមុនគេ ។ នៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៤ នេះ លោក Xi Jinping បានចុះផ្សាយអត្ថបទនៅលើប្រព័ន្ធសារព័ត៌មានហុងគ្រី ដោយបានកោតសរសើរចំពោះមិត្តភាពប្រពៃណីរវាងចិននិងហុងគ្រីថា "ដូចជាស្រា Tokaj របស់ប្រទេសហុងគ្រី ដែលឈ្ងុយ ផ្អែម និងមានក្លិនប្រហើរយូរ" ។
នៅឆ្នាំ ២០១៩ លោក Orban នាយករដ្ឋមន្ត្រីហុងគ្រីបានថ្លែងនៅពេលជួបជាមួយលោក Xi Jinping នៅប្រទេសចិនថា កាលពី ១០ ឆ្នាំមុន ខ្ញុំក៏ដឹងអនាគតរបស់ហុងគ្រីគឺមានទំនាក់ទំនងច្រើនជាមួយប្រទេសចិន ។ ហុងគ្រីជឿជាក់យ៉ាងមុតមាំថា ប្រទេសចិននឹងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀតនៅក្នុងពិភពលោកបច្ចុប្បន្នដែលមានបម្រែបម្រួលដ៏ស្មុគស្មាញ ។
ហុងគ្រីគឺជាប្រទេសអឺរ៉ុបដំបូងគេដែលបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ "ខ្សែក្រវាត់ និងផ្លូវ" ជាមួយប្រទេសចិន។ លោក Orban ធ្លាប់បានប្រាប់លោក Xi Jinping ថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ" មិនមែនជាការគំរាមកំហែងទេ ប៉ុន្តែជាឱកាសមួយ ដូច្នេះ ហុងគ្រីគាំទ្រយ៉ាងមុតមាំនិងចូលរួមយ៉ាងសកម្ម ។
នៅខែតុលាឆ្នាំ ២០២៣ លោក Xi Jinping បានជួបជាមួយលោក Orban នៅមហាវិមានប្រជាជន - នេះគឺជាដំណើរទស្សនកិច្ចលើកទី ៣ របស់លោកនៅប្រទេសចិន ដើម្បីចូលរួមវេទិកាអន្តរជាតិសម្រាប់កិច្ចសហប្រតិបត្តិការ"ខ្សែក្រវាត់និងផ្លូវ"។ លោក Xi Jinping បានថ្លែងថា នេះបង្ហាញថាលោកគាំទ្រយ៉ាងមុតមាំដល់ការកសាង“ខ្សែក្រវាត់ និងផ្លូវ”។ លោក Orban បានឆ្លើយតបដោយទឹកមុខញញឹមថា "ខ្ញុំជឿជាក់យ៉ាងមុតមាំថាគំនិតផ្តួចផ្តើមនេះអាចផ្លាស់ប្តូរពិភពលោក ផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ហើយក៏នឹងនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជនកាន់តែច្រើន"។
ក្នុងយុគសម័យថ្មី ប្រទេសទាំងពីរបានផ្តោតសំខាន់លើការរួមគ្នាកសាងប្រកបដោយ"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរឱ្យបានស៊ីជម្រៅ ព្រមទាំងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដូចជា ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ ថាមពលស្អាតនិងបច្ចេកវិទ្យាទូរគមនាគមន៍ជាដើម ដើម្បីរួមគ្នាបញ្ចូលកម្លាំងចលករសម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។
សព្វថ្ងៃនេះ ហុងគ្រីគឺជាគោលដៅវិនិយោគទី ១ របស់ប្រទេសចិននិងជាដៃគូពាណិជ្ជកម្មដ៏សំខាន់នៅតំបន់អឺរ៉ុបកណ្តាលនិងខាងកើត ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កានិងពោរពេញដោយភាពរស់រវើក ។
នៅឆ្នាំ ២០២៤ នេះ ជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងហុងគ្រី លោក Xi Jinping បានទៅបំពេញទស្សនកិច្ចនៅហុងគ្រីម្តងទៀត ដើម្បីក្រោងផែនការគោលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន-ហុងគ្រីក្នុងយុគសម័យថ្មី ។ ដំណើរទស្សនកិច្ចដ៏សំខាន់លើកនេះប្រាកដជានឹងជំរុញទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់កម្រិតថ្មីមួយទៀតនិងបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិននិងហុងគ្រី ៕