លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារសាទរជូនចំពោះការបើកធ្វើកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកលើកទី៣៧
ថ្ងៃទី១៧ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសាទរជូនចំពោះការសម្ពោធបើកនៃកិច្ចប្រជុំកំពូលសហភាពអាហ្វ្រិកលើកទី៣៧។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងឋិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ "សកលខាងត្បូង"ដែលមានប្រទេសចិននិងអាហ្វ្រិកជាតំណាងទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ហើយបានជះឥទ្ធិពលយ៉ាងស៊ីជម្រៅចំពោះដំណើរប្រវត្តិសាស្រ្តពិភពលោក។ សហភាពអាហ្វ្រិកធ្វើឱ្យប្រទេសអាហ្វ្រិកសាមគ្គីគ្នានិងមានភាពខ្លាំងក្លា ដើម្បីខំប្រឹងជំរុញការធ្វើសមាហរណកម្មនិងកិច្ចកសាងតំបន់ពាណិជ្ជកម្មសេរី។ សហភាពអាហ្វ្រិកបានចូលក្នុង ប្រទេសG20 ដោយជោគជ័យ ធ្វើឱ្យភាពតំណាងនិងសិទ្ធិបញ្ចេញមតិរបស់អាហ្វ្រិកក្នុងអភិបាលកិច្ចសកលត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត។
លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងមួយឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិននិងអាហ្វ្រិកទទួលបានការអភិវឌ្ឍយ៉ាងស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំរវាងចិននិងអាហ្វ្រិកបានបើកធ្វើដោយជោគជ័យ ភាគីទាំងពីរសម្រេចចិត្តថា នឹងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក ក្នុងន័យស្វែងរកផ្លូវទំនើបកម្មរៀងខ្លួន រួមគ្នាបង្កើតបរិយាកាសដ៏ល្អប្រសើរដើម្បីសម្រេចបាននូវទស្សនទានអភិវឌ្ឍន៍។ នៅឆ្នាំ២០២៤ នឹងបើកធ្វើកិច្ចប្រជុំថ្មីនៃវេទិកាកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិក ខ្ញុំរីករាយរួមសហការជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាហ្វ្រិក គ្រោងយ៉ាងម៉ត់ចត់នូវផែនទីបង្ហាញផ្លូវថ្មីនៃកិច្ចសហប្រតិបតិ្តការរវាងចិននិងអាហ្វ្រិក ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់ចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់៕